ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុត​បំផ្លាញ​គ្រឿងញៀន​ចំនួន ៦២,៦២៩.១៤​ក្រាម នៅ​ខេត្តស្វាយរៀង

1 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ រដ្ឋបាល​ខេត្តស្វាយរៀង បាន​ដុត​បំផ្លាញ​គ្រឿងញៀន និង​សារធាតុ​គីមី​ផ្សំ តាម​អំណាច​សាលក្រម​តុលាការ ដែល​កម្លាំង​សមត្ថកិច្ច​បង្ក្រាប និង​រឹប​អុស​បាន​មាន​ទម្ងន់​សរុប ៦២,៦២៩.១៤​ក្រាម ក្នុង​នោះ​សារធាតុ​ញៀន​ចំនួន…

ខេត្តស្វាយរៀង ៖ រដ្ឋបាល​ខេត្តស្វាយរៀង បាន​ដុត​បំផ្លាញ​គ្រឿងញៀន និង​សារធាតុ​គីមី​ផ្សំ តាម​អំណាច​សាលក្រម​តុលាការ ដែល​កម្លាំង​សមត្ថកិច្ច​បង្ក្រាប និង​រឹប​អុស​បាន​មាន​ទម្ងន់​សរុប ៦២,៦២៩.១៤​ក្រាម ក្នុង​នោះ​សារធាតុ​ញៀន​ចំនួន ៣៧,១៥៤.៦៦៨​ក្រាម ដើម្បី អបអរសាទរ​ទិវា​អន្តរជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ២៦ មិថុនា ២០២៤ ក្រោម​ប្រធានបទ «​រួម​គ្នា​វិនិយោគ​លើ​ការ​ទប់ស្កាត់ និង​លើកកម្ពស់​ដើម្បី​សហគមន៍​គ្មាន​គ្រឿងញៀន​» ដោយ​មានការ​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី លោក ប៉េង ពោធិ​សា អភិបាល​ខេត្តស្វាយរៀង លោក ម៉ែ​ន​វិបុល ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោកស្រី​ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការ​រង អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​គណៈប្រតិភូ មន្ត្រី​រាជ្យ​ការ​កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ជា​ច្រើន​កុះករ ។

ពិធី​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៨​និង​០០​នាទី​ព្រឹក​ដល់​ម៉ោង​១១​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ទីលាន​ខាងកើត​បន្ទាយ​កងរាជអាវុធហត្ថ​ខេត្ត ស្ថិត​នៅ​ភូមិ​ថ្មី សង្កាត់​សង្ឃ​រ័​ក្រុង​ស្វាយ​រៀង ។

លោក​បណ្ឌិត តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត និង​ប្រធាន​លេខាធិការដ្ឋាន​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត បាន​រាយការណ៍​ជូន​អង្គពិធី ថា​ការ​អនុវត្ត​ច្បាប់​របស់​ក​ម្លាំ​សមត្ថកិច្ច ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មកនេះ លេខាធិការដ្ឋាន​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត បាន​ចុះ​ប្រតិបត្តិការ​អនុវត្ត​ដិ​កា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ប​ង្រា​ប​បទល្មើស​ប្រើប្រាស់ រក្សា​ទុក និង​ជួញដូរ​គ្រឿងញៀន ដោយ​ខុសច្បាប់​សរុប ១៧៦​លើក (​ក្នុង​នោះ​ករណី​ប្រើប្រាស់​គ្រឿងញៀន​០៥​លើក​ករណី​ជួញដូរ​គ្រឿងញៀន​១៣៨​លើក អនុវត្ត​ដិ​កា​ចាប់ខ្លួន​៣៣​ដីការ​) ឃាត់ខ្លួន​ជនសង្ស័យ ៤៣៨​នាក់ ស្រី​៧៦​នាក់ (​ជនជាតិ​វៀតណាម​២៤០​នាក់ ស្រី​៥៦​នាក់​, ជនជាតិ​ចិន​១០​នាក់ ជនជាតិ​តៃវ៉ាន់​០៥​នាក់ ជនជាតិ​ថៃ​០១​នាក់ ជនជាតិ​ខ្មែរ​១៤១​នាក់​ស្រី​១៨​នាក់​) បាន​ដកហូត​ថ្នាំ​ញៀន និង​សារធាតុ​គីមី​ផ្សំ​សរុប ៦២,៦២៩.១៤​ក្រាម ក្នុង​នោះ​សារធាតុ​ញៀន​ចំនួន ៣៧,១៥៤.៦៦៨​ក្រាម ដែល​ត្រូវ​វិច​ខ្ចប់​ដុត​បំផ្លាញ នា​ពេល​នេះ ។

មាន​ប្រសាសន៍​ទៅ​កាន់​ពិធី​នេះ លោក ប៉េង ពោធិ​សា ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត បាន​ដាក់​ចេញ​នូវ​គោលដៅ​មួយ​ចំនួន​ក្នុង​ការ​លើកកម្ពស់​ប្រសិទ្ធភាព ការងារ​បង្ការ ទប់ស្កាត់ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ក្នុង​ខេត្តស្វាយរៀង ដែល​មាន​ចំណុច​សំខាន់​ៗ​ដូច​ខាងក្រោម ៖

១.​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត នូវ​សារលិខិត​របស់​សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ក៏​ដូច​ជា​ខ្លឹមសារ​ប្រធានបទ​នៅ​ក្នុងឆ្នាំនេះ ឲ្យ​ចេញ​ជា​សកម្មភាព​ពិត និង​លទ្ធផល​ជាក់ស្ដែង​នៅ​ក្នុង​មូលដ្ឋាន តាម​រយៈ​ការ​លើកកម្ពស់​សកម្មភាព​ផ្សព្វផ្សាយ​អប់រំ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ សកម្ម និង​ផុលផុស​ថែម​ទៀត ។

២.​ត្រូវ​បន្ត​ផ្ដោត​ការ​យកចិត្តទុកដាក់ ចាត់តាំង​អនុវត្ត​ឲ្យ​បាន​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​នូវ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ លើក​ទី​៩ គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព គោលនយោបាយ​ភូមិ ឃុំ សង្កាត់ “​ស​” គ្មាន​គ្រឿងញៀន ជា​ពិសេស​ការ​ចាត់តាំង​អនុវត្ត​គោលការណ៍ “​សម្អាតផ្ទះ​យើង​” និង “​សម្អាត​ចក​ចេញពី​ផ្ទៃ​បឹង​” ស្រប​តាម​បទបញ្ជា​លេខ​០១ បប របស់​រាជរដ្ឋាភិបាល ឲ្យ​បាន​ម៉ឺងម៉ាត់ និង​ដាច់ខាត​បំផុត ។

៣.​កម្លាំង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ត្រូវ​បង្កើន ពង្រឹង និង​យកចិត្តទុកដាក់​ជំរុញ​ការ​អនុវត្ត​វិធានការ​រដ្ឋបាល និង​ការ​អនុវត្ត​វិធានការ​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ ចំពោះ​គោលដៅ​ដែល​ងាយ ឬ​កើត​មាន​បទល្មើស​គ្រឿងញៀន ជា​ពិសេស​នៅ​តាម​កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះ​ជួល ក្លឹ​បរា​ត្រី ខារ៉ាអូខេ និង​តំបន់​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ ។

៤.​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងអស់ ត្រូវ​បំផុស​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​កាន់តែ​សកម្ម​ថែម​ទៀត ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ពី​ក្រុម​ឧក្រិដ្ឋជន ដែល​មាន​បំណង​ប៉ុនប៉ង​លួចលាក់​ផលិត កែ​ច្នៃ និង​ចរាចរ​គ្រឿងញៀន​ក្នុង​ខេត្ត ។

៥.​មេបញ្ជាការ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​អប់រំ​ណែនាំ និង​ពង្រឹង​ការ​គ្រប់គ្រង​កម្លាំង​ក្រោម​ឱវាទ​របស់​ខ្លួន​ឲ្យ​បាន​តឹងរ៉ឹង​បំផុត ចៀសវាង​កុំ​ឲ្យ​ពាក់ព័ន្ធ​ក្នុង​ករណី​បទល្មើស​គ្រឿងញៀន និង​ជាមួយ​ឧក្រិដ្ឋជន​គ្រឿងញៀន ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី “៣​កុំ ១​រាយការណ៍​” គឺ​កុំ​ពាក់ព័ន្ធ កុំ​អន្តរាគមន៍ កុំ​បន្ធូរបន្ថយ និង​ត្រូវ​រាយការណ៍ ។

៦.​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ជា​ពិសេស​នៅ​តំបន់​ព្រំដែន ត្រូវ​ពង្រឹង​យន្តការ​ត្រួតពិនិត្យ​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​នានា​ក្នុង​ខេត្ត ឲ្យ​បាន​តឹងរ៉ឹង​បំផុត ទប់ស្កាត់​ឲ្យ​បានការ​នាំ​ចូល​នូវ​សារ​ធាតុគីមី​ផ្សំ​គ្រឿងញៀន​គ្រប់​ប្រភេទ ។

៧.​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង និង​ក្ដាប់​ឲ្យ​បាន​ច្បាស់លាស់​នូវ​មុខសញ្ញា​លក់ និង​ចែកចាយ​គ្រឿងញៀន ជា​ពិសេស​អ្នក​ចំណូលស្រុក​មក​ស្នាក់​នៅ​បណ្ដោះអាសន្ន ប្រកប​មុខរបរ​ផ្សេង​ៗ នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន និង​ត្រូវ​បង្ក្រាប​ឲ្យ​បាន​ទាន់​ពេលវេលា​ពេល​មាន​បទល្មើស​កើតឡើង ។

៨.​ត្រូវ​បន្ត​ពង្រឹងសមត្ថភាព គុណភាព និង​ប្រសិទ្ធភាព នៃ​យន្តការ​បន្សាប​គ្រឿងញៀន​នៅ​តាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​ដែល​មាន​ស្រាប់​នៅ​ក្នុង​ខេត្ត​ឲ្យ​មានដំណើរ​ការ​ល្អ និង​កាន់តែ​មាន​ប្រសិទ្ធភាព ធ្វើ​យ៉ាងណា​ឲ្យ​ជន​រង​គ្រោះ​ដោយសារ​សារធាតុ​ញៀន ទទួល​បាន​សេវា​បន្សាប​គ្រឿងញៀន និង​ស្ដារ​នីតិសម្បទា​ឡើង​វិញ ។

៩.​អាណាព្យាបាល មាតាបិតា​សិស្ស​ទាំងអស់ សូម​បង្កើន​ការ​ពិនិត្យ និង​តាមដាន​ចំពោះ​ការ​សិក្សា​របស់​កូន​ៗ​ឲ្យ​បាន​ទៀងទាត់ និង​សហការ​ឲ្យ​បាន​ជិត​ស្និទ្ធ​ជាមួយ​លោកគ្រូ អ្នកគ្រូ​ទទួល​បន្ទុក​ថ្នាក់រៀន​នីមួយ​ៗ ដើម្បី​ជា​យន្តការ​មួយ​ដាស់តឿន ក្រើនរំលឹក​ដល់​កូន​ៗ​របស់​ខ្លួន ឲ្យ​ពួក​គេ​គេច​ផុត​ពី​ការ​ប្រឈម​មុខ​ខ្លាំង​ដោយ​បញ្ហា​គ្រឿងញៀន ។

លោក​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត រួម​ទាំង​គណៈ​អធិប​បាន​ធ្វើការ​ពិនិត្យ និង​ដុត​បំផ្លាញ​វត្ថុ​តាង​គ្រឿងញៀន​នៅ​ទីតាំង ដែល​រៀបចំ​ជិត​ពិធី​ខាងលើ​យ៉ាង​អ​ធឹ​ក​អ​ធ​ម័ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com