រាជធានីភ្នំពេញ ៖ ដោយសារការបូកពិន្ទុមានភាពលឿនឆាប់រហ័សក្រសួងអប់រំ យុវជន និងកីឡានឹងប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)មុនការគ្រោងទុកដោយមកប្រកាសនៅថ្ងៃទី២២ ធ្នូ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃ២៣ ធ្នូ នៅតាមបណ្តាខេត្តផ្សេងៗ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា នឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៥ ធ្នូ ២០២២ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីម៉ោង១៥:០០ នាទី និងនៅខេត្តដទៃទៀត នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។
ក្រសួងក៏បានឲ្យលោក លោកស្រីប្រធាន ចាត់តាំងតំណាងដោយភ្ជាប់មកជាមួយនូវលិខិតឧទ្ទេសនាម ដែលប្រើប្រាស់ថវិកាអង្គភាពមន្ទីរសាមី ឱ្យមកទទួលយកបញ្ជីប្រកាសលទ្ធផលប្រឡងតាមមណ្ឌលសំណេរក្នុងរាជធានី ខេត្ត នៅបន្ទប់បូកសរុបរបាយការណ៍ អគាររដ្ឋបាល ចៅពញាហុក ជាន់ទី៥ ដើម្បីយកទៅបិទផ្សាយនៅតាមមណ្ឌលសំណេរនីមួយៗ តាមកាលបរិច្ឆេទ និងពេលវេលាកំណត់ខាងលើ។
រូបតំណាង ការបើកស្រោមបញ្ជីប្រកាសលទ្ធផលប្រឡងត្រូវធ្វើតាមមណ្ឌលសំណេររៀងៗខ្លួន ដោយមានការចូលរួមពីនាយកនាយិកាគ្រឹះស្ថាន សិក្សាដែលជាមណ្ឌលប្រឡង តំណាង ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលមានមណ្ឌលប្រឡង និងតំណាងអាជ្ញាធរដែនដីផងដែរ។
ទាក់ទិននឹងការប្រកាសនេះដែរ អ្នកនាំពាក្យក្រសួងអប់រំ និងយុវជន និងកីឡាមិនទាន់បានឲ្យដឹងថា លទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០២២នេះមានបេក្ខជនប្រឡងជាប់ប៉ុន្មានភាគរយ ធ្លាក់ប៉ុន្មានភាពរយ និងជាប់និន្ទេស.A. B. C. D. E ចំនួនប៉ុន្មាននោះទេ។
សូមរំលឹកថា ប្រឡងបាក់ឌុប ឆ្នាំ២០២២ បានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនចុះឈ្មោះប្រឡង ចំនួន ១២៨១៣៥នាក់ ស្រី៦៨ ៧៧១នាក់, មណ្ឌលប្រឡង ២២១ និងត្រូវជា ៥១៧៤បន្ទប់៕
ចែករំលែកព័តមាននេះ