បិទការដ្ឋានកាយដី២កន្លែងក្នុងតំបន់អភិរក្សត្រីមេពូជបឹងពារាំង បន្ទាប់ពីផ្ទុះហិ.ង្សា
- សៀមរាប
អាជ្ញាធរក្រុងសៀមរាប បានសម្រេចចុះបិទការដ្ឋានកាយដីចំនួន២កន្លែង នៅក្នុងតំបន់អភិរក្សត្រីមេពូជ បឹងពារាំង ស្ថិតក្នុងភូមិ
អាជ្ញាធរក្រុងសៀមរាប បានសម្រេចចុះបិទការដ្ឋានកាយដីចំនួន២កន្លែង នៅក្នុងតំបន់អភិរក្សត្រីមេពូជ បឹងពារាំង ស្ថិតក្នុងភូមិ
ខេត្តសៀមរាប ៖ អាជ្ញាធរក្រុងសៀមរាប បានសម្រេចចុះបិទការដ្ឋានកាយដីចំនួន២កន្លែង នៅក្នុងតំបន់អភិរក្សត្រីមេពូជ បឹងពារាំង ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ បន្ទាប់ពីផ្ទុះហិ.ង្សាបង្កជារបួសស្នាមនឹងគ្នា។ ការចុះបិទទីតាំងនៅតំបន់ បឹងពារាំងនេះ ធ្វើឡើងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប ក្រោយពីម្ចាស់ការដ្ឋានទាំង២ ផ្ទុះហិ.ង្សាបង្កជារបួសស្នាមនឹងគ្នា។
តំណាងរដ្ឋបាលក្រុងសៀមរាប លោក ហាយ យង់ ដែលដឹកនាំកម្លាំងចុះបិទផ្ទាល់ បានឱ្យដឹងថា ការបិទការដ្ឋានកាយរណ្តៅដីក្នុងបឹងពារាំង ទាំង២កន្លែងនេះ គឺធ្វើទៅតាមបញ្ជាថ្នាក់លើ។ លោក ហាយ យ៉ង់ បន្តថា ក្រុមហ៊ុនជីកដីខាងលើ ទី១- ស្ថិតក្រោមការគ្រប់គ្រងដោយសហគមន៍បឹងពារាំង និងមានឈ្មោះ សាន្ត រដ្ឋស៊ីង ជាម្ចាស់គ្រឿងចក្រ ។ ទី២- ក្រោមការគ្រប់គ្រងរបស់សហគមន៍នេសាទចុងឃ្នៀស ដែលមាន ឈ្មោះ ហាប់ ដា ម្ចាស់គ្រឿងចក្រ។
ការឈានទៅដល់បិទការដ្ឋាននេះ មូលហេតុ គឺក្រុមហ៊ុនជីកដីទាំង២ខាងលើ ធ្វើការមិនសហការគ្នា បង្កភាពអនាធិបតេយ្យ ដឹកជញ្ជូនមិនបាញ់ទឹកបង្កឱ្យមានការហុយដីធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ហើយឈានដល់ការប្រើប្រាស់ហិ.ង្សាបង្កជារបួសស្នាមតែម្តង។
លោក ហាយ យ៉ង់ បន្ថែមថា ក្នុងកិច្ចសន្យាក្រុមហ៊ុនខាងលើ ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួន ប៉ុន្តែពួកគេបំពានកិច្ចសន្យា ហើយបង្កជារបួសស្នាមថែមទៀត។ អ៊ីចឹងហើយ ទើបថ្នាក់លើសម្រេចបិទអាជីវកម្មបែបនេះ ។
ទោះបីយ៉ាងណា លោក ហាយ យ៉ង់ ថា សុំមិនធ្វើអធិប្បាយចំពោះរឿងបង្ករបួសស្នាមនោះទេ ដោយលោកបញ្ជាក់ថា បទល្មើសព្រហ្មទណ្ឌ ទុកឱ្យសមត្ថកិច្ចជំនាញអនុវត្តតាមនីតិវិធី។ ប៉ុន្តែ លោកបញ្ជាក់ថា ចំពោះការបិទការដ្ឋានជីកដីក្នុងបឹងពារាំង គឺមិនមានថ្ងៃកំណត់ឡើយ ប្រសិនបើគ្មានបញ្ជាពីថ្នាក់លើ។
សូមបញ្ជាក់ថា បឹងពារាំង ជាតំបន់អភិរក្សត្រីមេពូជដ៏សំខាន់មួយក្នុងខេត្តសៀមរាប។ បឹងនេះ ត្រូវបានអនុញ្ញាតឱ្យមានការជីកស្តារ ដើម្បីរក្សាទឹកសម្រាប់សង្គ្រោះត្រី និងសត្វស្លាបនារដូវប្រាំង។ ប៉ុន្តែដោយការដណ្តើមប្រយោជន៍គ្នា ក្រុមហ៊ុនជីកដីទាំង២ខាងលើ មិនគោរពកិច្ច សន្យាឡើយ ហើយឈានដល់ការបង្ករបួសស្នាមទៀត ទើបអាជ្ញាធរសម្រេចបិទអាជីវកម្មជីកស្តារជាបណ្តោះអាសន្នតែម្តង៕
ចែករំលែកព័តមាននេះ