ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​ហ្គេ​ម​២០២៣ ចំបាប់​កម្ពុជា​ដាក់​មហិច្ឆតា​ឈ្នះ​មេដាយមាស​លើស​៤​គ្រឿង

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​បង្ហាញ​មហិច្ឆតា​ស្វែងរក​មេដាយមាស​ឲ្យ​បាន​

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​បង្ហាញ​មហិច្ឆតា​ស្វែងរក​មេដាយមាស​ឲ្យ​បាន​លើស​ពី​៤​គ្រឿង​ដែល​ជា​ចំនួន​ច្រើន​ជាង​ការ​ឈ្នះ​មេដាយមាស​របស់​ខ្លួន ក្នុង​ប្រវត្តិ​ស៊ី​ហ្គេ​ម
និង​​​​​​ច្រើ​ន​​ជាង​ស​ន្ទ​ស្សន៍​មេដាយមាស​២​គ្រឿង​យ៉ាងតិច​។ ក្នុង​មហាសន្និបាត​បន្ត​អាណត្តិ​ថ្មី កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ក្រៅពី​ការ​សម្រួច​គោលដៅ​បច្ចេកទេស​ឲ្យ​កាន់តែ​មុត​ស្រួច ឆ្ពោះទៅ​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ ថ្នាក់ដឹកនាំ​ក៏​បាន​ស្នើ​ឲ្យ​គ្រួសារ​សហព័ន្ធ​ចំបាប់​រួបរួម​ឆន្ទៈ ការ​លះបង់ និង​ធ្វើ​ឲ្យ​មាន​សុខដុម​នី​យ​កម្ម ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​នេះ​។

ឯកឧត្តម វ៉ា​ត់ ចំរើន ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​ផ្តល់​តម្លៃ​ដ៏​មហាសាល​នៃ​សុខដុម​នី​យ​កម្ម ដែល​ជា​គន្លឹះ​ក្នុង​ការ​រួបរួម​គ្នា​ដើរ​លើ​មា​គា​អភិវឌ្ឍ​ឆ្ពោះទៅ​សម្រេច​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​ជា​លើក​ដំបូង​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣​។

តាម​គោលការណ៍​របស់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ក៏​ដូច​ជា​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដាក់​ស​ន្ទ​ស្សន៍​មេដាយមាស​ឲ្យ​ប្រភេទ​កីឡា​ចំបាប់​កម្ពុជា​ដណ្តើម​ឲ្យ​បាន​យ៉ាងតិច​ចំនួន​២​គ្រឿង​។ ប៉ុន្តែ​មហិច្ឆតា​របស់​យើង គឺ​រួម​គ្នា​ធ្វើ​យ៉ាងណា​ដណ្តើម​មេដាយមាស​ឲ្យ​បាន​ច្រើន​ជាង​មុន ក្នុង​ប្រវត្តិ​ស៊ី​ហ្គេ​ម ដែល​ចំបាប់​កម្ពុជា​ធ្លាប់ដណ្តើម​បាន​មេដាយមាស​៤​គ្រឿង កាលពី​ស៊ី​ហ្គេ​ម
នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​។ មាន​ន័យ​ថា ពេល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេ​ម ២០២៣ គឺ​ប្រភេទ​កីឡា​ចំបាប់​មាន​មហិច្ឆតា​ចង់បាន​មេដាយមាស​ច្រើន​ជាង​៤​។

ជាមួយនឹង​ឆន្ទៈ​នេះ ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​រូប​នេះ​អះអាង​ថា សហព័ន្ធ​មាន​ផែនការ​អភិវឌ្ឍ​ជំនាញ​ច្បាស់លាស់ ដូច្នេះ​ហើយ សុខដុម​នី​យ​កម្ម​គឺជា​រឿង​សំខាន់​បំផុត ដើម្បី​បើកផ្លូវ​នៃ​ដំណើរការ​អភិវឌ្ឍ​ជា​ជំហាន​ៗ ដោយ​គ្មាន​ឧបសគ្គ​។

ឯកឧត្តម វ៉ា​ត់ ចំរើន បាន​រំលេច​នូវ​បុគ្គល​សំខាន់​ៗ​ក្នុង​ដំណើ​ការ​អភិវឌ្ឍ​នេះ ដោយ​មាន​គ្រូ​បង្គោល​ជម្រើសជាតិ​ចំបាប់​កម្ពុជា​ជា​ជនជាតិ​អ៊ី​រ៉​ង់ លោក Komeil Ghasemi ដែល​មក​ជួយ​បង្ហាត់​ក្រុម​កីឡាករ កីឡាការិនី​កម្ពុជា ក្នុង​ឆ្នាំ​២០២២ ដែល​គ្រូបង្វឹក​រូប​នេះ​ជា​អតីត​ម្ចាស់​មេដាយមាស​អូ​ឡាំ
ពិ​ក​ហ្គេ​ម ។ អ្វី​ដែល​ពិសេស គឺ​សហព័ន្ធ​ចំបាប់​កម្ពុជា​ទទួល​បានការ​ឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី សម្ភារ
និង​ថវិកា​ខ្ទង់​ម៉ឺន​ដុល្លារ ក្នុង​១​ឆ្នាំ​ៗ ពី​លោក ខេ​ស៊ី បា​ណេ​ត អនុប្រធាន​ទី​១​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ព្រមទាំង​ជាមួយនឹង​កិច្ចការ​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សហព័ន្ធ​កីឡា​ចំបាប់​ពិភពលោក និង​អាស៊ី​ជាដើម​។

ប្រធាន​សហព័ន្ធ​ចំបាប់ គូសបញ្ជាក់​ទៀត​ថា ក្នុង​ផែនការ​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម ២០២៣ មិនមែន​ត្រឹមតែ​សម្រួច​តែ​ទៅ​លើ​បច្ចេកទេស​ដណ្តើម​មេដាយ​តែ​មួយ​មុខ​ទេ គឺ​សហព័ន្ធ​ក៏​ត្រូវ​អភិវឌ្ឍ​លើ​ផ្នែក​ការ​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ផង​ដែរ ។ ដូច្នេះ​ការ​ទទួល​រៀបចំ​ស៊ី​ហ្គេ​ម ២០២៣ សហព័ន្ធ​ចំបាប់​កម្ពុជា​មាន​អាជ្ញាកណ្តាល​កម្រិត​អន្តរជាតិ​តែ​២​នាក់​ប៉ុណ្ណោះ​។ ការ​ធ្វើ​ម្ចាស់ផ្ទះ យ៉ាង​ហោច​ណាស់​ត្រូវ​មាន​អាជ្ញាកណ្តាល​អន្តរជាតិ​របស់​ខ្លួន​ពី​៥​ទៅ​៦​នាក់​ដែរ​។ តាម​រយៈ​ផែនការ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា​ចំបាប់​ជើងឯក​អាស៊ី​អាគ្នេយ៍ នា​ខែធ្នូ ឆ្នាំ​២០២២ ខាង​មុខ​នេះ សហព័ន្ធ​ដាក់​គោលដៅ​អភិវឌ្ឍ​ធនធាន​អាជ្ញាកណ្តាល​អន្តរជាតិ​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត​។

គួរ​បញ្ជាក់​ថា មហាសន្និបាត​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បញ្ចប់​អាណត្តិ​ចាស់ និង​បន្ត​អាណត្តិ​ថ្មី​ទី​៧ ឆ្នាំ​២០២១-២០២៥​បាន​ផ្តល់​សេចក្តី​ទុកចិត្ត​គាំទ្រ​ជា​ឯកច្ឆន្ទ​នូវ​សមាសភាព​គណៈកម្មការ​ប្រ​តិ
ប​ត្តិ​​អាណត្តិ​ថ្មី ចំនួន​៩​រូប រួម​មាន​៖ ឯកឧត្តម វ៉ា​ត់ ចំរើន ប្រធាន លោក ខេ​ស៊ី បា​ណេ​ត អនុប្រធាន​ទី​១ លោក ហុ​ក ឈាង​គី​ម អនុប្រធាន​ទី​២ កញ្ញា កាង ណុ​ចប​វរ អគ្គលេខាធិការ លោក ន​រះ យុទ្ធ និង​សមាជិក​៣​រូប គឺ​លោក កាង ដែន​ពិសិដ្ឋ លោក នុ​ត សេរីរ​ដ្ឋា និង​លោក យឹ​ង សុ​ផា​ណា​រ៉ា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ