រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានគូសបញ្ជាក់ឲ្យដឹងថា តំបន់មួយចំនួនពិសេសនៅជាប់ព្រំប្រទល់ប្រទេសវៀតណាមនឹងមានភ្លៀងធ្លាក់ច្រើនអន្លើ ។
យោងតាមសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២០-២៦ ខែតុលា ឆ្នាំ២០២១ របស់ក្រសួងធនធានទឹក នៅថ្ងៃទី១៩ តុលាបានលើកឡើងថា នាសប្ដាហ៍ខាងមុខនេះព្រះរាជាណាចក្រកម្ពុជាភាគខាងជើងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ចិន រីឯភាគខាងត្បូងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា ។
ក្រសួងថា ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាលសីតុណ្ហភាពអប្បបរមា មានពី ២២-២៤ អង្សាសេនឹងសីតុណ្ហភាពអតិបរមា មានពី៣១-៣៣ អង្សាសេ ។ អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំផ្គរ រន្ទះ ។
ជាមួយគ្នានោះនៅបណ្តារាជធានី ខេត្តភាគខាងក្រោម និងមានព្រំប្រទល់ជាប់វៀតណាមអាចមានភ្លៀងធ្លាក់ច្រើនដោយអន្លើ ។ ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានមានសីតុណ្ហភាពអប្បបរមាមានពី ២១-២៣អង្សសេ សីតុណ្ហភាពអតិបរមា មានពី៣១-៣៣អង្សសេ អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ។
ដោយឡែកតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាមានពី ២២-២៤ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី៣០-៣២អង្សាសេអាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ