ពុទ្ធសាស្ត្រនិងវិទ្យាសាស្ត្របានបង្ហាញទស្សនៈផ្ទុយគ្នាទាក់ទងទៅនឹងកំណកំណើតរបស់មនុស្ស យោងតាមប្រវត្តិសាស្ត្រ អ្នកវិទ្យាសាស្ត្របានលើកឡើងថា មនុស្សយើងហ្នឹងក្លាយមកពីសត្វស្វា តើពាក្យនេះត្រឹមត្រូវដែរឬទេ ? ប្រសិនបើតាមន័យព្រះអភិធម្ម គឺមិនមានសភាពបែបនេះនៅក្នុងលោកទេ ព្រោះថាបដិសន្ធិរបស់សត្វណាគឺសត្វនោះ មានន័យថា ភវង្គគឺបដិសន្ធិដ៏បរិសុទ្ធរបស់សត្វ, ភវង្គរបស់ស្វាគឺស្វា, ភវង្គរបស់សត្វពស់គឺសត្វពស់, ភវង្គរបស់សត្វនាគគឺសត្វនាគមិនអាចកែប្រែបដិសន្ធិដើមរបស់សត្វបានឡើយ ។
បើដូច្នេះតើស្វាឯណាមកប្រែកាយជាមនុស្សទៅកើត សូម្បីតែស្វាមានឫទ្ធិចេះប្រែកាយយ៉ាងណាក៏ដោយ ព្រោះពូជបដិសន្ធិសត្វគឺសត្វ ដូចជាសត្វនាគអញ្ចឹងប្រែកាយជាមនុស្សហើយ ដល់ពេលដេកលក់ក៏ធ្លាក់កាន់ភវង្គ គឺក្លាយខ្លួនជានាគវិញដូចដើម ។
តើអ្វីទៅជាគ្រឿងទាញសភាវពិតឱ្យក្លាយជាសត្វវិញយ៉ាងនេះ ? គឺដោយសារតែចិត្តហ្នឹងវាធ្លាក់កាន់នូវភវង្គជាសភាវៈពិតនៃបដិសន្ធិរបស់សត្វ ហើយប្រក្រតីរបស់ខ្លួនយ៉ាងណាគឺវាទៅជាយ៉ាងនោះហើយ មិនអាចញុំាងសភាវខ្លួនឱ្យប្រាសចាកការណ៍ពិតបានឡើយ ។
ដូចជាភវង្គចិត្តរបស់មនុស្សយើងជាមហាវិបាកអញ្ចឹង បើយើងចង់ទៅនៅឋានព្រហ្ម តើទៅនៅដូចម្តេចកើត ? ព្រោះថាមនុស្សយើងបដិសន្ធិដោយមហាវិបាក ហើយចំណែកព្រហ្មវិញបដិសន្ធិដោយរូបាវចរវិបាក ។ អញ្ចឹងទោះបីមានឫទ្ធិប្រែកាយជាព្រហ្ម ក៏មិនអាចនៅជាព្រហ្មកើតដែរ ព្រោះថាមិនយូរប៉ុន្មាន គឺវាហ្នឹងប្រែត្រឡប់មកជាមនុស្សធម្មតាវិញមិនខាន ព្រោះធាតុពិតរបស់យើងគឺជាពូជបដិសន្ធិនៅក្នុងកាមលោក ដោយមហាវិបាក គឺត្រូវតែរក្សានូវភពជាតិកំណើតនៅក្នុងកាមលោក នេះបើយោងតាមព្រះអភិធម្មគឺបែបហ្នឹង ។
ពាក្យថា ភវង្គ ឬភវង្គៈ ប្រែថា ភាពស្អាតស្អំ, សេចក្តីបរិសុទ្ធ, បើនិយាយពីវត្ថុទាំងឡាយមានកំណាត់សំពត់ជាដើមជាសំពត់ដែលនៅសស្អាតមិនទាន់មានធូលីឬវត្ថុសៅហ្មងណាមួយមកប៉ះប្រឡាក់ឡើយ តែបើនិយាយពីកំណើតឬបដិសន្ធិរបស់សត្វវិញ ជាបដិសន្ធិដ៏បរិសុទ្ធ កំណើតសត្វបែបណា គឺបែបនោះមិនប្រែប្រួលខុសសភាពដើមឡើយ ៕ សាន សារិន
ចែករំលែកព័តមាននេះ