ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា នៅព្រឹក
ថ្ងៃទី២៥ ធ្នូ ឆ្នាំ២០២២ ផ្ទះចំនួន៣ខ្នងស្ថិតនៅក្នុងស្រុកចំនួនពីរ ត្រូវបានភ្លើងឆាបឆេះក្នុងពេលដំណាលៗគ្នា ធ្វើឱ្យខូចខាតផ្ទះនិងសម្ភាអស់មួយចំនួនធំ ដែលហេតុការណ៍កើតឡើងនៅវេលាម៉ោងប្រមាណ១និង២០នាទីរំលងអធ្រាត ថ្ងៃទី២៥ ធ្នូ ឆ្នាំ២០២២ ស្ថិតនៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពងស្ពឺ ។
សេចក្តីរាយការណ៍ថា ផ្ទះរបស់ឈ្មោះ ណុក ចន្ថា ភេទប្រុស អាយុ៤២ឆ្នាំ មានប្រពន្ធឈ្មោះ ឃួន ស្រីនាថ អាយុ៣០ឆ្នាំ ដែលធ្វើពីឈើលើបេតុងក្រោម ប្រក់ស៊ីប្រូស៊ីម៉ង់ និងតយ៉ាកប្រក់ស័ង្កសី ទំហំ៨ម៉ែត្រ×១៤ម៉ែត្រឆេះអស់ទាំងស្រុងក្នុងនោះម៉ូតូ២គ្រឿងម៉ាកHondaClick១គ្រឿង និងHonda cubសេ90 ១គ្រឿង ទូឈើសំរាប់ដាក់ខោអាវចំនួន២ លុយខ្មែរ៤លានរៀល គ្រែដេកចំនួន៤និងសម្ភារផ្ទះបាយមួយចំនួនក៏រងការឆេះអស់រលីងដែរ។
ចំណែកផ្ទះទី២ ដែលសង់ឡើងពីឈើប្រក់សង្ក័សី ទំហំ៥ម៉ែត្រ×១២ម៉ែត្រស្ថិតនៅក្បែរគ្នាក៏ត្រូវឆេះអស់ទាំងស្រុងដែរ ដោយក្នុងនោះឆេះទាំងទូឈើចំនួន២ គ្រែដេកចំនួន២ និងលុយខ្មែរ២០ម៉ឺនរៀលផងដែរ ។ ហេតុការណ៍នៃការឆេះផ្ទះទាំងពីរខាងលើ ម្ចាស់ផ្ទះបានអះអាងប្រាប់សមត្ថកិច្ចថា ផ្តើមឡើងពីភ្លើងទៀនដែលអុជបំភ្លឺផ្ទះ ខណៈយប់កើតហេតុមានការដាច់ចរន្តអគ្គិសនី ហើយក៏ដេកលក់ទៅ ភ្លើងទៀនក៏រាលឆេះពូកបង្កជាអគ្គិសភ័យតែម្តង។
ហើយភ្លាមៗនោះដែរ រថយន្តពន្លត់អគ្គិភ័យចំនួន០៧គ្រឿងដែលមានរថយន្តស្នងការដ្ឋានចំនួន០២គ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចចំនួន០១គ្រឿង ក្រុងច្បាមនចំនួន០១គ្រឿង អាវុធហត្ថខេត្ត០១គ្រឿង រថយន្តកោះឆ្នេរ០១គ្រឿង រថយន្តសាលាកម្ពុជា.វៀតណាម០១គ្រឿង បានចេញមកជួយអន្តរាគមន៍ផងដែរ ប៉ុន្តែរថយន្តសង្គ្រោះមិនអាចចូលដើ ម្បីបាញ់ពន្លត់បានដោយស្ថានភាពភាពផ្លូវកន្លែងកើតហេតុកំពុងចាក់បេតុង និងចាក់លូគាបផ្លូវធ្វើឱ្យផ្លូវតូចចង្អៀតរថយន្តចូលអត់រួច។
ចំពោះករណីអគ្គិភ័យមួយទៀត ដែលកើតឡើងក្នុងពេលតែមួយគឺវេលាម៉ោង១និង៣០នាទីរំលងអធ្រាត នៅចំណុចភូមិត្រពាំងទន្លាប់ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បណ្តាលឱ្យផ្ទះមួយខ្នងដែលសង់ឡើងធ្វើពីឈើប្រក់ក្បឿង មានទំហំទទឹង៥ម៉ែត្រ×បណ្តោយ០៧ម៉ែត្រ របស់ឈ្មោះ សយ រ៉ា ភេទស្រី អាយុ៤៩ឆ្នាំ ត្រូវឆេះអស់ទាំងស្រុង ដែលមូលហេតុផ្តើមឡើងពីការផ្ទុះសេខ្សែភ្លើង។ ហេតុការណ៍នេះបានបណ្តាលយុវជនម្នាក់ឈ្មោះ ឡេង ណារ៉ាត់ អាយុ២៣ឆ្នាំ(ជនវិកលចរិត) ត្រូវជាកូនម្ចាស់ផ្ទះបានស្លាប់ក្នុងភ្នក់ភ្លើង។
អាជ្ញាធរមូលដ្ឋានស្រុក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលអំពិល សហការជាមួយ កម្លាំងរដ្ឋបាលឃុំទួលអំពិល និងលោកមេភូមិត្រពាំងទន្លាប់ បានចុះដល់កន្លែងកើតហេតុ និងព្យាយាមជួយអន្តរាគមន៍រំដោះជនរងគ្រោះចេញពីភ្នក់ភ្លើង តែមិនអាចជួយសង្គ្រោះបានទាន់ពេលវេលា ខណៈទទួលព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋមកយឺតពេល ។
ចែករំលែកព័តមាននេះ