ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិពល​​ថ្នាំញៀន! យុវជនម្នាក់ ខឹងម្តាយស្តី​បន្ទោស ដុតផ្ទះឆេះខ្ទេច!

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃ២០ ខែមករា ឆ្នាំ២០២២ នេះ មន្ត្រីនគរបាលជំនាញក្រុងប៉ៃលិន បានចាប់បញ្ជូនបុរសម្នាក់ ជាអ្នក​ញៀនថ្នាំ ទៅតុលាការខេត្ត។ បុរសនេះ…

ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃ២០ ខែមករា ឆ្នាំ២០២២ នេះ មន្ត្រីនគរបាលជំនាញក្រុងប៉ៃលិន បានចាប់បញ្ជូនបុរសម្នាក់ ជាអ្នក​ញៀនថ្នាំ ទៅតុលាការខេត្ត។ បុរសនេះ បានប្រើប្រាស់ថ្នាំញៀន រហូតដល់កម្រិត (ជិតបែកថ្នាំ) ហើយខឹងម្ដាយបង្កើត ស្ដីបន្ទោសបន្តិចបន្តួច ក៏យកភ្លើង ទៅដុតផ្ទះឆេះខ្ទេចអស់រលីង ម្តាយស្ទើរតែរត់ចេញពីផ្ទះមិនទាន់។

ហេតុការណ៍នោះ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់ ទើបអ្នកជិតខាង ប្តឹងឱ្យនគរបាល យករថយន្តពន្លត់អគ្គិភ័យ ទៅជួយអន្តរាគមន៍ និងចាប់​កូន​តិរច្ឆាន​នោះ។

សូមបញ្ជាក់ថា កូនប្រុសញៀនថ្នាំ យកភ្លើងដុតផ្ទះខ្លួនឯង បណ្តាលឱ្យឆេះរត់ចែកជើងគ្នានេះ បានកើតឡើង កាលពី​វេលាម៉ោងប្រហែល ១០ និង១០នាទី ​​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

​សមត្ថកិច្ចបានឲ្យដឹងថា ​ម្ចាស់ផ្ទះ មាន​ឈ្មោះ ថាន ឃាន ភេទស្រី អាយុ ៥៤ឆ្នាំ ជាស្រ្តីមេម៉ាយ។ ចំណែកជនសង្ស័យ ជាកូនប្រុស ញៀនថ្នាំបង្កហេតុ មានឈ្មោះ ឈួន ឆែប ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅក្នុងភូមិ សង្កាត់ កើតហេតុខាងលើ។

ប្រភពបន្តទៀតថា មុនពេលកើតហេតុ ម្តាយបានណែនាំកូនប្រុសរបស់ខ្លួន ឱ្យឈប់ដើរលេង និងសេពគប់ជាមួយ​មិត្តភក្តិមិនល្អ។ ថែមទាំងណែនាំឱ្យឈប់បន្តប្រើប្រាស់គ្រឿងញៀន។ លុះស្តីបន្ទោសចុះឡើងៗ បណ្តាលឱ្យកូនប្រុសរូបនេះ ខឹង ក៏រត់ទៅទាញយកដែកកេះ ពីក្នុងផ្ទះ មកលួចដុតផ្ទះ​ ខណ:ពេលដែលម្តាយកំពុងតែដេកលង់លក់ បង្កជាអណ្តាតភ្លើង សន្ធោរសន្ធៅ ផ្អើលដល់អ្នកភូមិ ស្រែកហៅម្ចាស់ផ្ទះ។ ម្តាយ ក៏ស្ទុះរត់ចេញស្ទើរមិនទាន់។ ទើបប្តឹងនគរបាលឱ្យ​យករថយន្ត​ពន្លត់អគ្គិភ័យ ជួយអន្តរាគមន៍។

ក្រោយមកជនសង្ស័យ ត្រូវបានចាប់ឃាត់ខ្លួន និងបញ្ជូនទៅអធិការក្រុងប៉ៃលិន ដើម្បីសាកសួរ ដោយរូបគេបានសារភាពថា ខ្លួនពិតជាបានដុតផ្ទះមែន ព្រោះខឹងម្តាយស្តីបន្ទោស។ ប៉ូលិស ក៏កសាងសំណុំរឿង បញ្ជូនខ្លួនបុរសនោះ ទៅតុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

នគរបាលបញ្ជាក់ថា ផ្ទះស្រ្តីរងគ្រោះ ដែលខូចខាតនោះ មានទំហំ ៥ម X ៧ម ធ្វើពីឈើ ប្រក់ស័ង្កសី ជញ្ជាំងបាំងស័ង្កសី ខូចខាត​ទាំងស្រុង។ ក្នុងអន្តរាគមន៍នោះ សមត្ថកិច្ច បានប្រើរថយន្តចំនួន ០៣គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន ០២គ្រឿង៕ នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ