ខេត្តតាកែវ ៖ បុរសម្នាក់ដៃម្ខាងកាន់ចង្កៀងប្រេងកាត ដៃម្ខាងទៀតកាន់ដបប្រេងសាំងចៃដន្យដើរជំពប់ជើងដួលធ្វើឱ្យស្រោចសាំងលើខ្លួន បណ្តាលឱ្យភ្លើងចង្កៀងឆាបឆេះរោលខ្មៅពេញមុខ និងឆេះរលេះរលួយពេញខ្លួនប្រាណ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១១ កុម្ភៈ ២០១៣ នៅផ្ទះក្នុងភូមិដីក្រហម ឃុំព្រៃរំដេង ស្រុកគិរីវង្ស ។
បើតាមការឱ្យដឹងពីស្ត្រីជាម្តាយឈ្មោះអួន ហ៊ន អាយុ៦៥ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើបានឱ្យដឹងថា នៅយប់កើតហេតុ ខណៈពេលដាច់ចរន្តអគ្គិសនីកូនប្រុសរបស់គាត់បានដើរកាន់ចង្កៀងដៃម្ខាង ហើយកាន់ដបសាំងចំណុះមួយលីត្រនៅដៃម្ខាងទៀត ដើម្បីយកទៅចាក់ម៉ូតូអស់សាំង ពេលដើរបានបន្តិចស្រាប់តែជំពប់ជើងដួលស្រោចសាំងលើខ្លួន បណ្តាលឱ្យភ្លើងចង្កៀងដែលកាន់នៅនឹងដៃឆាបឆេះរលេះរលួយពេញខ្លួនតាំងពីក្បាលដល់ចុងជើងត្រូវបានអ្នកជិតខាងរត់យកភួយទៅគ្របពីលើទើបរលត់ ប៉ុន្តែសាច់កន្លែងខ្លះឆ្អិនរលួយទៅហើយ និងខ្មៅរោលពេញមុខ ៕
ចែករំលែកព័តមាននេះ