រាជធានីភ្នំពេញ ៖ ចាប់ពីពេលនេះទៅកម្ពុជា នឹងអនុវត្ត «យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧» ។ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប ជាឧស្សាហកម្មមួយដែលមានចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ដោយផ្តោតទៅលើផលិតផលថ្លៃខ្ពស់ និងមានលក្ខណៈពិសេស មានភាពប្រកួតប្រជែងខ្ពស់ ។
ក្នុងពិធីផ្សព្វផ្សាយដាក់ឱ្យអនុវត្ត «យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧» នេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ឯកសារគោលនយោបាយនេះ នឹងក្លាយទៅជាផែនទីបង្ហាញផ្លូវក្នុងការតម្រង់ផែនការសកម្មភាពរបស់ក្រសួងស្ថាប័ន ក្នុងការកំណត់នូវចក្ខុវិស័យរួម សំដៅផ្លាស់ប្តូរវិស័យនេះឱ្យទៅជាឧស្សាហកម្មមួយដែលមានចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ដោយផ្តោតទៅលើផលិតផលថ្លៃខ្ពស់ និងមានលក្ខណៈពិសេស មានភាពប្រកួតប្រជែងខ្ពស់ និងជាមូលដ្ឋានគាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ចមុនដំណាច់ឆ្នាំ ២០២៧ ។
វិស័យកាត់ដេរ ផលិតស្បែកជើង និងការបូប បានដើរតួរជាចន្ទល់សេដ្ឋកិច្ចយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ចាប់តាំងពីទស្សវត្សរ៍ឆ្នាំ ១៩៩០ ។ លោក អ៊ិត សំហេង បានឱ្យដឹងថា វិស័យនេះបានចាប់ផ្តើមជាមួយនឹងរោងចក្រចំនួន ៦៤ ដែលមានកម្មករនិយោជិតចំនួនប្រមាណ ៨ ម៉ឺននាក់នៅក្នុងឆ្នាំ ១៩៩៧ ប៉ុន្តែបច្ចុប្បន្នបានកើនឡើងជាង ១២០០ រោងចក្រ ដែលមានកម្មករនិយោជិតប្រមាណ ៨០ ម៉ឺននាក់ ប្រាក់ឈ្នួលអប្បបរមា បានកើនឡើងជាបន្តបន្ទាប់ ដោយកើនពី ៤០ ដុល្លារអាម៉េរិក នៅក្នុងឆ្នាំ ១៩៩៧ ដល់ ១៩៤ ដុល្លារអាម៉េរិក សម្រាប់ឆ្នាំ ២០២២ ហើយបើបូកទាំងអត្ថប្រយោជន៍ផ្សេងៗ កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួលជាមធ្យមចន្លោះពី ២១១ ដុល្លារអាម៉េរិក ដល់ ២២២ ដុល្លារអាម៉េរិក ក្នុងមួយខែ ។ ជារួមមានប្រជាពលរដ្ឋកម្ពុជា យ៉ាងហោចណាស់ពី ២,៥ លាន ទៅ ៣ លាននាក់ ដែលអាស្រ័យផលពីវិស័យនេះ ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បាននិយាយថា «យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិត ស្បែក ជើង និងកាបូបកម្ពុជា» នេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ព្រោះវាជាយុទ្ធសាស្ត្រគួបផ្សំ និងបំពេញឱ្យគ្នាយ៉ាងល្អបំផុតជាមួយនឹងក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០១៩-២០២៣ ដែលរាជរដ្ឋាភិបាលបានដាក់ចេញកាលពីខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ ។ លោកថា ក្រសួងពាណិជ្ជកម្មបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមសហការអនុវត្តយុទ្ធសាស្ត្រនេះឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅជំរុញការវិនិយោគក្នុងស្រុក និងលើកកម្ពស់វិស័យទាំងបី ដើម្បីអាចបូកតម្លៃបន្ថែមទៅក្នុងខ្សែច្រវ៉ាក់តម្លៃក្នុងតំបន់ឱ្យបានកាន់តែច្រើនបន្ថែមទៀត ។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថាការដាក់ឱ្យអនុវត្តឯកសារយុទ្ធសាស្ត្រសម្រាប់ វិស័យកាត់ដេរ ផលិតស្បែកជើង និង កាបូបកម្ពុជា នេះ ជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិ បាលកម្ពុជា ដើម្បីផ្ដល់ជាផែនទីបង្ហាញផ្លូវ សម្រាប់ភាគីពាក់ព័ន្ធរួមគ្នាជំរុញការអភិវឌ្ឍវិស័យកាត់ដេរ ។ លោកបានបន្តថា «ក្នុងរយៈពេលមធ្យម និងវែង វិស័យកាត់ដេរនឹងនៅតែបន្តជាចន្ទល់កំណើនសេដ្ឋកិច្ចមួយ ប្រកប ដោយសក្ដានុពល តាមរយៈការពង្រីក និងពង្រឹងមូលដ្ឋានឧស្សាហកម្មក្នុងស្រុកសម្រាប់ការនាំចេញ និងការចូលរួមតភ្ជាប់សេដ្ឋកិច្ចជាតិ ទៅនឹងខ្សែច្រវ៉ាក់តម្លៃតំបន់ និងសកល ដោយឈរលើកត្តាឧត្តមភាពប្រកួតប្រជែងមួយចំនួន ជាពិសេសប្រាក់ឈ្នួល និងថ្លៃផលិតកម្មប្រកួតប្រជែង ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម និងបរិយាកាស វិនិយោគអំណោយផលជាដើម ៕
ចែករំលែកព័តមាននេះ