ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ក្រុង​ឡាអេ​បង្គាប់​ឱ្យ​អ៊ី​ស្រា​អែល​ឈប់​វា.យ​ប្រហារ​ទី​ក្រុង​រ៉ាហ្វា

3 អាទិត្យ មុន

ទី​ក្រុង​ឡាអេ៖ ​កាល​ពី​យប់​មិញ តុលាការ​​យុត្តិ​ធម៌​​អន្តរ​ជាតិ​ ឬ​អាយ​ស៊ី​ជេ (ICJ)​ ​ចេញ​សេចក្ដី​សម្រេច​​១​បង្គាប់​ឱ្យ​អ៊ីស្រា​​អែល​ឈប់​វាយ​ប្រហារ​ទី​ក្រុង​រ៉ាហ្វា​​ជា​បន្ទាន់ និង​ដោយ​​ឥត​លក្ខ​ខណ្ឌ​។ ថ្វី​ដ្បិត​​​​អាយ​ស៊ីជេ​​គ្មាន​អំណាច​ចាប់​បង្ខំ​នរណា​ម្នាក់​ ឬ​រដ្ឋ​ណា​១​​ឱ្យ​​អនុវត្ត​តាម​សេចក្ដី​សម្រេច​របស់​ខ្លួន​ ប៉ុន្តែអាច​ធ្វើ​ឱ្យ​​​​អ៊ីស្រាអែល​​​រស់​នៅ​ឯកោ​កាន់​តែ​ខ្លាំង​។…

ទី​ក្រុង​ឡាអេ៖ ​កាល​ពី​យប់​មិញ តុលាការ​​យុត្តិ​ធម៌​​អន្តរ​ជាតិ​ ឬ​អាយ​ស៊ី​ជេ (ICJ)​ ​ចេញ​សេចក្ដី​សម្រេច​​១​បង្គាប់​ឱ្យ​អ៊ីស្រា​​អែល​ឈប់​វាយ​ប្រហារ​ទី​ក្រុង​រ៉ាហ្វា​​ជា​បន្ទាន់ និង​ដោយ​​ឥត​លក្ខ​ខណ្ឌ​។ ថ្វី​ដ្បិត​​​​អាយ​ស៊ីជេ​​គ្មាន​អំណាច​ចាប់​បង្ខំ​នរណា​ម្នាក់​ ឬ​រដ្ឋ​ណា​១​​ឱ្យ​​អនុវត្ត​តាម​សេចក្ដី​សម្រេច​របស់​ខ្លួន​ ប៉ុន្តែអាច​ធ្វើ​ឱ្យ​​​​អ៊ីស្រាអែល​​​រស់​នៅ​ឯកោ​កាន់​តែ​ខ្លាំង​។ ​ប្រធាន​អាយ​ស៊ីជេ​ លោក​ណាវ៉ាស់​ សាឡាំ (Nawaf Salam) ថ្លែង​ថា​​បន្ទាប់​ពី​​តុលាការ​​បង្គាប់​ឱ្យ​អ៊ីស្រាអែល​​កែសម្រួល​សភាព​ការណ៍​នៅ​ទី​ក្រុង​រ៉ាហ្វា អ្វី​ៗ​រឹត​តែ​អាក្រក់​ជាង​មុន​ទៅ​ទៀត។

ដូច្នេះ តុលាការ​បង្គាប់​ជា​ថ្មី​ម្ដង​ទៀត​ឱ្យ​អ៊ីស្រាអែល​បញ្ឈប់​សកម្ម​ភាព​​យោធា​ និង​សកម្ម​ភាព​​ដទៃ​ទៀត​នៅ​ទី​ក្រុង​រ៉ាហ្វា​។ អ៊ីស្រាអែល​មិន​ដែល​បាន​ពន្យល់​ថា​ខ្លួន​​​ការ​ពារ​សុវត្ថិ​ភាព​ជូន​ជន​ស៊ីវិល​បែប​ណា​ទេ​នៅ​ពេល​ជម្លៀស​ពួក​គេ​ចេញ​ពី​រ៉ាហ្វា​។ អាយ​ស៊ី​ជេ​បង្គាប់​ឱ្យ​អ៊ីស្រាអែល​បើក​ច្រក​​រ៉ាហ្វា​ស្ថិត​នៅ​ចន្លោះ​ព្រំ​ដែន​អេហ្ស៊ីប និង​តំបន់​ហ្កាហ្សា​ដើម្បី​ជួយ​សម្រួល​ការ​ដឹក​​ស្បៀង​អាហារ​​​។ អ៊ីស្រាអែល​ត្រូវអនុញ្ញាត​​​ឱ្យ​​អ្នក​ស៊ើប​អង្កេត​ចុះ​​​ទៅ​​ទី​នោះ​ ហើយ​ត្រូវ​រាយ​ការណ៍​​នៅ​ក្នុង​រង្វង់​១​ខែ​​ទៀត។

​នៅ​ក្នុង​​ចំណោម​ចៅ​ក្រម​​ទាំង​១៥​រូបនោះ​​, ១៣​រូប​លើក​ដៃ​គាំទ្រ​សេចក្ដី​សម្រេច​​​។ ​២​រូបបោះ​ឆ្នោត​​ជំទាស់។ ​​ម្នាក់​​ជា​ជន​ជាតិ​​អ៊ូហ្កង់ដា និង​ម្នាក់​ទៀត​ជា​ជន​ជាតិ​អ៊ីស្រាអែល​។ ប្រតិ​កម្ម​ចាប់​ផ្ដើម​កើត​មាន​ជា​បណ្ដើរ​ៗ​ក្រោយ​សេច​ក្ដី​សម្រេច​នេះ​។ អាហ្វ្រិក​ខាង​ត្បូង​​ប្រកាស​គាំទ្រ​សេចក្ដី​សម្រេច​នេះ​យ៉ាង​កង​រំពង​ដោយ​ចាត់​ទុក​ថា​នេះ​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​សំខាន់​១​​។ សេតវិមាន​ថ្លែ​ង​ថា​យើ​ងប្រកាន់​គោល​ជំហរ​ច្បាស់​លាស់​ហើយ​ ហើយ​ក៏​ស្រប​ទៅ​នឹង​សភាពការណ៍​ជាក់​ស្ដែង​នៅ​ទី​ក្រុង​រ៉ាហ្វា​ផង​ដែរ​។

ក្រុម​ប៉ាឡេស្ទីន​យល់​ថា​សង្គ្រាម​​​ត្រូវ​តែ​បញ្ចប់​ឱ្យ​ជ្រះ​ស្រឡះ​​។ គ្រាន់​តែ​ថា​អ្នក​នាំ​ពាក្យ​ប៉ាឡេស្ទីន​យល់​ថា​សេចក្ដី​សម្រេច​នេះ​មិន​ទាន់​គ្រប់​គ្រាន់​ដើម្បី​បង្គាប់​ឱ្យ​បិទ​បញ្ចប់​សង្គ្រាម​នៅ​ទូទាំង​តំបន់​ហ្កាហ្សា​។ មន្ត្រី​ជាន់​ខ្ពស់​ក្រុម​ហាម៉ាស់​​ថ្លែង​ថា​ខ្លួន​សូម​អំពាវ​នាវ​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​ដើម្បី​អនុវត្ត​តាម​សេចក្ដី​សម្រេច​នេះ​ឱ្យ​ចេញ​ជា​រូប​រាង​ពិត​ប្រាកដ​។

​ក្រុម​ស្ដាំ​និយម​ជ្រុល​ថ្លែង​ថា​អ្នក​ដែល​ទាម​ទារ​ឱ្យ​អ៊ីស្រាអែល​បញ្ចប់​សង្គ្រាម​នេះ​មាន​ន័យ​ថា​ពួក​គេ​ចង់​ឱ្យ​អ៊ីស្រាអែល​រលត់​រលាយ​ពី​លើ​ផែន​​ដី​នេះ​។ ដូច្នេះ អ៊ី​ស្រាអែល​មិន​អាចអនុ​វត្ត​តាម​ទេ​។ ប្រធាន​គណ​បក្ស​ប្រឆាំង​នៅ​អ៊ីស្រាអែល​ចាត់​ទុកថា​សេចក្ដី​បង្គាប់​របស់​អាយ​ស៊ី​ជេ​​ជា​ការ​បរា​មុខ​ដ៏​អាម៉ាស់​ព្រោះ​តុលាការ​បាន​ត្រឹម​តែ​បង្គាប់​ឱ្យ​អ៊ីស្រាអែល​ឈប់​វាយ​ប្រហារ​។ ត្រង់​ហាម៉ាស់​ចាប់​មនុស្ស​យកទៅ​បង្ខាំង​ទុក​ជា​ចំណាប់​ខ្មាំង​ តុលាការ​បែរ​ជា​​មិន​ចេញ​សេច​ក្ដី​បង្គាប់​អ្វី​ទាល់​តែ​សោះ​។

​សូម​ជម្រាប​ថា​អាយ​ស៊ីជេ​ចេញ​សេចក្ដី​សម្រេច​​​តប​តា​ម​​ពាក្យ​បណ្ដឹង​​របស់​អាហ្វ្រិក​ខាង​ត្បូង​កាល​ពី​១​អាទិត្យ​មុន​ដែល​ចោទ​ប្រកាន់​ថា​អ៊ីស្រាអែល​រំលោភ​បំពាន​អនុ​សញ្ញា​អន្តរ​ជាតិ​ស្ដី​ពី​ការ​ទប់​ស្កាត់​អំពើ​ប្រល័យ​ពូជ​សាសន៍​។ ចំពោះ​សំណួរ​ថា​តើ​អ៊ីស្រាអែល​យល់​ព្រម​អនុវត្ត​តាម​​សេចក្ដី​សម្រេច​នេះ​​ឬ​យ៉ាង​ណា? អ្នក​នាំ​ពាក្យ​អ៊ីស្រាអែល​​និយាយ​តាំង​ពី​មុន​នេះ​ថា​នៅ​​ក្នុង​លោក​​នេះ ​គ្មាន​នរណាអាច​​​ហាម​ឃាត់​​​អ៊ីស្រាអែល​មិន​ឱ្យ​​ការ​ពារ​ប្រជា​ជន​របស់​ខ្លួន និង​តាម​កម្ចាត់​ក្រុ​មហាម៉ាស់​នោះ​ឡើយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ