ខេត្តប៉ៃលិន៖ ដោយសង្កេតឃើញពេលភ្លៀងធំម្តងៗ បណ្តាលឱ្យស្ទះប្រព័ន្ធលូ ទឹកហូរចូលផ្ទះរបស់ខ្លួន ប្រជាពលរដ្ឋ បានបង្ហោះសារនៅលើបណ្តាញសង្គម កាលពីវេលាម៉ោង ៥ និង ៥៣នាទី ល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ថា « សូមគោរពអាជ្ញាធរក្រុងប៉ៃលិន មេត្តាជួយដោះស្រាយបញ្ហាទឹកជន់លិចផ្ទះប្រជាពលរដ្ឋ នៅក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ចំណុចក្បែរបេនឡានថ្មី ខ្ញុំបានរាយការណ៍ទៅមេភូមិ និងអាជ្ញាធរក្រុង ហាក់ដូចជាពុំមានការយកចិត្តទុកដាក់ និងដោះស្រាយសោះ។ ថ្ងៃនេះ ជាលើកទីបីហើយ ទឹកភ្លៀងស្ទះលូ ហៀរហូរចូល លិចផ្ទះ ក្នុងនាមប្រជាពលរដ្ឋរងគ្រោះដោយសារលិចទឹក សូមមេត្តាជួយដោះស្រាយផង»។
ប្រភពព័ត៌មានពីគណនេយ្យហ្វេសប៊ុក ឈ្មោះ សូវ យឿន (Souv Yeoun) បានរៀបរាប់ថា ការសំណូមពរ ពាក់ព័ន្ធនឹងជំនន់ទឹកភ្លៀងស្ទះលូ ហូរចូលផ្ទះប្រជាពលរដ្ឋ មិនឃើញអាជ្ញាធរក្រុងដោះស្រាយជូនប្រជាពលរដ្ឋទាល់តែសោះ។ នេះជាលើកទីបីហើយ ដែលលោកបានសំណូមពរ ដោយសារមានអ្នកបើករថយន្តដឹកដីធ្វើឱ្យបែកប្រព័ន្ធលូ រំដោះទឹក អត់ឃើញមាននរ ណាម្នាក់កកាយចេញវិញនោះទេ។
លោកបន្តទៀតថា ពេលភ្លៀងម្តងៗ គឺទឹកហូរបុកចូលផ្ទះរបស់ខ្លួនស្ទើរតែពេញទាំងអស់ ដោយធ្វើឱ្យលោកមានការព្រួយបារម្ភពីសុវតិ្ថភាពយ៉ាងខ្លាំង ក្រែងទឹកជ្រាបចូលក្នុងរន្ធចរន្ធអគ្គីសនីក្នុងផ្ទះឆក់ស្លាប់ជាយថាហេតុ គ្មានអ្នកណាទទួលខុសត្រូវនោះឡើយ។
លោកបញ្ជាក់ទៀតថា នៅលើផ្លូវថ្នល់ ត្រូវបានស្ទះប្រព័ន្ធលូ ស្ទើរតែក្លាយទៅជាទន្លេ ពោលគឺឱ្យតែមានករណីភ្លៀងធំម្តងៗ គឺស្ទះពេញកន្លែងចំណតរថយន្តតែម្តង។
ទោះបីជាយ៉ាងណា លោកគ្រាន់តែទទូចសំណូមពរឱ្យអាជ្ញាធរ យកគ្រឿងចក្រកកកាយលូកុំឱ្យស្ទះទឹកហូរចូលផ្ទះរបស់ខ្លួនប៉ុណ្ណោះ។
លោកបានរាយការណ៍ដល់លោកមេភូមិ និងរដ្ឋបាលក្រុងរួចរាល់អស់ហើយ តែអ្វីដែលទទួលបានមកវិញ គឺស្ងាត់ឈឹង អត់ឃើញមានដំណោះស្រាយអ្វីទាល់តែសោះ មិនដឹងជាគេគិតយ៉ាងណានោះទេ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក ចក់ រិទ្ធី អភិបាលរងក្រុងប៉ៃលិន បានឱ្យដឹងថា ខាងរដ្ឋបាលក្រុងប៉ៃលិន កំពុងតែរៀបចំរកវិធីដោះស្រាយជូនប្រជាពលរដ្ឋរងគ្រោះខាងលើ ដោយមានគម្រោងជីកកកាយប្រឡាយបង្ហូរទឹក ដែលត្រូវបានប្រជាពលរដ្ឋមួយចំនួន ចាក់ដីរំលោភកាន់តែរួមខិតជិតប្រឡាយ ហើយធ្វើយ៉ាងណា នឹងខិតខំប្រឹងប្រែង ឱ្យទឹកដែលជាជំនន់ទឹកភ្លៀងលែងហូរចូលផ្ទះរបស់ប្រជាពលរដ្ឋខាងលើបន្តទៀត។
លោកបន្តថា មូលហេតុ ដែលបណ្តាលឱ្យទឹកហូរចូលផ្ទះរបស់ប្រជាពលរដ្ឋរងគ្រោះនេះ ដោយសារតែផ្ទះរបស់គាត់ សាងសង់នៅកន្លែងទំនាបជាងផ្លូវទឹក។ ដូច្នេះពេលភ្លៀងខ្លាំងម្តងៗ គឺគេចមិនផុតពីការហូរចូលនោះឡើយ។ ចំណែកផ្ទះប្រជាពលរដ្ឋដទៃទៀត គឺគេចាក់ដីខ្ពស់ជាងផ្លូវ ដូច្នេះមិនមានការហូរទឹកចូលនោះឡើយ៕ នីយ៉ា
ចែករំលែកព័តមាននេះ