ខេត្តសៀមរាប៖ កម្លាំងនគរបាលស្រុកប្រាសាទបាគង សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនលោកនេនមួយអង្គ ជាប់ពាក់ព័ន្ធនឹងករណីគាស់ទ្វារបន្ទប់លោកគ្រូចៅអធិការវត្ត អារញ្ញរង្សី ហៅ វត្តល្អក់ យកលុយអស់ជិត ២ម៉ឺនដុល្លារ។ លោកនេននោះ បានបដិសេធ តែត្រូវបានចាប់ផ្សឹក រួចប៉ូលិស បញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
ហេតុការណ៍ឃាត់ខ្លួនលោកនេននោះ បានធ្វើឡើង កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅក្នុងបរិវេណវត្តល្អក់ ក្នុងភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង។
គួរបញ្ជាក់ថា ករណីចោរ ចូលលួចលុយ ក្នុងបន្ទប់សឹងរបស់លោកចៅអធិការវត្ត អារញ្ញរង្សី ហៅ វត្តល្អក់ នោះ បានកើតឡើង នៅវេលាម៉ោងប្រមាណ ១១ និង ៤០នាទីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តា រ៉េត ស្នងការរងនគរបាល ទទួលផែនបទល្មើសព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា ករណីជនសង្ស័យ លួចគាស់ទ្វារបន្ទប់ព្រះគ្រូចៅអធិការវត្ត អារញ្ញរង្សី ហៅ វត្តល្អក់ យកលុយអស់ជិត ២ម៉ឺនដុល្លារនោះ ត្រូវបានកម្លាំងនគរបាលស្រុកប្រាសាទបាគង និងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ ជាលោកនេន។
លោកបន្ថែមថា ជនសង្ស័យ មានឈ្មោះ តឹក សំណាង ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោកបញ្ជាក់ថា តាមការបំភ្លឺរបស់ព្រះតេជគុណ គ្រួច លន់ ព្រះជន្ម ៦៧ ព្រះវស្សា ជាចៅអធិការវត្តអារញ្ញរង្សី ហៅ វត្តល្អក់ ឱ្យដឹងថា ជារៀងរាល់ថ្ងៃ ព្រះអង្គតែងតែយកលុយ ចំនួន ៣០លានរៀល ដែលជាលុយបានមកពីការប្រគេនរបស់ពុទ្ធបរិស័ទ្ធ ទុកសម្រាប់ព្យាបាលព្រះរោគ និងលុយចំនួន ១២០០០ដុល្លារ ជាលុយ បានមកពីការចូលរួមរបស់មហាជន ដើម្បីសាងសងសាលាអនុវិទ្យាល័យអារញ្ញរង្សី ដោយដាក់ក្នុងថង់យាម ហើយយកទៅទុកក្បាលគ្រែខាងកើតព្រះអង្គសឹង និងបានយកខ្នើយគ្របពីលើជិត។ លុះនៅវេលាម៉ោង ៥ និង ៣០នាទី ព្រឹកថ្ងៃទី១២ ខែឧសភា ព្រះអង្គបានចេញពីបន្ទប់កុដ្ឋិសឹងខាងលើ រួចចុះទៅក្រោម និងបានឆាន់ចង្ហាន់ពេលព្រឹក នៅសាលាឆាន់ រួចនៅចាំទទួលចង្ហាន់នៅទីនោះ ពីពុទ្ធបរិស័ទ មិនបានឡើងមកកុដ្ឋិវិញទេ រហូតដល់ពេលឆាន់ថ្ងៃត្រង់រួច ម៉ោងប្រហែល ១១ និង ៤០នាទី ទើបព្រះអង្គឡើងមកកុដ្ឋិវិញ រួចមកដល់កុដ្ឋិយកកូនសោចាក់ទ្វារ ស្រាប់តែបាត់មេសោ ទើបព្រះអង្គ ចូលទៅមើលកន្លែងទុកលុយ ស្រាប់តែបាត់អស់។ រួចក៏ផ្អើលឆោឡោ និងឃើញមេសោ និងដែកថ្នាំងអំពៅប្រវែងជិតមួយម៉ែត្រ នៅ មុខទ្វារឈៀងខាងត្បូង។
លោកស្នងការរង បន្ថែមទៀតថា ចំណែកចម្លើយរបស់ជនសង្ស័យ ឈ្មោះ តឹក សំណាង អាយុ ១៥ឆ្នាំ ជាអតីតលោកនេន មានស្រុកកំណើតនៅភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានរៀបរាប់ថា រឿងដែលលោកចៅអធិការ បានបាត់លុយ ខ្លួនសូមបដិសេធ មិនបានលួចយកទេ។
លោកស្នងការរង បញ្ជាក់ទៀតថា ប៉ុន្តែឆ្លងតាមការបំភ្លឺរបស់សាក្សី នៅកន្លែងកើតហេតុជាច្រើនអង្គ និងពលរដ្ឋ បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ តឹក សំណាង ពិតជាជាប់ពាក់ព័ន្ធនឹងករណីលួចគាស់ទ្វារកុដ្ឋិចៅអធិការវត្តអារញ្ញរង្សី ហៅវត្តល្អក់ ពិតមែន។
យ៉ាងណាក៏ដោយ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប បានសម្រេចបញ្ជូនខ្លួនជនសង្ស័យខាងលើ ទៅតុលាការ ដើម្បីមានចំណាត់ការបន្ត តាមផ្លូវច្បាប់ ទោះជាជនសង្ស័យ បដិសេធក៏ដោយ។ លុយដែលបាត់នោះ ក៏មិនទាន់រកឃើញនៅឡើយដែរ៕ ច័ន្ទ រស្មី
ចែករំលែកព័តមាននេះ