ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការបញ្ជាទិញផលិតផលស្បែកជើង និងកាបូបអាចធ្លាក់ចុះប្រមាណ៤០%ក្នុងឆ្នាំ២០២៣នេះ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ប្រធាន​ក្រុមប្រឹក្សា​សមាគម​ផលិត​ស្បែកជើង​ និង​កាបូប​កម្ពុជា​បាន​បង្ហាញ​ពី​ការ​ប៉ាន់​ប្រមាណ​នៃ​ការ​បញ្ជា​ទិញ​ផលិតផល​ពី​ទីផ្សារ​ខាងក្រៅ​ប្រទេស​នៅ​ឆ្នាំ​២០២៣​នេះអាច​នឹង​មានការ​ធ្លាក់​ចុះ​រហូត​ដល់​៤០%​។ ដែល​ការ​ធ្លាក់​ចុះ​នេះ គឺ​ដោយសារ​កត្តា​ធំ​ៗ​មួយ​ចំនួន​ដែល​ធ្វើ​តម្រូវការ​ប្រើប្រាស់​នៅ​ខាងក្រៅ​ថមថយ​។ អ្នកឧកញ៉ា លី​ឃុន ថៃ ប្រធាន​ក្រុមប្រឹក្សា​សមាគម​ផលិត​ស្បែកជើង​កម្ពុជា​មាន​ប្រសាសន៍​ថា…

រាជធានី​ភ្នំពេញ​ ៖​ ប្រធាន​ក្រុមប្រឹក្សា​សមាគម​ផលិត​ស្បែកជើង​ និង​កាបូប​កម្ពុជា​បាន​បង្ហាញ​ពី​ការ​ប៉ាន់​ប្រមាណ​នៃ​ការ​បញ្ជា​ទិញ​ផលិតផល​ពី​ទីផ្សារ​ខាងក្រៅ​ប្រទេស​នៅ​ឆ្នាំ​២០២៣​នេះអាច​នឹង​មានការ​ធ្លាក់​ចុះ​រហូត​ដល់​៤០%​។ ដែល​ការ​ធ្លាក់​ចុះ​នេះ គឺ​ដោយសារ​កត្តា​ធំ​ៗ​មួយ​ចំនួន​ដែល​ធ្វើ​តម្រូវការ​ប្រើប្រាស់​នៅ​ខាងក្រៅ​ថមថយ​។

រូបតំណាង

អ្នកឧកញ៉ា លី​ឃុន ថៃ ប្រធាន​ក្រុមប្រឹក្សា​សមាគម​ផលិត​ស្បែកជើង​កម្ពុជា​មាន​ប្រសាសន៍​ថា « ការ​បញ្ជា​ទិញ​ពី​ទីផ្សារ​ខាងក្រៅ​នៅ​ឆ្នាំ​២០២៣​នេះ​មើលទៅ​ស្ថានភាព​នៃ​ការ​បញ្ជា​ទិញ​ស្បែកជើង និង​កាបូប​មានការ​ធ្លាក់​ចុះ ហើយ​ទំនោ​នៃ​ការ​ធ្លាក់​ចុះ​នេះ​មាន​តាំងពី​ចុងឆ្នាំ​២០២២​។​ការ​ធ្លាក់​ចុះ​បរិមាណ​នៃ​ការ​បញ្ជា​ទិញ​ផលិតផល​ស្បែកជើង​និង​កាបូប​នៅ​ឆ្នាំ​២០២៣​នេះ​យើង​មើលទៅ​មាន​ប្រហែល​៣០​ឬ​៤០%»​។

អ្នកឧកញ៉ា គូសបញ្ជាក់​ថា កត្តា​ដែល​នាំ​ឱ្យ​ការ​បញ្ជា​ទិញ​មានការ​ធ្លាក់​ចុះ​នេះ​ដោយសារ​បញ្ហា​ខាងក្រៅ​ដូច​ជា ​សង្គ្រាម​អ៊ុយ​ក្រែ​ និង​រុ​ស្ស៊ី បាន​ធ្វើ​ឱ្យ​ទំនិញ​នៅ​លើ​ពិភពលោក វត្ថុធាតុដើម​ឡើងថ្លៃ​។​បញ្ហា​ជំងឺ​កូ​វី​ដ​១៩​ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​នៅ​អឺរ៉ុប សហរដ្ឋអាមេរិក​ និង​នៅ​តាម​បណ្តា​ប្រទេស​ផ្សេង​ៗ​។​កាលណា​ប្រាក់​ចំណូល​ពួក​គាត់​ធ្លាក់​ចុះ​វា​ធ្វើ​ឱ្យ​ការ​លក់​នៅ​លើ​ទីផ្សារ​ធ្លាក់​ចុះ​តាម ហើយ​អ្នកបញ្ជា​ទិញ​ដែល​លក់ទំនិញ​មិន​ទាន់​អស់​ដល់​អីចឹង​ការ​បញ្ជា​ទិញ​ធ្លាក់​ចុះ​។

អ្នកឧកញ៉ា សង្កត់ធ្ងន់​ថា​«​ការ​បញ្ជា​ទិញ​ផលិតផល​ស្បែកជើង ​និង​កាបូប​ធ្លាក់​ចុះ​នេះ ខ្ញុំ​គិត​ថា​ និង​ធ្វើ​ឱ្យ​កម្មករ​កាត់​បន្ថយ​ប្រាក់​ចំណូល ហើយ​ការ​ថែម​ម៉ោង​ធ្វើការ​អត់​មាន​។​លើស​ពី​នេះ​នៅ​កន្លែង​ខ្លះ​អាច​ និង​មានការ​កាត់​បន្ថយ​បុគ្គលិក​ធ្វើការ​ដោយសារ​រោងចក្រ​មិន​ទាន់​បានការ​បញ្ជា​ទិញ ​ឬ​ការ​បញ្ជា​ទិញ​មាន​តិចតួច​»​។

លោក អាត់​ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​បានឱ្យ​ដឹង​ថា ​តាម​ពិត​ទៅ​ការ​កម្ម៉​ង់​ទិញ​ពី​ទីផ្សារ​អន្តរជាតិធំ​ៗ​នៅ​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​ជាដើម​នេះ ​គឺ​មាន​រយៈពេល​៣​ខែ​ ៦​ខែ ​១​ឆ្នាំ​ឬ​២​ឆ្នាំ ទៅ​តាម​រយៈពេល​កំណត់​ដែល​យើង​ធ្លាប់​សិក្សា ​ឬ​ពិភាក្សា​គ្នា​។លោក​លើក​ឡើង​ថា​ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ការ​ក​ម្ម៉​ង់​ទិញ​ពី​ទីផ្សារ​ក្រៅ​លែង​មាន​រយៈពេល​ដល់​២​ឆ្នាំ​ទៀត​ហើយ មាន​តែ​៣​ខែ៦​ខែ​និង​១​ឆ្នាំ​ប៉ុណ្ណោះ​។​ការ​កម្ម៉​ង់​ទិញ​ដែល​មាន​រយៈពេល​ខ្លី​វា​មិនមែន​មាន​ន័យ​ថា​ វា​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​អ្នក​ផ្គត់ផ្គង់​ទេ ​ឬ​អ្នកបញ្ជា​ទិញ​ខ្លួនឯង​នោះ​ទេ ដោយសារ​វា​គ្មាន​ជម្រើស​ដោយសារ​វា​មាន​ហានិភ័យ គេ​បារម្ភ​ខ្លាច​បញ្ជា​ទិញ​ហើយ​អ្នក​ផ្គត់ផ្គង់​គេ​ផលិត​បាន​ហើយ​បែរជា​អត់​យក​ក៏​ទទួលខុសត្រូវ​ដែរ​។

រូបតំណាង

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​មាន​ប្រសាសន៍​ថា​«​យើង​មើលឃើញ​នៅ​ក្នុង​ឆមាស​ទី​មួយ ​ដើមឆ្នាំ​២០២២​កន្លង​មក​គឺ​មានការ​ក​ម្ម៉​ង់​ទិញ​ឥ​វ៉ា​ន់​មាន​ច្រើន​មែនទែន​។ តែ​មក​ដល់​ចុងឆ្នាំ​២០២២​ការ​ក​ម្ម៉​ង់​ទំនិញ​មានការ​ធ្លាក់​ចុះ​ហើយ​មក​ដល់​ដើមឆ្នាំ​២០២៣​នេះ​ ការ​កម្ម៉​ង់​ក៏​មាន​មិន​ច្រើន​ដែរ បើ​យើង​ប្រៀបធៀប​ទៅ​ និង​ឆមាស​ទី​១​ ដើមឆ្នាំ​២០២២​អាច​មានការ​ថមថយ​ពី​១០​ទៅ​២០% ។​មាន​ន័យ​ថា ​ការ​កម្ម៉​ង់​ទំនិញ​នៅ​ឆ្នាំ​២០២៣​នេះ​ អាច​មាន​ភាព​ប្រហាក់ប្រហែល​ទៅ​ និង​ការ​ក​ម្ម៉​ង់​កាល​ឆមាស​ទី​ពីរ​ឆ្នាំ​២០២២»​។តាម​រយៈពេល​យើង​បាន​សិក្សា​ ឬ​បាន​ជួប​ក្រុម​អ្នកបញ្ជា​ទិញ​ខ្លះ​ៗ​មិន​ថា ​ផលិតផល​សម្លៀក​បំពាក់​នោះ​ទេ អាច​សូ​ម្បី​តែ​ផលិតផល​កាបូប ​និង​ស្បែកជើង​អាច​មានការ​ថមថយ​ប្រហាក់ប្រហែល​គ្នា​»​។

លោក​បន្ត​ថា ជា​ការ​ពិត​នៅ​ពេល​ការ​កម្ម៉​ង់​ទំនិញ​ពី​ទីផ្សារ​ខាងក្រៅ​ មានការ​ធ្លាក់​ចុះ​ប្រាកដ​ណាស់ ​អ្នក​ផលិត ​និង​ជួប​ការ​លំបាក​ព្រោះ​អត់​មាន​អ្វី​ផលិត​ហើយ​កម្មករ​ក៏​អត់​មានការ​ងារ​ធ្វើ​ដែរ​។​ដូចនេះ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ត្រូវធ្វើ​យ៉ាងម៉េច​ឱ្យ​មានការ​កម្ម៉​ង់​ទំនិញ​មាន​ច្រើន​ជាង​មុន បើ​មិន​ដូច្នោះ​ទេ​នឹង​មានការ​ព្យួរការងារ​នោះ​និង​ធ្វើ​ឱ្យ​កម្មករ​ជួប​ការ​លំបាក​។

បើ​តាម​លោក​អាត់​ធន់ ការ​បញ្ជា​ទិញ​ឬ​ការ​កម្ម៉​ង់​ពី​ទីផ្សារ​ខាងក្រៅ ​មាន​ធ្លាក់​ចុះ​ដោយសារ​កត្តា​GSP​នៅ​អា​មេ​រិ​ក​មិន​ទាន់​ផ្តល់​ឱ្យ​តាំងពី​ដើមឆ្នាំ​២០២០ ហើយ​ក្រុមហ៊ុន​ដែល​បញ្ជា​ទិញ​ត្រូវ​បង់ពន្ធ​ដោយ​ខ្លួនឯង​។ ហេតុ​ដូច្នេះ​គាត់​រំពឹង​ថា​ និង​បាន​ចំណែក​នៃ​ការ​បញ្ជា​ទិញ​ពី​សហរដ្ឋអាមេរិក​មក​វិញ​តាម​ការ​បង់ពន្ធ​។​តែបើ​មានការ​ចុះ​កិច្ចព្រមព្រៀង​ថ្មី​នោះ​ទេ​ ខាង​ក្រុមហ៊ុន​ត្រូវ​បង់​រហូត​ធ្វើ​ឱ្យ​គាត់​ខាត​។​កត្តា​EBA​នៅ​ខាង​អឺរ៉ុប​ភាព​អនុគ្រោះ​២០%​ត្រូវ​បាន​កាត់​ផ្តាច់​ហើយ​ប៉ុន្មាន​%​ផ្សេង​ទៀត​អាច​និង​មាន​បញ្ហា​ដែរ​,​បញ្ហា​សង្គ្រាម​រវាង​រុ​ស្ស៊ី​និង​អ៊ុយ​។​លើស​ពី​នេះ​គួប​ផ្សំ​ជាមួយ​កម្ពុជា​រៀបចំ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ផង​នោះ ធ្វើ​ឱ្យ​អ្នកបញ្ជា​ទិញ​មានការ​ប្រយ័ត្នប្រយែង បើ​ទោះបី​នៅ​ពេល​ធម្មតា​មានការ​បញ្ជា​ទិញ​ច្រើន​គេ​អាច​មានការ​កាត់​បន្ថយ​ឬ​បញ្ជា​ទិញ​ក្នុង​រយៈពេល​ខ្លី​។

លោក​បណ្ឌិត ​គី​សេរី​វឌ្ឍន៍ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​មើលឃើញ​ថា​«​ក្នុង​វិស័យ​កាត់ដេរ​ក្នុង​ករណី​ទីផ្សារ​នៅ​ខាង​អឺរ៉ុប​មិន​មានការ​បញ្ជា​ទិញ​ទំនិញ​ដូច​មុន​ឬ​ការ​បញ្ជា​ទិញ​មានការ​ថមថយ​នោះ យើង​ឃើញ​ថា​មានការ​បញ្ជា​ទិញ​នៅ​ខាង​ទីផ្សារ​សហរដ្ឋអាមេរិក​។​ជា​ចក្ខុវិស័យ​យើង​មើល​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ​សម្លៀក​បំពាក់​ និង​ស្បែកជើង​នេះ​មិន​មានការ​ថមថយ​នៅ​កំ​ម្លាំ​ង​ផលិត​នោះ​ទេ ​គឺ​នៅ​មាន​សន្ទុះ​ទៅ​មុខជា​សន្សឹម​ៗ​ខណៈ​វិបត្តិ​នៅ​អឺរ៉ុប​នៅ​តែ​បន្ត​កើត​មាន​ដោយសារ​តែ​ទីផ្សារ​គាំទ្រ​របស់​កម្ពុជា​មួយទៀត​គឺ​ទីផ្សារ​សហរដ្ឋអាមេរិក​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ