ខេត្តព្រះសីហនុ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលទេវតាឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងក្រុមគ្រួសារ បានអញ្ជើញទៅដល់ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ដើម្បីលម្ហែកាយ ក្នុងអំឡុងពេលចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ។
នៅក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ ដូចជារៀងរាល់ឆ្នាំ លើកលែងតែឆ្នាំ២០២០-២០២១ ដែលកម្ពុជាខកខានក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយសារតែមានការរីករាលដាលជំងឺកូវីដ-១៩យ៉ាងខ្លាំងក្លាបំផុត នៅក្នុងប្រទេសកម្ពុជា ក៏ដូចជា បណ្ដាប្រទេសនានា នៅលើសកលលោកផងដែរ។
ក្រោយការដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងមានការចូលរួមសហការយ៉ាងជិតស្និទ្ធរបស់ក្រសួងសុខាភិបាល-ស្ថាប័នពាក់ព័ន្ធនានា ពិសេសការចូលរួមដោយផ្ទាល់ពីសំណាក់ប្រជាជនកម្ពុជាគ្រប់រូប លើការអនុវត្តនិងចូលរួមដោយស្ម័គ្រចិត្ត ក្នុងការចាក់ស្រោចវ៉ាក់សាំងចាប់ពីកុមារអាយុ ៣ឆ្នាំឡើងទៅ គឺកម្ពុជាបានបើកចំហប្រទេសលើគ្រប់វិស័យ ពិសេសបានបើកចំហប្រទេស ក្នុងការដើរលេងកំសាន្តក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។
នៅក្នុងសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ សម្ដេចតេជោបានបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ជាថ្មី ក្នុងការប្រាជ្ញាចិត្តរបស់រាជរដ្ឋាភិបាល នៅឆ្នាំថ្មីនេះ បន្តរួបរួមសាមគ្គីគ្នាជាជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់របស់ព្រះអង្គ ព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីសម្រេចបានសមិទ្ធិផលថ្មីៗទៀត ក្នុងការកសាង និងការពារមាតុភូមិជាទីស្នេហានៃយើង នឹងបន្តជំរុញអនុវត្តយ៉ាងម៉ឺងម៉ាត់រាល់ភារកិច្ច ដែលបានដាក់ចេញ ដើម្បីអភិវឌ្ឍជាតិ និងភាពសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា ជៀសផុតពីជំងឺឆ្លងកាចសាហាវ កូវីដ-១៩ ដែលបាន និងកំពុងយាយីដល់សុវត្ថិភាពរបស់ប្រជាជន»។
សម្តេចតេជោ ហ៊ុន សែន បន្តថា «ក្នុងឱកាសដ៏មហានក្ខត្តឬក្យនេះ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំព្រះករុណាផ្ទាល់ ខ្ញុំប្រគេនព្រះពរចំពោះសម្ដេចព្រះអគ្គមហាសង្ឃរាជរាជាធិបតី សម្តេចព្រះសង្ឃរាជ សម្ដេចព្រះរាជាគណ និងព្រះសង្ឃគ្រប់ព្រះអង្គ សូមមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សាមានព្រះសុខភាពល្អបរិបូណ៍ ដើម្បីបានគង់ប្រថាប់ជាម្លប់របស់ពុទ្ធបរិស័ទក្រុងព្រះរាជាណាចក្រកម្ពុជា ជានិរន្តរ៍តរៀងទៅ។ ខ្ញុំសូមជូនពរដល់ជនរួមជាតិខ្មែរគ្រប់រូប ដែលកំពុងរស់នៅក្នុង និងក្រៅប្រទេសមន្ត្រីរាជការនាយទាហានពលទាហាននៃកងយុទ្ធពលខេមរៈភូមិន្ទ ដែលបាន និងកំពុងបំពេញកិច្ចការពារអធិបតេយ្យបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងកំពុងបំពេញបេសកកម្មរក្សាសន្តិភាព និងមនុស្សធម៌នៅក្រៅប្រទេស នាយនគរបាលនគរបាល ដែលបាន និងកំពុងចូលរួមចំណែកការពារទឹកដី និងថែរក្សាការពារសន្តិភាព -សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ លោកគ្រូអ្នកគ្រូក្មួយសិក្សានុសិស្ស-និស្សិតយុវជនយុវនារីកម្មករកម្មការិនី កសិករ និយោជិត ធុរជន និងវិនិយោគិន ដែលកំពុងប្រកបធុរកិច្ចនៅលើទឹកដីកម្ពុជា សូមទទួលបាននូវភាពជោគជ័យសិរីសួស្ដីជ័យមង្គលវិបុលសុខ និងសូមបួងសួងដល់វត្ថុស័ក្តសិទ្ធ ក្នុងលោកសូមជួយថែរក្សាប្រជាជនខ្មែរ ដែលរស់នៅក្នុង និងក្រៅប្រទេសទាំងអស់ សុំឲ្យរួចផុតពីជំងឺកូវីដ-១៩នេះ។ សូមទេវតាឆ្នាំថ្មី ព្រះនាមកិរិណីទេវី ជួយអភិបាលគ្រប់គ្រងជួយបីបាច់ថែរក្សាគាំពារ និងប្រសិទ្ធិពរជ័យដល់ប្រជាជនខ្មែរគ្រប់រូប អោយមានសមានចិត្តជាកុសល យោគយល់គ្នារួបរួមសាមគ្គីគ្នាជាមហាគ្រួសារតែមួយនៅលើទឹកដីមាតុភូមិអង្គរដ៏ជាទីស្នេហាដោយសុខក្សេមក្សាន្តរៀងទៅ»៕ ច័ន្ទថា
ចែករំលែកព័តមាននេះ