រាជធានីភ្នំពេញ៖អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ជាចំណុចចាប់ផ្តើមមួយសម្រាប់អ្នកសិក្សាគ្រប់រូប និងមិនមែនជាការបញ្ចប់នៃការសិក្សានោះទេ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ប្រាប់កោះសន្តិភាព នៅថ្ងៃទី២៣ ធ្នូ យ៉ាងដូច្នេះថា៖«លទ្ធផលបាក់ឌុប ជាចំណុចចាប់ផ្ដើមថ្មីមួយសម្រាប់អ្នកសិក្សាគ្រប់រូប ហើយ លទ្ធផលបាក់ឌុបមិនគួរជាទីបញ្ចប់នៃការសិក្សាទេ។ការសិក្សាជាដំ ណើរប្រព្រឹត្តទៅពេញមួយជីវិត។អ្នកសិក្សាគ្រប់រូបត្រូវបន្តមានក្តីសង្ឃឹម ដើម្បីសម្រេចគោលបំណងជីវិត។ ខ្ញុំយល់ច្បាស់ពីមនោសញ្ចេតនារបស់មាតាបិតាដែលមានសម្រាប់កូនៗ»។
អ្នកនាំពាក្យបានបញ្ជាក់ទៀតថា ៖«ខ្ញុំសូមលើកទឹកចិត្តដល់សិស្សានុសិស្សឲ្យយល់ថា នៅក្នុងជីវិតរបស់យើងតែងជួបជោគជ័យ និងបទពិសោធន៍ផ្សេងៗ។យើងត្រូវយកបទពិសោធន៍ទាំងឡាយជាមេរៀន ជីវិត ដើម្បីកសាងអនាគត។យើងមិនអាចកែប្រែអតីតកាលបានទេ។ អ្វីដែលសំខាន់ គឺយើងត្រូវប្រឹងប្រែងឲ្យអស់ពីលទ្ធភាពហើយហ៊ានទទួលយកលទ្ធផលក្រោយការព្យាយាមអស់ពីចិត្ត ដើម្បីរៀបចំអនាគតឱ្យរឹតតែប្រសើរ។ ធ្វើដូចនេះ ទើបយើងគ្មានវិប្បដិសារី»។
អ្នកនាំពាក្យក៏បានលើកឡើងថា ការសម្រេចចិត្តរបស់មនុស្សយើងត្រូវឈរលើគោលបំណងជីវិតបុគ្គល។យើងត្រូវដឹងថា យើងចង់បានអ្វីនៅក្នុងជីវិតរបស់យើង។ការរៀនជំនាញ មិនគួរជាជម្រើសទីពីររបស់មនុស្សទេ។មានន័យថា មនុស្សគ្រប់រូបអាចជ្រើសរើសរៀនជំនាញទោះជាប្រឡងបាក់ឌុបជាប់ ឬធ្លាក់ក៏ដោយ។
ប្រសិន បើបុគ្គលម្នាក់ស្រឡាញ់ ជំនាញណាមួយគាត់អាចជ្រើសរើសរៀនជំនាញនោះបានក្រោយប្រឡងបាក់ឌុបជាប់។ អ្នកជាប់បាក់ឌុបក៏អាចជ្រើសរើសរៀនបន្តនៅកម្រិតឧត្ដមសិក្សាទៅតាមគោលបំណងជីវិត និងឧបនិស្ស័យរៀងៗខ្លួន។
ជាមួយគ្នានោះដែរ អ្នកនាំពាក្យក្រសួងអប់រំ ក៏បានលើកឡើងថាសម្រាប់ប្អូនៗដែលប្រឡងបាក់ឌុបធ្លាក់គួររៀនថ្នាក់ទី១២ម្តងទៀត រឺគួររៀនជំនាញ គឺអាស្រ័យលើគោលបំណង និងឧបនិស្ស័យរៀងៗខ្លួន។លោកសង្កត់ធ្ងន់ថា ៖«ជារួម ខ្ញុំសូមផ្ដាំទៅប្អូនៗថា យើងត្រូវដឹងពីត ម្រូវការ និងអាទិភាពជីវិតរបស់យើងឲ្យច្បាស់។យើងត្រូវដឹងថាយើងចង់បានអ្វីនៅក្នុងជីវិត។
ម្យ៉ាងវិញទៀត គុណភាពអប់រំជាផលិតផលនៃកត្តាធម្មជាតិ និងកត្តាសង្គម។កត្តាធម្មជាតិសំដៅដល់កំណើតកើតជារបស់បុគ្គល។កតា្តសង្គមសំដៅដល់សង្គមសាលារៀនសង្គមគ្រួសារ សង្គមមិត្តភក្តិជាដើម។ ដូចនេះ គុណភាពអប់រំអាស្រ័យលើការចូលរួមពីអ្នកសិក្សាផ្ទាល់ និងគ្រប់ភាគីពាក់ព័ន្ធ»។
អ្នកនាំពាក្យក៏បានលើកឡើងថា ក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពអប់រំតាមរយ:គ្រប់រូបភាពអមដោយកិច្ចសហការវិជ្ជមានជាមួយក្រសួង ស្ថាប័ន ដៃគូរអភិវឌ្ឍន៍វិស័យឯកជន និងគ្រប់តួអង្គពាក់ព័ន្ធ។ដោយឡែក សង្គមគ្រួសារមានតួនាទីសំខាន់មួយក្នុងការជួយពង្រឹងការរៀនសូត្រមុន និងក្នុងបរិការណ៍កូវីដ-១៩។ការជ្រើសរើសមុខវិជ្ជាសម្រាប់រៀនសូត្រនៅកម្រិតឧត្តមសិក្សា និងជំនាញ គឺជាជម្រើសបុគ្គល និងគ្រួសារដោយផ្សារភ្ជាប់រវាងចំណង់ចំណូលចិត្ត និងឧបនិស្ស័យផ្ទាល់ខ្លួន និងទីផ្សារការងារ។និយាយជារួម កត្តារៀនសូត្របន្តអាស្រ័យលើការពិចារណារបស់សាម៉ីខ្លួនដោយឈរលើមូលដ្ឋានចំនួនបួន ៖ ១-ការយល់ដឹងច្បាស់ពីមុខជំនាញ ២-ឧបនិស្ស័យបុគ្គល ៣-ការពិនិត្យមើលលទ្ធភាពផ្ទាល់ខ្លួន និង៤-តម្រូវការទីផ្សារការងារ។
អ្នកនាំពាក្យក្រសួងអប់រំក៏បានឲ្យដឹងថា នាយកដ្ឋានជំនាញរបស់ក្រសួងអប់រំ យុវជន និងកីឡាចំនួនបី (នាយកដ្ឋានឧត្តមសិក្សា, នាយកដ្ឋានតម្រង់ ទិសវិជ្ជាជីវៈ និងនាយកដ្ឋានយុវជន ដោយមានការរួមចំណែកពីក្រុមប្រឹក្សាយុវជនកម្ពុជា) បានចុះយុទ្ធនាការក្នុងការពន្យល់ តម្រង់ទិសមុខជំនាញដល់សិស្សថ្នាក់ទី១២ នៅទូទាំងប្រទេស ដើម្បីបង្កើនការយល់ដឹងក្នុងការចាប់យកមុខជំនាញ អភិវឌ្ឍសង្គមសេដ្ឋកិច្ច។
សូមជម្រាបថា កាលពីថ្ងៃទី២២ ធ្នូ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៖ ៥ ធ្នូ ២០២២ ដោយសិស្សសិស្សជាប់៩០៩៥០នាក់ស្មើ នឹង៧២.៣៣% និទ្ទេស Aចំនួន១០៤៩នាក់, និទ្ទេស B ចំនួន៧២៣២នាក់, និទ្ទេស C ចំនួន១៩០៥៣នាក់, និទ្ទេស D ចំនួន៣១១៦៦នាក់ និងនិទ្ទេស E ចំនួន៣២៤៥០នាក់។
ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី៥ និងទី៦ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់, មណ្ឌលប្រឡង ២២១ និងត្រូវជា ៥១៧៤បន្ទប់៕
ចែករំលែកព័តមាននេះ