ខេត្តឧត្តរមានជ័យ ៖ បុរសជាប្តីបាននាំប្រពន្ធមកឆ្លងទន្លេ ដោយដឹកតាមរថយន្តមួយគ្រឿង ខណៈកំពុងឈឺពោះខ្លាំងផងនោះបែជារថយន្តបើកជាប់ផុង ។ តែទោះបីជាយ៉ាងណា ទាំងម្តាយនិងកូនបានឆ្លងផុតគ្រោះថ្នាក់ ដោយមានសុវត្ថិភាពល្អទាំងម្តាយនិងកូន ហេតុការណ៍កើតឡើងកាលពីព្រឹកថ្ងៃទី១៦ តុលា ឆ្នាំ២០២២ ស្ថិតលើផ្លូវលំមួយខ្សែទំនប់ថ្មី ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ប្រភពឱ្យដឹងថា បុរសជាប្តីឈ្មោះអ៊ឹម ចូក អាយុ៥៧ឆ្នាំ បានរៀបរាប់ថា ប្រពន្ធគាត់ឈ្មោះឯម ស្រីណាង អាយុ៤០ឆ្នាំ មានកូន៤នាក់ (ស្រី១នាក់) គ្រួសាររបស់គាត់ ជាកសិកររស់នៅក្នុងភូមិ-ឃុំខាងលើ។ នៅវេលាម៉ោង៨ព្រឹក(ថ្ងៃកើតហេតុ) ប្រពន្ធគាត់បានឈឺពោះឆ្លងទន្លេខ្លាំង ហើយបានជួលរថយន្តអ្នកជិតខាងដឹកមកឆ្លងទន្លេ ស្រាប់តែរថយន្តនោះ បានជាប់ផុងជិតមួយម៉ោងទៀត ហើយប្រពន្ធគាត់ឈឺពោះកាត់តែខ្លាំង ។
ខណៈនោះ បានបងប្អូនអ្នកភូមិជាច្រើននាក់ នាំគ្នាមកជួយរុញរថយន្ត ទើបរួចពីជាប់ផុងបានធ្វើដំណើរបន្តទៀត ។ បុរសជាប្តីដដែលបានបន្តថា នៅពេលមកដល់មណ្ឌលសុខភាពត្រពាំងប្រាសាទបន្តិចក្រោយមក ប្រពន្ធក៏បានឆ្លងទន្លេសំរាលកូនប្រុសមួយ ។ ចំណែកប្រពន្ធមានអាការៈមិនស្រួល ក៏ត្រូវគ្រូពេទ្យបានប្រាប់ថា ប្រពន្ធមានកម្រិតសម្ពាតឈាមឡើងខ្ពស់ និងមានឈាមធ្លាក់ផងដែរ ។ ភ្លាមៗ ក្រុមគ្រូពេទ្យបានរៀបចំឯកសារបញ្ជូនប្រពន្ធមកធ្វើការសង្គ្រោះនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែងវិញ ។
ទាក់ទិនហេតុការណ៍ លោកនៅ សំអន ប្រធានមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែងបានឲ្យដឹងនាថ្ងៃទី១៧ តុលា នេះថា ស្ត្រីដែលឆ្លងទន្លេនៅក្នុងមណ្ឌលសុខភាពត្រពាំងប្រសាទ គឺមានអាការៈសម្ពាតឈាមឡើងខ្ពស់ ហើយបានបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុក ត្រូវបានគ្រូពេទ្យជួយសង្គ្រោះបានធូរស្រាលឡើងវិញហើយ ខណៈនេះស្ត្រីរូបនេះកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកផងដែរ ៕
ចែករំលែកព័តមាននេះ