ខេត្តកំពត ៖ ប្រជាពលរដ្ឋប្រមាណ៤០គ្រួសារ រស់នៅភូមិកន្លង់(ជាភូមិដាច់ពីភូមិផ្សេងៗ)ស្ថិតក្នុងឃុំស្ដេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត កំពុងជួបបញ្ហាផ្លូវខូចធ្ងន់ធ្ងរត្រង់ចំណុចលើខ្នងប្រឡាយទឹកមួយដែលជាផ្លូវរបស់ប្រជាពលរដ្ឋចេញ-ចូលទាំងការជិះម៉ូតូ ទាំងការធ្វើដំណើរដោយថ្មើរជើង មានសភាពរអិលដូចលាបខ្លាញ់ នារដូវវស្សានេះ ។
ជាក់ស្តែង កាលពីព្រឹកថ្ងៃទី១៤ កក្កដា ប្រជាពលរដ្ឋបានឱ្យដឹងថា ផ្លូវធ្វើដំណើរនៅលើខ្នងប្រឡាយក្នុងរដូវវស្សា គឺស្ថានភាពរអិលនិងស្អិតខ្លាំង ។ ដូច្នេះ ពួកគាត់សុំសំណូមពរឱ្យអាជ្ញាធរថ្នាក់ខេត្ត និងថ្នាក់ស្រុក អោយជួយចាក់ក្រួសនៅលើខ្នងប្រឡាយនេះផង ដើម្បីងាយស្រួលធ្វើដំណើរ និងកុំឱ្យមានគ្រោះថ្នាក់ណាមួយកើតឡើង ។
ពាក់ព័ន្ធបញ្ហានេះ លោកតុប ភន មេភូមិកន្លង់បាននិយាយប្រាប់អោយដឹងថា ផ្លូវនៅលើខ្នងប្រឡាយដែលប្រជាពលរដ្ឋបានលើកមកនេះ គឺមានចម្ងាយប្រមាណ២គីឡូម៉ែត្រ ។ លោកមេភូមិកន្លង់និយាយប្រាប់អោយដឹងថា ក្នុងនាម លោកជាមេភូមិក៏រងការរិះគន់ពីប្រជាពលរដ្ឋដែរ រឿងដែលក្រុមហ៊ុនឯកជនមួយស្ដារប្រឡាយយកអាចម៍ដីលក់អស់ ហើយមិនបានចាក់ក្រួសឱ្យប្រជាពលរដ្ឋធ្វើដំណើរចេញ-ចូលបានស្រួលវិញនោះ ។
លោកមេភូមិបន្តថា ការចាក់ក្រួសលើខ្នងប្រឡាយនេះដែរ អាជ្ញាធរមូលដ្ឋានគឺមិនមានលទ្ធភាពគ្រប់គ្រាន់ទេ គឺទាល់តែសុំពីថ្នាក់លើវិញដែលសាងសង់ស្ពានឆ្លងកាត់ប្រឡាយ ឬចាក់គ្រួសជូនប្រជាពលរដ្ឋបាន ។
ចែករំលែកព័តមាននេះ