កំពូលអ្នកប្រដាល់ម្នាក់ ផ្ញើសារព្រមាន Messi ជុំវិញរឿងជាន់អាវជម្រើសជាតិប្រទេសខ្លួន(វីដេអូ)
កាតា ៖ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ រឿងដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង បង្កជា
កាតា ៖ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ រឿងដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង បង្កជា
កាតា ៖ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ រឿងដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង បង្កជាការខឹងសម្បារ រិះគន់ និងការវែកញែករកត្រូវ និងខុសយ៉ាងកក្រើកពិភពលោក។ បន្ទាប់ពីវីដេអូមួយត្រូវបានបង្ហោះ និងចេញផ្សាយលើបណ្តាញសង្គម ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយធំៗនៅជុំវិញពិភពលោក ដែលបង្ហាញអំពីសកម្មភាពខ្សែប្រយុទ្ធ Lionel Messi បានទាត់ និងលោតស្ទើរជាន់លើអាវក្រុមជម្រើសជាតិម៉ិកស៊ិក អំឡុងអបអរជ័យជម្នះ ២-០ របស់ពួកគេលើម៉ិកស៊ិក ក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់។
អាហ្សង់ទីនបានយកឈ្នះម៉ិកស៊ិកលទ្ធផល ២-០ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ក្នុងការប្រកួតដ៏តានតឹងក្នុងពូល C នៃព្រឹត្តិការណ៍ FIFA World Cup 2022 នៅកាតា។ ប្រធានក្រុម Lionel Messi រួមចំណែកយ៉ាងធំធេងក្នុងជ័យជម្នះនេះ តាមរយៈការស៊ុតបញ្ចូលទី១គ្រាប់ និងបោះបាល់ (Assist) ឱ្យមិត្តរួមក្រុមគឺខ្សែការពារ Enzo Fernández សម្រេច១គ្រាប់ថែមទៀត។
នៅក្នុងវីដេអូ ដែលថតដោយខ្សែការពារអាហ្សង់ទីន Nicolas Otamendi បានបង្ហាញទិដ្ឋភាពក្រុមមេឃខៀវអាហ្សង់ទីន អបអរជ័យជម្នះក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់របស់ពួកគេ។ ប៉ុន្តែមនុស្សមួយចំនួន ក្នុងនោះរួមទាំងកំពូលអ្នកប្រដាល់ម៉ិកស៊ិក Canelo Alvarez បានកត់សម្គាល់ឃើញថា Messi បានទាត់ និងលោតស្ទើរតែជាន់លើអាវក្រុមជម្រើសជាតិម៉ិកស៊ិក ដែលនៅផ្ទាល់នឹងឥដ្ឋ។
កំពូលអ្នកប្រដាល់ម៉ិកស៊ិក Canelo Alvarez ដែលជាម្ចាស់ខ្សែក្រវាត់ពិភពលោក៤ប្រភេទទម្ងន់ផ្សេងគ្នា ចាប់ពីទម្ងន់មធ្យម រហូតដល់ទម្ងន់ធ្ងន់ បានសរសេរលើគណនី Twitter របស់ខ្លួនថា «តើអ្នកបានឃើញ Messi បានជូនសំអាតឥដ្ឋជាមួយនឹងអាវជម្រើសជាតិ និងទង់ជាតិរបស់យើងទេ? (ឡូហ្គូទង់ជាតិជាប់អាវ) គេគួរតែអធិស្ឋានទៅព្រះជាម្ចាស់ ដែលខ្ញុំមិនបានចេញស្វែងរកគេ! ដូចដែលខ្ញុំគោរពអាហ្សង់ទីន គេក៏ត្រូវតែគោរពម៉ិកស៊ិកផងដែរ! ខ្ញុំនិយាយមិនសំដៅលើប្រទេសទាំងមូលនោះទេ គ្រាន់តែនិយាយអំពីទង្វើខ្វះការគោរពរបស់ Messi»។
ក្រោយការបង្ហោះរបស់ Alvarez ភា្លមៗនោះ លោក Sergio Agüero ដែលទើបតែចូលនិវត្តន៍ពីបាល់ទាត់កាលពីឆ្នាំ២០២១ និងខ្សែបម្រើ Cesc Fàbregas បច្ចុប្បន្នប្រកបអាជីពជាមួយក្លិប Como នៅលីគលំដាប់ទី២អ៊ីតាលី (Serie B) ដែលអ្នកទាំង២ សុទ្ធសឹងតែជាអតីតមិត្តរួមក្រុមរបស់ Messi បានឆ្លើយតបទៅ Alvarez ស្រដៀងគ្នាថា អ្នកប្រដាល់ម៉ិកស៊ិករូបនេះ មិនដឹងអ្វីទាល់តែសោះពីបាល់ទាត់ នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់។ ដោយអាវក្រុមតែងតែត្រូវបានដាក់ផ្ទាល់លើឥដ្ឋ ក្រោយចប់ការប្រកួត ព្រោះវាពោរពេញដោយញើស ហើយមានរឿងជាច្រើនទៀត ដែលកើតឡើង នៅពេលអ្នកអបអរជ័យជម្នះដ៏សំខាន់មួយ។
ជាមួយគ្នានោះ Agüero បានបន្ថែមទៀតថា ប្រសិនបើអ្នកមើលឱ្យច្បាស់ Messi បានដោះស្បែកជើង ហើយប៉ះចំអាវដោយចៃដន្យតែប៉ុណ្ណោះ។
រហូតមកទល់នេះ វីដេអូដែលបង្ហាញអំពីសកម្មភាពរបស់ Messi នៅតែត្រូវបានវែកញែករកត្រូវ និងខុសយ៉ាងកក្រើក នៅលើបណ្តាញសង្គមជុំវិញពិភពលោក។ ខណៈដែលនៅមិនទាន់មានការឆ្លើយតប ឬបកស្រាយណាមួយជុំវិញការចោទប្រកាន់នេះ ពីសំណាក់ខ្សែប្រយុទ្ធឆ្នើម Lionel Messi នៅឡើយទេ៕ (ដកស្រង់ចេញពី CNN និង ESPN)
ចែករំលែកព័តមាននេះ