លោក វ៉ាត់ ចំរើន ដឹកនាំក្រុមប្រតិភូកីឡាកម្ពុជាទៅចូលរួមកិច្ចប្រជុំនាយបេសកកម្មស៊ីហ្គេម នៅវៀតណាម
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិ
រាជធានីភ្នំពេញ ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិ
រាជធានីភ្នំពេញ ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC ទទួលបន្ទុកនាយបេសកកម្មស៊ីហ្គេមបានដឹកនាំប្រតិភូកីឡាកម្ពុជា ចេញដំណើរពីមាតុប្រទេស នាល្ងាចថ្ងៃទី១៧ ខែមីនានេះ ទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំ នាយបេសកកម្ម១១ប្រទេស នៃតំបន់អាស៊ីអាគ្នេយ៍ ត្រៀមការប្រកួតស៊ីហ្គេម លើកទី៣១ នាខែឧសភា ឆ្នាំ២០២២។
ឯកឧត្តមនាយបេសកកម្មថ្លែងមុនពេលចេញដំណើរថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ក៏ដូចជាឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ឯកឧត្តមបានដឹកនាំប្រតិភូនាយបេសកកម្មកម្ពុជា ទៅចូលរួមកិច្ចប្រជុំនាយបេសកកម្ម ជាលើកចុងក្រោយដ៏មានសារសំខាន់បំផុត មុនការបញ្ជូនកីឡាករ កីឡាការិនីជម្រើសជាតិ ចូលរួមប្រកួត ស៊ីហ្គេម នៅវៀតណាម ដោយគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី១២ ខែឧសភា តទៅ។«គណៈប្រតិភូចេញទៅពេលនេះ គឺដើម្បីពិនិត្យមើលការរៀបចំជាមុន នូវកន្លែងហូបចុក ស្នាក់នៅ ការដឹកជញ្ជូន បដិសណ្ឋារកិច្ច របៀបរបបរៀបចំដឹកនាំរបស់ម្ចាស់ផ្ទះស៊ីហ្គេម វៀតណាម ក៏ដូចជាដាក់បង្ហាញនូវទីលានប្រកួតចុងក្រោយ។ អ្វីដែលពិសេស គឺក្រុមប្រតិភូ ក្រុមកីឡាករ កីឡាការិនីកម្ពុជា នឹងចូលរួមក្នុងទ្រង់ទ្រាយធំជាងគេ គឺជាង ៥០០នាក់»។
ប្រតិភូ១ក្រុមទៀត គឺជាប្រតិភូជាន់ខ្ពស់របស់គណៈកម្មាធិការជាតិ CAMSOC ដែលដឹកនាំផ្ទាល់ដោយសម្តេចពិជ័យសេនា ទៀ បាញ់ អមដំណើរដោយឯកឧត្តមបណ្ឌិត ថោង ខុន ដើម្បីចូលរួមទទួលទង់ស៊ីហ្គេម ពីម្ចាស់ផ្ទះវៀតណាម បន្តវេនឆ្ពោះមកស៊ីហ្គេម ឆ្នាំ២០២៣ របស់ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ដែលជាថ្ងៃពិធីបិទការប្រកួតស៊ីហ្គេមជាផ្លូវការនៃស៊ីហ្គេមវៀតណាម។ នៅក្នុងពិធីបិទនេះ ក៏មានការសម្តែងពីក្រុមសិល្បៈវប្បធម៌កម្ពុជា ដើម្បីទទួលស្វាគមន៍ភ្ញៀវ និងអត្តពលិកអាស៊ីអាគ្នេយ៍ ឆ្ពោះមកស៊ីហ្គេម ឆ្នាំ២០២៣របស់កម្ពុជា។ ដូច្នេះបេសកកម្មនេះ ពិតជាមានសារសំខាន់ណាស់ ដើម្បីចូលរួមកិច្ចប្រជុំផង និងធ្វើការសង្កេតពិនិត្យ ដកស្រង់បទពិសោធន៍នៃរបៀបគ្រប់គ្រង ដឹកនាំព្រឹត្តិការណ៍ស៊ីហ្គេមនេះ មកច្នៃប្រឌិតបន្ថែម និងអនុវត្តនៅស៊ីហ្គេម ឆ្នាំ២០២៣ របស់យើងឲ្យទទួលបានជោគជ័យ។
«ដូច្នេះ នេះគឺជាបេសកកម្មដ៏ធំមួយ ដែលសម្តេចពិជ័យសេនា ទៀ បាញ់ ក៏ដូចជាឯកឧត្តមបណ្ឌិត ថោង ខុន បានដាក់ទិសដៅឲ្យក្រុមយើងនេះ ជាក្រុមពិសេសមួយ ដែលអាចរៀបចំបានល្អ ដកពិសោធន៍យកមករៀបចំស៊ីហ្គេម ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាយើងផងដែរ»។ឯកឧត្តមនាយបេសកកម្មស៊ីហ្គេមរបស់កម្ពុជារូបនេះ សង្កត់ធ្ងន់ដែរថា ដំណើរកិច្ចប្រជុំលើកនេះ ក៏ផ្តោតសំខាន់លើការយកបញ្ជីឈ្មោះចុងក្រោយរបស់ប្រតិភូ កីឡាករ កីឡាការិនីកម្ពុជាជាង៥០០នាក់នេះ ទៅប្រគល់ជូនគណៈកម្មការស៊ីហ្គេមវៀតណាមផងដែរ។
ក្នុងដំណើរកិច្ចប្រជុំរយៈពេល៣ថ្ងៃនេះ ក៏នឹងមានកិច្ចប្រជុំពិសេសមួយរវាង CAMSOC និងគណៈកម្មាធិការ ស៊ីហ្គេម វៀតណាមផងដែរ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការរវាងស៊ីហ្គេមវៀតណាម និងស៊ីហ្គេមរបស់កម្ពុជា ថាតើវៀតណាមអាចជួយលើផ្នែកណាខ្លះ ដូចជាការបណ្តុះបណ្តាល បច្ចេកវិទ្យាហ្គេម ឬបទពិសោធន៍អ្វីខ្លះ ដែលម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣កម្ពុជា បានស្នើនូវសំណូមពរទាំងនោះ។
ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ជូនទៀតថា កម្ពុជាដែលត្រៀមចូលរួមជាង៥០០នាក់នេះ គឺលើ៣៣ប្រភេទកីឡា ដែលចំនួននេះ មិនប្រាកដថាត្រូវទៅទាំងអស់នោះទេ គឺអាចមានដកខ្លះៗជាមួយនិងការពិនិត្យលទ្ធភាពនៃគុណផលកីឡារបស់កីឡាករ ឬកីឡាការិនីនៃប្រភេទកីឡាមួយចំនួន។ នៅពេលត្រឡប់មកវិញ យើងនឹងអាចពិនិត្យបន្ថែមនូវការផ្លាស់ប្តូរ ដែលព្រឹត្តិការណ៍កីឡាស៊ីហ្គេម ទុកលទ្ធភាពឲ្យគ្រប់ប្រទេសទាំងអស់ អាចដោះដូរចំនួនកីឡាករ កីឡាការិនីមួយចំនួន៕
ចែករំលែកព័តមាននេះ