នៅក្នុងគាថាធម្មបទបានលើកឡើងថា ពេលវេលាគឺ យប់ និងថ្ងៃតែងទំពាស៊ីនូវអាយុជីវិតសត្វទាំងឡាយក្នុងត្រៃភពជាដរាបមក ពេលវេលាតែងកន្លងទៅមិនរង់ចាំអ្នកណាឡើយ បើដូច្នេះតើថ្ងៃនេះអ្នកបានប្រព្រឹត្តធ្វើនូវអ្វីខ្លះឱ្យជាប្រយោជន៍ហើយឬនៅ ?
ច្បាស់ណាស់មនុស្សយើងមិនមានពេលវេលាច្រើនទេសម្រាប់ជីវិតមួយនេះ ។ ចូរកុំមានសេចក្តីប្រមាទច្រើនពេក ពីព្រោះអ្នកនឹងមានវិប្បដិសារៈ សេចក្តីស្តាយក្រោយនៅថ្ងៃណាមួយជាក់ជាពុំខានឡើយ ។
ព្រះពុទ្ធសាសនា បង្រៀនមនុស្សអំពីគុណតម្លៃរបស់ពេលវេលា និងការសន្សំសំចៃដោយឱ្យអ្នកប្រតិបត្តិប្រព្រឹត្តខ្លួនជាបុគ្គលគំរូ និងជាបុគ្គលសប្បុរសក្នុងការរំពឹងមើលនូវសច្ចធម៌តាមហេតុ និងផល ប្រកបដោយយោនិសោមនសិការៈ ដោយបញ្ញារបស់ខ្លួនដោយជាក់ច្បាស់ ។
បើអ្នកមិនអាចផ្តល់នូវសេចក្តីសុខដល់ខ្លួនឯងបានផង សូមកុំផ្តល់សេចក្តីទុក្ខដល់អ្នកដទៃទៀត ពីព្រោះមនុស្សរាល់រូបាតែងតែប្រាថ្នានូវសេចក្តីសុខស្ងប់ ប្រាសចាកសេចក្តីទុក្ខសម្រាប់ជីវិតរបស់ពួកគេ ចូរសន្សំសេចក្តីល្អពីឥឡូវនេះទៅ ពីព្រោះពេលវេលាមិនរង់ចាំអ្នកទេ ៕ សាន សារិន
ចែករំលែកព័តមាននេះ