ប្រទេសអាហ្វហ្គានីស្ថាន ៖ នៅភាគខាងត្បូងអាហ្វហ្គានីស្ថាន មនុស្សច្រើនពាន់នាក់ដែលមានការខ្វះខាត ប៉ុនប៉ងក្នុងមួយថ្ងៃៗរត់ភៀសខ្លួនចេញ ពីភាពក្រខ្សត់អត់ឃ្លាន និងវិបត្តិមនុស្សធម៌ ដោយភៀសខ្លួនទៅកាន់ប្រទេសប៉ាគីស្ថាន។ ប៉ុន្តែរបបថ្មីតាលីបង់ បដិសេធមិនឲ្យពួកគេចេញ ដោយស្នើឲ្យស្ថិតនៅដើម្បីរួមគ្នាកសាងប្រទេសឡើងវិញ។
ចាប់តាំងពីប៉ុន្មានសប្ដាហ៍មកហើយ កងឆ្មាំំព្រំដែនតាលីបង់ បដិសេធមិនឲ្យពលរដ្ឋអាហ្វហ្គានីស្ថាន ដែលចង់ចាកចេញទៅកាន់ប៉ាគីស្ថាននិងគ្មានទិដ្ឋាការ ឆ្លងកាត់ព្រំដែនចូលទឹកដីប៉ាគីស្ថានឡើយ។ ក្នុង១ថ្ងៃៗមានមនុស្សពី៨.០០០ទៅ៩.០០០នាក់ សាកល្បងឆ្លងកាត់ព្រំដែន ដោយគ្មានលិខិតស្នាមអ្វី តែត្រូវរុញច្រានឲ្យបកក្រោយវិញ។ ពួកតាលីបង់ក៏ប៉ុនប៉ងដែរឲ្យមានការចេញចូលដោយស្របច្បាប់ និងចៀសវាងមិនឲ្យមានការរត់ចេញពីប្រទេស ពិសេសដោយខ្លាចបាត់បង់កម្លាំងរស់របស់ប្រទេស សម្រាប់ជួយកសាងឡើងវិញ។ ពួកឆ្មាំព្រំដែនតាលីបង់និយាយថា នេះជាប្រទេសលោកអ្នក លោកអ្នកមិនត្រូវចាកចេញឡើយ។
លោកNOOR MOHAMMAD SAEED ជាអ្នកទទួលខុសត្រូវតាលីបង់ម្នាក់នៃខេត្តកាន់ដាហារ អះអាងប្រាប់AFPថា អេមីរ៉ាត់អ៊ិស្លាមអាហ្វហ្គានីស្ថាន ស្នើដល់បណ្ដាគ្រួសារកុំចាកចេញពីប្រទេស ព្រោះថាបើធ្វើដូច្នេះពួកគេមិនគោរពវប្បធម៌អាហ្វហ្គានីស្ថាន។
សេដ្ឋកិច្ចអាហ្វហ្គានីស្ថានត្រូវស្ទះមួយផ្នែក ចាប់តាំងពីការវិលត្រឡប់ មកកាន់អំណាចវិញរបស់ពួកតាលីបង់ ពីពាក់កណ្ដាលខែសីហាមក។ ពលរដ្ឋអាហ្វហ្គានីស្ថានជាច្រើនបានបាត់បង់ការងារ ហើយ១ភាគ៣នៃប្រជាជនកំពុងរងការគំរាមកំហែងដោយគ្រោះទុរ្ភិក្ស នេះបើតាមអ.ស.ប។
មុនវិបត្តិកូវីដនិងការដណ្ដើមអំណាចបានរបស់ពួកតាលីបង់ ព្រំដែនជាមួយប៉ាគីស្ថានត្រូវបានបើកចំហ សម្រាប់ការចេញចូលរបស់ពលរដ្ឋអាហ្វហ្គានីស្ថាន ប្រមាណជា២០.០០០នាក់ ក្នុងមួយថ្ងៃៗ។ ត្រូវបិទក្រោយពួកតាលីបង់ដណ្ដើមយកបានកាលពីពាក់កណ្ដាលខែកក្កដា ប៉ុស្តិ៍ព្រំដែនSPIN BOLDAK ត្រូវបានបើកឡើងវិញកាលពីខែសីហា ដោយសារការចរចារវាងពួកតាលីបង់និងប៉ាគីស្ថាន ជាសម្ព័ន្ធមិត្តនឹងគ្នាចាប់តាំងពីយូរមកហើយ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ