ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា វិលត្រឡប់មកដល់មាតុប្រទេសវិញ ដោយសុវត្ថិភាព បន្ទាប់ពីបំពេញទស្សនកិច្ច ២ថ្ងៃ នៅមីយ៉ាន់ម៉ា នាថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២។ ប្រមុខការទូតកម្ពុជា ដែលជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ទទួលបន្ទុកមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន បានចាត់ទុកថា ទស្សនកិច្ចការងាររបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៅមីយ៉ាន់ម៉ា គឺជាចំណុចប្រវត្តិសាស្ត្រថ្មីមួយ ដែលបញ្ជាក់ពីការប្តេជ្ញាចិត្ត និងស្មារតីចូលរួមចំណែករបស់កម្ពុជា ក្នុងការកសាងសន្តិភាព និងស្ថិរភាពដល់ប្រទេសមីយ៉ាន់ម៉ា ព្រមទាំងសំដៅធានាឱ្យបានថា អាស៊ាន នឹងពេញឡើងវិញ។
នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយពេលត្រឡប់មកកម្ពុជាវិញ នៅរសៀលថ្ងៃទី៨មករានេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីម្តងទៀតថា សុខមាលភាព និងផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ាគ្រប់រូប ដោយគ្មានការរើសអើង គឺជាស្នូលនៃកិច្ចខិតខំប្រឹងប្រែងនេះ។
ជាមួយគ្នានេះ លោកប្រមុខការទូតកម្ពុជា ដែលជាប្រេសិនប្រធានអាស៊ាន ទទួលបន្ទុកមីយ៉ាន់ម៉ា បានឆ្លើយតបនឹងការរិះគន់ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅមីយ៉ាន់ម៉ា ពេលនេះ។
លោក ប្រាក់ សុខុន លើកឡើងថា «…ការដែលគេថា សម្តេចតេជោ នាយករដ្ឋមន្ត្រី ទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា គឺថា ជួយទទួលស្គាល់របបនៅទីក្រុងណៃពិដោ។ ប៉ុន្តែតាមការពិត ដូចខ្ញុំបានបកស្រាយកន្លងទៅហើយ គឺថា បើយើងនិយាយពីការទទួលស្គាល់ហ្នឹង គឺវាជាពាក្យមួយដែលមិន… មិន… មិនចាំបាច់នៅក្នុងការលើកនៅទីនេះទេ ពីព្រោះប្រទេសនានា បានរក្សានូវទំនាក់ទំនងការទូតរបស់ខ្លួនជាមួយនឹងរបបក្រុងណៃពិដោ រហូតមកដល់សព្វថ្ងៃនេះ។ នៅក្នុងចំណោមស្ថានទូត ស្ថានបេសកកម្មរបស់មីយ៉ាន់ម៉ា ជាង ៤០ស្ថានទូត នៅជុំវិញពិភពលោក គឺគ្រប់ស្ថានទូតទាំងអស់ ត្រូវបានរក្សាទំនាក់ទំនងការទូតទាំងអស់ ត្រូវបានរក្សា សូម្បីតែប្រទេសនានា ដែលបន្តទំនាក់ទំនង ក៏មានស្ថានទូតនៅទីក្រុងយ៉ាងហ្គូ ហើយបន្តទំនាក់ទំនងការទូត ធ្វើការធម្មតាជាមួយទីក្រុងណៃពិដោ ផងដែរ។ អីចឹង នេះមិនមែនជាការទទួលស្គាល់អីទេ គ្រាន់តែជាការបន្តបំពេញការងាររវាងប្រទេសយើងទាំងពីរតែប៉ុណ្ណោះ»។
សូមរម្លឹកថា នៅពេលអញ្ជើញទៅដល់ទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧មករា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបពិភាក្សាការងារភ្លាម ជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ មីន អោងឡាំង។ នៅយប់ថ្ងៃទី៧មករា កម្ពុជា-មីយ៉ាន់ម៉ា បានចេញសេចក្តីប្រកាសរួម អំពី លទ្ធផល នៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។
សេចក្តីប្រកាស លើកឡើងថា តបតាមការអញ្ជើញរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនិងជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ២០២២។
នៅក្នុងជំនួបរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាអំពីបញ្ហាទ្វេភាគី និងបញ្ហាតំបន់មួយចំនួន ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម។ ថ្នាក់ដឹកនាំទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមក អំពីការវិវត្តថ្មីៗនៅក្នុងប្រទេសរៀងៗ ខ្លួន។
ទាក់ទងនឹងការវិវត្តថ្មីៗនៅមីយ៉ាន់ម៉ា ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បានជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ថារដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រកាសបទឈប់បាញ់គ្នា ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ ក្នុងរយៈពេល ៥ខែ រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២២ និងបានសម្រេចពន្យារបទឈប់បាញ់គ្នាបន្ថែមទៀត រហូតដល់ចុងឆ្នាំ២០២២។
ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យទទួលអនុវត្តបទឈប់បាញ់គ្នា ដើម្បីផលប្រយោជន៍ប្រទេសជាតិនិងប្រជាជន បញ្ឈប់រាល់អំពើហិង្សា និងប្រកាន់នូវភាពអត់ធ្មត់ខ្ពស់បំផុត ដែលទង្វើទាំងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងនូវការគាំទ្រយ៉ាងខ្លាំង ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង និងបើកផ្លូវឱ្យមានកិច្ចសន្ទនា ប្រកបដោយស្មារតីស្ថាបនា រវាងភាគីពាក់ព័ន្ធទាំងអស់ សំដៅឈានទៅសម្រេចបាននូវសន្ថិភាពយូរអង្វែង និងការអភិវឌ្ឍជាតិ។
ក្នុងន័យនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ បានស្វាគមន៍ការចូលរួមរបស់ប្រេសិតពិសេស របស់ប្រធានអាស៊ាន ស្តីពី មីយ៉ាន់ម៉ា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាអំពីបទឈប់បាញ់ ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិច។ ជំហានដ៏សំខាន់នេះ ត្រូវបានចែងក្នុងកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន។
ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា ជាពិសេសប្រជាជនដែលកំពុងត្រូវការជំនួយបំផុត ថ្នាក់ដឹកនាំទាំងពីរបានគាំទ្រឱ្យមានកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធ រួមមានប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា អគ្គលេខាធិការអាស៊ាន តំណាងមជ្ឈមណ្ឌលអាស៊ានដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) និងក្រុមការងារថ្នាក់ជាតិដើម្បីសម្របសម្រួលការផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ានដើម្បីសម្របសម្រួលជំនួយមនុស្សធម៌និងគ្រប់គ្រងគ្រោះមហន្តរាយ សង្គមកាកបាទក្រហមមីយ៉ាន់ម៉ា និងភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិដែលពាក់ព័ន្ធ។
ភាគីទាំងពីរ បានទទួលស្គាល់នូវសារៈសំខាន់យ៉ាងខ្លាំងក្នុងការបង្កើតឱ្យមានយន្តការ និងហេដ្ឋារចនាសម្ព័ន្ធសមស្រប ដើម្បីអនុវត្តកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស្របជាមួយនឹងការផ្ដល់ជំនួយមនុស្សធម៌អោយមានប្រសិទ្ធភាពដល់ប្រជាជនដែលត្រូវការបំផុត ដោយគ្មានការរើសអើង ដោយហេតុថា គ្មានអ្វីដែលសំខាន់ជាងការជួយសង្គ្រោះជីវិតមនុស្សនោះឡើយ។
ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បានអបអរសាទរចំពោះកម្ពុជា ដែលបានចូលកាន់តួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២២ និងស្វាគមន៍ចំពោះការតែងតាំង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រេសិតពិសេសរបស់ប្រធាន អាស៊ានស្តីពីមីយ៉ាន់ម៉ា និងបានសន្យាផ្តល់ការគាំទ្រដល់ប្រេសិតពិសេសដើម្បីបំពេញតួនាទីរបស់ខ្លួន ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ស្របតាមធម្មនុញ្ញអាស៊ាន។
ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ ក៏បានសង្កត់ធ្ងន់ថា ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច គួរតែជាការបំពេញបន្ថែមដើម្បីសម្រេចបានផែនទីបង្ហាញផ្លូវប្រាំចំណុចរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានចែករំលែកអំពីភាពជោគជ័យនៃគោលនយោបាយឈ្នះ-ឈ្នះរបស់កម្ពុជា ដែលសម្រេចបាននូវការផ្សះផ្សាជាតិ សន្តិភាពយូរអង្វែង ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព។ សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ថា តាមបទពិសោធន៍ និងមេរៀនដែលកម្ពុជាទទួលបានពីដំណើរការសន្តិភាព, សន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិ មិនអាចសម្រេចបានទេ ប្រសិនបើគ្មានការចូលរួម និងការព្រមព្រៀងគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ក្នុងស្មារតីនេះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ បានធានាការសម្របសម្រួលដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសនៅមីយ៉ាន់ម៉ា និងការជួបជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអង្គការប្រដាប់អាវុធជនជាតិភាគតិច ដោយពិចារណាទៅលើស្ថានការណ៍ជាក់ស្តែងនៅមីយ៉ាន់ម៉ា។
ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព ដែលមានស្រាប់រវាងប្រជាជនទាំងពីរ ជាពិសេសក្នុងបរិបទនៃវិបត្តិសុខភាពពិភពលោក។
ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្រាប់ជំនួយបន្ថែមទៀត រួមមាន ម៉ាស់ចំនួន ៣.២០០.០០០ ឯកសណ្ឋានការពារ (PPE) ចំនួន ៣០.០០០ ម៉ាស៊ីនជំនួយការដកដង្ហើម ចំនួន ៥០ គ្រឿង ឧបករណ៍តាមដានអ្នកជំងឺ ចំនួន ៥០គ្រឿង ឧបករណ៍ផលិតអុកស៊ីហ្សែន ចំនួន ៥០ គ្រឿង និងសម្ភារៈបរិក្ខារពេទ្យមួយចំនួនទៀត ដើម្បីជួយមីយ៉ាន់ម៉ាក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ-១៩។
កិច្ចប្រជុំខាងលើ បានបញ្ចប់ទៅក្នុងបរិយាកាសយល់គ្នាទៅវិញទៅមក និងដោយស្មោះត្រង់៕
ចែករំលែកព័តមាននេះ