ខេត្តឧត្តរមានជ័យ ៖ កម្លាំងវរសេនាតូចលេខ៤១៤ កងពលតូចថ្មើរជើងលេខ៤១ បានសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅក្នុងតំបន់កំពុងឈរជើងចំនួន២គ្រួសារទៅកាន់ទីទួលសុវត្ថិភាព ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ស្ថិតក្នុងភូមិត្រពាំង៣ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាទ ខេត្តឧត្តរមានជ័យ។
ប្រជាពលរដ្ឋដែលរងគ្រោះទាំង២គ្រួសារខាងលើនេះ រួមមាន មួយគ្រួសារមានឈ្មោះ ហយ ខ្លី ភេទស្រី អាយុ៥៩ឆ្នាំ និងមួយគ្រួសារទៀតឈ្មោះសំ ស៊ីម ភេទស្រី អាយុ៤០ឆ្នាំ មុខរបរប្រជាកសិករ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។
ពលរដ្ឋរងគ្រោះខាងលើបានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ ទឹកភ្លៀងបានធ្លាក់មកជាបន្តបន្ទាប់ជាប់ៗគ្នា លុះនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះ ស្រាប់តែទឹកហក់ឡើងយ៉ាងលឿនបំផុត បណ្តាលជន់លិចលំនៅដ្ឋានរងការខូចខាតទ្រព្យសម្បត្តិអស់មួយចំនួន និងងា.ប់មាន់ ទារ ជ្រូកផងដែរ។
ទាក់ទិននឹងហេតុការណ៍ខាងលើនេះ លោកវរសេនីយ៍ទោ រឹម គុយ មេបញ្ជាការវរសេនាតូច៤១៤ ចំណុះឲ្យកងពលតូចថ្មើជើងលេខ៤១ នៃយោធភូមិភាគទី៤ ខណៈនេះលោកបានបញ្ជាទៅលោកវរសេនីយ៍ត្រី ស្មុត ម៉ាច មេបញ្ជាការង ដឹកនាំកម្លាំងកងទ័ពចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះប្រឡាយ ប្រជាការពារ និងអាជ្ញាធរភូមិ-ឃុំ ដើម្បីចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋចំនួន២គ្រួសាដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង មកកាន់ទីទួលសុវត្ថិភាពជាបណ្តោះអាសន្ន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ក្នុងឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ក្នុងភូមិសាស្ត្ររបស់ខ្លួនកំពុងឈរជើង។
ប្រភពដដែលបានបញ្ជាក់ថា ជាមួយគ្នានោះដែរ គ្រោះមហន្តរាយជំនន់ទឹកភ្លៀង ដោយសារទឹកបានហក់ឡើង បណ្តាលឱ្យជន់លិចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ រួមមានលិចស្រូវអង្ករសរុបចំនួន១៩ការ៉ុង ជីដាក់ស្រូវចំនួន៥០ការ៉ុង បាត់មាន់ទារសរុបចំនួន៦០ក្បាល និងលិចសម្ភារៈមួយចំនួនធំទៀតផង។
ប្រភពដដែលបន្តទៀតថា ហើយក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងអន្តរាគមន៍របស់វរសេនាតូចលេខ៤១៤ នៃកងពលតូចថ្មើរជើងលេខ៤១ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះប្រឡាយ ប្រជាការពារ និងអាជ្ញាធរភូមិ-ឃុំ ក៏បានសង្គ្រោះមកវិញនូវអង្ករ និងស្រូវចំនួន១៩ការ៉ុង ជីដាក់ស្រូវចំនួន៥០ការ៉ុង ជ្រូកចំនួន១០ក្បាល មាន់ទា៤០ក្បាល គោយន្ត១គ្រឿង ម៉ូតូ១គ្រឿង កង់១គ្រឿង ម៉ាស៊ីនភ្លើង១គ្រឿង និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំផងដែរ៕
ចែករំលែកព័តមាននេះ