ត្បូងឃ្មុំ៖ ប្រតិបត្តិការបង្ក្រាប និងចុះដកហូតទំនិញខូចគុណភាព នៅក្នុងភូមិសាស្ត្រស្រុក និងក្រុងសួង ខេត្តត្បូងឃ្មុំ បានធ្វើឡើងចាប់តាំងពីដើមខែធ្នូ និងបន្តមកដល់ចុងខែធ្នូ ដោយបង្ក្រាបបានជាច្រើនករណី។ ក្នុងប្រតិបត្តិការនោះ អាជ្ញាធរសមត្ថកិច្ច រឹបអូស អាល់កុលក្លែងក្លាយ ១៨០០លីត្រ និងទំនិញខូចគុណភាព រួមទាំងវត្ថុតាងមួយចំនួន ដោយត្រូវដុតកម្ទេចចោល នាពេលនេះ។
ក្រុមមន្ត្រីជំនាញ ក៏បានណែនាំដល់អាជីវករ ឲ្យបញ្ឈប់សកម្មភាពលក់ទំនិញខូចគុណភាពដែលនាំឲ្យប៉ះពាល់ដល់សុខភាពរបស់មនុស្ស។
គួររំលឹកថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តត្បូងឃ្មុំ ដុតបំផ្លាញចោលនូវផលិតផលអាល់កុល ដែលមានសារធាតុមេតាណុល ចំនួន ១៨០០ លីត្រ (មួយពាន់ប្រាំបីរយលីត្រ) និងទំនិញភេសជ្ជៈចម្រុះ ខូចគុណភាពចំនួន ១៥០ កញ្ចប់(Packages)= ៦៥ លីត្រ ដែលមន្ត្រីស៊ើបអង្កេតនៃសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ បានត្រួតពិនិត្យ និងធ្វើតេស្តរកឃើញ ហើយធ្វើការប្រមូលដកហូតចេញពីទីផ្សារនានា នៅក្នុងខេត្តត្បូងឃ្មុំ ដោយយកមករក្សាទុកនៅកន្លែងឱ្យបានច្រើនទើបធ្វើការដុតកម្ទេចចោលម្ដង។
សកម្មភាពដុតអាល់កុលក្លែងក្លាយ និងទំនិញខូចគុណភាពទាំងនោះ ធ្វើឡើង នៅទីតាំងចាក់សំរាម ស្ថិតក្នុងភូមិក្រញូង ឃុំវាលម្លូ ស្រុកពញាក្រែក ដែលប្រព្រឹត្តិទៅដោយយោងតាមគោលការណ៍អនុញ្ញាតពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដោយសាខា ក.ប.ប. ខេត្ត សហការជាមួយមន្ទីរបរិស្ថាន មន្ទីរពាណិជ្ជកម្ម មន្ទីរព័ត៌មានខេត្ត នគរបាលប្រឆាំងបទល្មើសខេត្ត រួមជាមួយរដ្ឋបាលស្រុកពញាក្រែក និងអាជ្ញាធរឃុំវាលម្លូ។
លោក មាស មោរ៉ា ប្រធានសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា អាល់កុលទាំងនេះ គឺ៖ អាល់កុលក្លែងក្លាយ ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដូចជាធ្វើអោយពុលដល់ស្បែក ផ្លូវដង្ហើម ងងឹតភ្នែក និងស្លាប់បានបើផឹកវា ជាពិសេសមិនអាចកំចាត់មេរោគកូវីដ-១៩ បាននោះទេថែមទាំងប៉ះពាល់សុខភាពអ្នកប្រើប្រាស់ទៀតផង។
ជាមួយគ្នានោះ ប្រធានសាខា ក.ប.ប. ខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករសូមប្រុងប្រយ័ត្នមុននឹងទិញ ក៏ដូចជាប្រើប្រាស់អាល់កុល និងទំនិញលើទីផ្សារ ត្រូវពិនិត្យប្រភពឱ្យបានច្បាស់លាស់ជាមុនសិន ចៀសវាងប៉ះអាល់កុលក្លែងក្លាយ ទំនិញចំនីអាហារខូចគុណភាព ធ្វើឱ្យប៉ះពាល់សុខភាពបងប្អូនទៅថ្ងៃក្រោយ។ ជាពិសេសអ្នកផលិត និងអ្នកលក់ សូមកុំក្លែងបន្លំ និងបន្ថែមសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យខូចសុខភាពអ្នកទទួលទាន ព្រោះជាអំពើខុសច្បាប់ ដែលនឹងត្រូវទទួលទោសចំពោះមុខច្បាប់។
មន្ត្រីជំនាញកាំកុងត្រូល ទទូចដល់បងប្អូនអាជីវករ មុននឹងទទួលទំនិញយកមកលក់ ត្រូវតែពិនិត្យពិច្ច័យឱ្យបានច្បាស់លាស់ ដើម្បីចៀសវាងកុំឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់។ ក្រុមអាជីវករ នាពេល គ្រាន់តែទទួលនូវការអប់រំ ក្នុងជំហានដំបូង ដោយមិនបានពិន័យជាប្រាក់នោះទេ៕ ចាន់ ថេត
ចែករំលែកព័តមាននេះ