ដូចជាយើងបានឃើញស្រាប់នៅប៉ុន្មានខែមកនេះ មានអ្នកចង់សម្លាប់ខ្លួនដោយបញ្ចប់ជីវិតជាមួយនឹងការលោតទឹកឱ្យចំណីត្រីជាច្រើនករណីនៅពេលយប់។ វាមិនមែនជាបញ្ហាតូចតាចនោះទេ ហើយក៏មិនមែនជាការលេងសើចដែរចំពោះការធ្វើបែបនេះ។ វាមិនដូចជាការលើកឡើងរបស់មនុស្សមួយចំនួនថា ការធ្វើដូចនេះគឺដោយសារតែចង់ល្បីនោះទេ។ ប្រសិនបើអ្នកដឹងថា មិត្តរបស់អ្នកកំពុងតែមានគំនិតចង់សម្លាប់ខ្លួន តើអ្នកគួរធ្វើយ៉ាងដូចម្តេច? ថ្ងៃនេះ អ្នកនឹងបានស្គាល់វិធីសាស្រ្ត៣យ៉ាង ដើម្បីលើកទឹកចិត្តពួកគេឱ្យចង់បន្តជីវិត។
១. ប្រាប់ពួកគេថាអ្នកនឹងនៅទីនេះដើម្បីពួកគេ
អ្នកធ្វើអត្តឃាតភាគច្រើនមានអារម្មណ៍ថាគ្មាននរណាម្នាក់ខ្វល់ និងឈឺចាប់តែម្នាក់ឯង។ អញ្ជើញពួកគេឱ្យចែករំលែកពីអារម្មណ៍របស់ពួកគេជាមួយអ្នក ហើយស្តាប់ដោយយកចិត្តទុកដាក់។ កុំនិយាយថា “វាមិនអីទេ” ឬ “វានឹងប្រសើរជាងមុន”។ អ្វីដែលអ្នកគួរនិយាយទៅពួកគេគឺ “តើខ្ញុំអាចជួយអ្វីឯងបានដើម្បីឱ្យឯងមានអារម្មណ៍ល្អ?”
២. ជួយមិត្តរបស់អ្នកដោះស្រាយបញ្ហារបស់ពួកគេយ៉ាងហោចណាស់មួយ
អ្នកមិនអាចដោះស្រាយបញ្ហាទាំងអស់របស់ពួកគេបានទេ ប៉ុន្តែតើមានអ្វីដែលអ្នកអាចធ្វើបានដើម្បីជួយដោះស្រាយបញ្ហារបស់ពួកគេ? អ្នកអាចរកបញ្ហាណាមួយរបស់ពួកគេ ហើយមកដោះស្រាយតាមតែអាចធ្វើទៅបាន។ ប្រហែលជាពួកគេត្រូវការប្រាក់ខ្លះ ឬ ក៏ខ្ជិលពេកក្នុងការធ្វើកិច្ចការផ្ទះ។ អ្នកអាចជួយពួកគេជាមួយនឹងការបោកគក់ ឬ ផ្តល់ជាថវិកាជាដើម។
៣. ណែនាំទៅរកពេទ្យជំនាញផ្លូវចិត្ត និង ជួយចេញលុយឱ្យ
ប្រសិនបើអ្នកប្រាកដថាមិត្តរបស់អ្នកមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ សូមណែនាំពួកគេឱ្យទៅជួបគ្រូពេទ្យផ្នែកព្យាបាលជំងឺផ្លូវចិត្ត ហើយបង់ប្រាក់ជំនួសពួកគេ។ គ្រូពេទ្យព្យាបាលអាចចេញវេជ្ជបញ្ជាថ្នាំមួយចំនួនដើម្បីធ្វើឱ្យពួកគេមានអារម្មណ៍ធូរស្រាល និងជួយពួកគេឱ្យឆ្លងកាត់បញ្ហារបស់ពួកគេ៕
ចែករំលែកព័តមាននេះ