ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​កោះហៅ​ឯកអគ្គរាជទូត​ជប៉ុន​មក​សាកសួរ ក្រោយ​​​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ថ្លែង​ពី​បញ្ហា​តៃវ៉ាន់

2 ឆ្នាំ មុន

ចិន ៖ ក្រសួងការបរទេស​ចិន​បាន​កោះហៅ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ទីក្រុង​ប៉េ​កាំ​ង​មក​ប្រជុំ​ជា​បន្ទាន់​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ ទី​1 ធ្នូ

ចិន ៖ ក្រសួងការបរទេស​ចិន​បាន​កោះហៅ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ទីក្រុង​ប៉េ​កាំ​ង​មក​ប្រជុំ​ជា​បន្ទាន់​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ ទី​1 ធ្នូ ។ ការ​កោះហៅ​នោះ​កើតឡើង​ ក្រោយ​ពេល​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Abe Shinzo បាន​ប្រកាស​ថា​ ជប៉ុន​មិន​អាច​ឲ្យ​ចិន​ឈ្លានពាន​តៃវ៉ាន់​បាន​ឡើយ ព្រោះ​បើ​តៃវ៉ាន់​មាន​បញ្ហា ជប៉ុន​ក៏​នឹង​មាន​បញ្ហា​ដែរ​។

នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន លោកស្រី Hua Chunying ឧបការី​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន បាន​ហៅ​ការ​ថ្លែង​របស់​លោក Abe Shinzo ថា​ជា​ការ​ខុសឆ្គង និង​រំលោ.ភ​បទដ្ឋាន​នៃ​ទំនាក់ទំនង​រវាង​ចិន និង​ជប៉ុន​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងការបរទេស​ចិន​។

លោកស្រី​លើក​ឡើង​ទៀត​ថា «​ការ​ថ្លែង​របស់​លោក Abe ប្រឆាំង​ដោយ​បើកចំហរ​ទៅ​នឹង​អធិបតេយ្យភាព​របស់​ចិន និង​ផ្តល់​ការ​គាំទ្រ​យ៉ាង​មុតមាំ​ដល់​កងកម្លាំង​ឯករាជ្យ​តៃវ៉ាន់ ហើយ​ចិន​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ថ្លែង​នោះ​»។

សូម​រម្លឹក​ថា​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ លោក Abe Shinzo បាន​និយាយ​ថា ជប៉ុន​នឹង​មិន​អាច​ឲ្យ​ការ​ឈ្លានពាន​របស់​ចិន​លើ​កោះ​តៃវ៉ាន់​កើតឡើង​បាន​ឡើយ និង​បាន​ព្រមាន​មេដឹកនាំ​ចិន Xi Jinping កុំ​ឲ្យ​វាយតម្លៃ​ខុស​ពី​ស្ថានភាព​ក្នុង​តំបន់​។

លោក​បាន​លើក​ឡើង​ថា ជប៉ុន​ត្រូវ​តែ​ដាក់​ពង្រាយ​កងទ័ព​ជា​មុន ដើម្បី​ទប់ទល់​នឹង​ការ​បង្កហេតុ​ជា​បន្តបន្ទាប់​របស់​ចិន​ពី​ផ្លូវអាកាស និង​សមុទ្រ​។

លោក​បាន​បង្ហាញ​ថា កោះ​ជប៉ុន​ចំនួន​ពីរ​គឺ​កោះ Maejima និង​កោះ Yonaguni ស្ថិត​នៅ​ចំងាយ​ប្រហែល ១០០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​តៃវ៉ាន់ ហើយ​រាល់​ការ​ឈ្លានពាន​របស់​ចិន​ទៅ​លើ​តៃវ៉ាន់​គឺជា​ការ​គំ​រា​.​ម​កំហែង​ដ៏​ធំ​ដល់​ទឹកដី​របស់​ជប៉ុន ដូច្នេះ​ទីក្រុង​តូ​ក្យូ​មិន​អាច​ឲ្យ​រឿង​បែប​នោះ​កើតឡើង​បាន​នោះ​ទេ​។

លោក​និយាយ​ថា ប្រ​សិន​តៃវ៉ាន់​មាន​បញ្ហា ជប៉ុន​ក៏​នឹង​មាន​បញ្ហា​ដែរ​។ ទំនាក់ទំនង​ជប៉ុន និង​តៃវ៉ាន់​ប្រៀប​បាន​ទៅ​នឹង​សម្ព័ន្ធភាព​រវាង​ជប៉ុន និង​អា​មេ​រិ​ក​ដូច្នេះ​ដែរ​។ ការ​ពិត​នេះ ចិន​មិន​ត្រូវ​មើល​ស្រាល​ឡើយ​។

អតីត​នាយក​រដ្ឋមន្ត្រី​ដែល​កាន់​តំណែង​បាន​យូរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ជប៉ុន​រូប​នេះ​បាន​និយាយ​ទៀត​ថា ប្រ​សិន​ចិន ចាត់វិធានការ​យោធា​ប្រឆាំង​តៃវ៉ាន់ វា​នឹង​ជះ​ឥទ្ធិពល​ដល់​សេដ្ឋកិច្ច​ពិភពលោក​។ ទីក្រុង​ប៉េ​កាំ​ង​នឹង​រង​ការ​វា​.​យ​ប្រហារ​ដ៏​ធំ ខណៈ​ដែល​ការ​ខាតបង់​នឹង​មាន​ចំនួន​លើស​ពី​ការ​ទទួល​បាន​។

លោក​បាន​លើក​ឡើង​ទៀត​ថា តៃវ៉ាន់ និង​ជប៉ុន​គួរ​ពង្រឹងសមត្ថភាព​សេដ្ឋកិច្ច និង​យោធា​របស់​ខ្លួន ដើម្បី​ទប់ទល់​នឹង​ការ​ឈ្លានពាន​របស់​ចិន ខណៈ​នេះ​ផង​ដែរ​ត្រូវ​បន្ត​ការ​បញ្ចុះបញ្ចូល​ទីក្រុង​ប៉េ​កាំ​ង​ឲ្យ​អនុវត្តន៍​ដោំះ​ស្រាយ​សម​ហេតុផល និង​សន្តិវិធី​។

សូម​បញ្ជាក់​ថា លោក Abe Shinzo បាន​ចុះ​ចេញពី​តំណែង​នាយក​រដ្ឋមន្ត្រី​កាលពី​ឆ្នាំ​មុន​។ លោក​គឺជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​សេរី​ដែល​កំពុង​ដឹកនាំ​ប្រទេស និង​នៅ​តែ​ជា​បុគ្គល​ដ៏​មាន​ឥទ្ធិពល​ក្នុង​គណបក្ស​៕ (​យោង​តាម​ប្រភព​៖ Channel News Asia & Taiwan News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ