រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានស្នើរដ្ឋាភិបាលអូស្ត្រាលីទទួលយកពលករខ្មែរទៅធ្វើការឲ្យបានច្រើន ខណៈគ្រោងផ្តល់ទដ្ឋិការផ្នែកកសិកម្ម ។
ការស្នើសុំនេះធ្វើឡើង ក្នុងជំនួបជាមួយអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា ឯកឧត្តម Pablo Chiho Kang នាពេលព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ។
ក្នុងជំនួបអគ្គរាជទូតអូស្ត្រាលីបានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា រដ្ឋាភិបាលអូស្ត្រាលីគ្រោងផ្តល់ទិដ្ឋាការផ្នែកកសិកម្ម (Australian Agriculture Visa) សម្រាប់ប្រទេសដៃគូរបស់អូស្ត្រាលី ។ លោកទូតបញ្ជាក់ថា ទិដ្ឋាការផ្នែកកសិកម្មនេះមានលក្ខណៈបើកចំហរដល់ប្រទេសជាដៃគូរបស់អូស្ត្រាលីដោយប្រទេសអាស៊ានត្រូវចាត់ទុកជាប្រទេសគោលដៅសំខាន់ ។
ចំណែកឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានបង្ហាញនូវក្តីរីករាយក្រៃលែងដែលទទួលបានព័ត៌មានដែលថា រដ្ឋាភិបាលអូស្ត្រាលីគ្រោងនឹងផ្តល់ទិដ្ឋាការផ្នែកកសិកម្មដល់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ានក្នុងនោះក៏មានកម្ពុជាផងដែរ ។
សម្រាប់គម្រោងទិដ្ឋាការកសិកម្មអូស្ត្រាលី ដែលកំពុងត្រូវការពលករទៅបម្រើការងារផ្នែកប្រមូលផលកសិកម្ម ការនេសាទ និងជលផល និងឧស្សាហកម្មធនធានដើមនេះ ឯកឧត្តមរដ្ឋមន្ត្រីរំពឹងថា ពលករកម្ពុជា ពិតជាអាចបម្រើការងារនេះបានយ៉ាងល្អជូនដល់និយោជករបស់អូស្ត្រាលី ។
ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំឱ្យឯកឧត្តមអគ្គរាជទូត ពិចារណារផ្តល់ឱកាសជូនដល់ពលករកម្ពុជាបានចេញទៅធ្វើការនៅប្រទេសអូស្ត្រាលីឲ្យបានចំនួនច្រើន ដូចកម្ពុជាបានបញ្ជូនទៅសាធារណរដ្ឋកូរ៉េដែរ ហើយបើអាចក្រៅពីផែ្នកកសិកម្ម សូមភាគីអូស្ត្រាលីពិចារណាក្នុងការបើកឱកាសជូនដល់ពលករកម្ពុជាទៅធ្វើការផ្នែកសំណង់ សេវាកម្ម និងឧស្សាហកម្មផងដែរ ដើម្បីពួកគាត់ទទួលបាននូវប្រាក់ចំណូលខ្ពស់ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ក៏ដូចជាទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមទៀតពីអូស្ត្រាលី ។
នាជំនួបនេះ ភាគីទាំងពីរបានពិភាក្សាការងារ និងចែករំលែកព័ត៌មានពីនីតិវិធីយន្តការ និងប្រព័ន្ធគ្រប់គ្រងពលករទាំងក្នុងយន្តការជ្រើសរើសបញ្ជូន និងគ្រប់គ្រងដែលអាចធានាបាននូវការបង្កជាហានិភ័យ ឬការបោកបញ្ឆោតកេងប្រវ័ញ្ចកម្លាំងពលកម្ម ការជួញដូរមនុស្សជាដើម ។
ភាគីអូស្ត្រាលី បារម្ភខ្លាចក្រែងមានជនឱកាសនិយមយកព័ត៌មាននេះទៅបំភ្លៃការពិត ហើយបោកបញ្ឆោតពលករកម្ពុជា ក្នុងពេលដែលអូស្ត្រាលីមិនទាន់អនុញ្ញាតជាផ្លូវការឱ្យកម្ពុជាបញ្ជូនបាននៅឡើយ ។
ស្ថានទូតក៏មានការពេញចិត្តណាស់ ចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានចេញសេចក្តីជូនដំណឹង ដើម្បីទប់ស្កាត់មិនឱ្យមានការបោកប្រាស់ពលករកម្ពុជាដែលថា អូស្ត្រាលីបានផ្តល់ទិដ្ឋការការងារទៅធ្វើការខាងផ្នែកកសិកម្មដោយភាគីទាំងពីរកំពុងស្ថិតក្នុងដំណាក់ការចរចា ដើម្បីបើកឱកាសការងារនេះ ។
ខាងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នឹងបន្តការងារជាមួយអគ្គនាយកដ្ឋានការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយសម្រាប់ស្នើសុំទៅទីក្រុងកង់បេរ៉ា ធ្វើការពិនិត្យសម្រេច ។
ក្រោយបញ្ចប់ជំនួប ឯកឧត្តមរដ្ឋមន្ត្រី មិនភ្លេចថ្លែងអំណរគុណជូនដល់រដ្ឋាភិបាលអូស្ត្រាលី ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រទាំងជំនួយជាហិរញ្ញវត្ថុ ទាំងការបណ្តុះបណ្តាលធនធានមនុស្ស រួម និងកសាងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តផងដែរ ជូនដល់ពលរដ្ឋ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ហើយរំពឹងថា ចំណងមិត្តភាពរវាងប្រទេសយើងទាំងពីរ កម្ពុជា-អូស្ត្រាលី នៅតែបន្តកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំជាមួយគ្នាទៅមុខទៀតជានិរន្ត។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ភាគីអូស្ត្រាលីនឹងផ្តល់ឱកាសការងារនេះជូនដល់ប្រជាពលរដ្ឋកម្ពុជា ព្រោះថាកម្ពុជាបានរៀបចំបានយ៉ាងល្អនូវលិខិតបទដ្ឋាន គោលនយោបាយ និងយន្តការច្បាស់លាស់ ដែលជាប្រព័ន្ធគ្រប់គ្រងមួយយ៉ាងល្អក្នុងការធានាបាននូវការជ្រើសរើស បញ្ជូន និងគ្រប់គ្រងពលករ មិនឱ្យមានការរំលោភបំពានសិទ្ធិ និងអត្ថប្រយោជន៍ ហើយអាចទប់ស្កាត់បាននូវការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្សជាដើម។ សូមបញ្ជាក់ថា គម្រោងទិដ្ឋាការកសិកម្មអូស្ត្រាលី (Australian Agriculture Visa) ត្រូវបានប្រកាសកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ក្នុងនោះ អូស្ត្រាលីត្រូវការជ្រើសរើសពលករផ្នែកកសិកម្ម នេសាទនិងជលផល និងឧស្សាហកម្មធនធានដើម។
គម្រោងទិដ្ឋាការកសិកម្មអូស្ត្រាលីនេះ ស្រដៀងគ្នានឹងគម្រោងការងារប៉ាស៊ីហ្វីក(Pacific Labour Scheme) ដោយពលករក្រោមគម្រោងទិដ្ឋាការកសិកម្មអូស្ត្រាលី អាចធ្វើការបានរហូតដល់រយៈពេល ១ឆ្នាំ ដល់ ៣ឆ្នាំ ក្រោមការទទួលបន្ទុកដោយក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី៕
ចែករំលែកព័តមាននេះ