ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យញៀន.ល្បែងជល់មាន់ចំនួន៣នាក់ត្រូវបានឃាត់ខ្លួនដោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង រួមទាំងវត្ថុតាងបទល្មើសដែលបម្រើឲ្យប្រព្រឹត្តល្បែង.ស៊ីសង កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។
យោងតាមរបាយការណ៍របស់ការិយាល័យនគរបាលព្រហ្មទណ្ឌបានបង្ហាញថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបល្បែង.ស៊ីសងខុសច្បាប់ (ជល់មាន់) នោះ កម្លាំងនគរបាលជំនាញ បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដោយ ១-ឈ្មោះ ពិត លក្ខណៈ ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ២- ឈ្មោះស៊ុន សុគន្ធ ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និង ៣- ឈ្មោះសួន ឆៃឡា ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
នៅក្នុងរបាយការណ៍ក៏បានបញ្ជាក់ថា ក្នុងពេលឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ កម្លាំងនគរបាលជំនាញក៏បានចាប់យកវត្ថុតាង រួមមាន ៖ ម៉ូតូចំនួន១១គ្រឿង, មាន់ជល់១ក្បាល, ខ្នាយមាន់១គូ, កន្ត្រកដាក់មាន់៨កន្ត្រក និងរបាំងកញ្ចក់ជល់មាន់ចំនួន១ថែមទៀតផង។
ក្រោយការបង្ក្រាបល្បែង.ស៊ីសងខុសច្បាប់នោះ ជនសង្ស័យទាំង៣នាក់ ព្រមទាំងវត្ថុតាងបទល្មើស ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។ ក្រោយការសាកសួរ និងកសាងសំណុំរឿងពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ជនសង្ស័យទាំង៣នាក់ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះដែរ៕
ចែករំលែកព័តមាននេះ