រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខេត្តព្រះសីហនុសហការជាមួយកម្លាំងចម្រុះបន្តរកជនរងគ្រោះដែលបានបាត់ខ្លួន ដោយសារករណីលិចទូកនេសាទមួយគ្រឿង ។
យោងតាមការចេញផ្សាយរបស់អគ្គស្នងការនគបាលជាតិ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលប៉ុស្តិ៍ទំនប់រលកសហការជាមួយកម្លាំង គណៈបញ្ជាការឯកភាពស្រុកស្ទឹងហាវ ដឹកនាំដោយ លោក ស៊ុន ពិសី អភិបាលរងស្រុកស្ទឹងហាវ និងក្រុមមុជទឹកអង្គភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រុមការងារក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដប៊ូត កម្ពុជា (G.T.V.C) ដឹកនាំផ្ទាល់ដោយ លោកឧកញ៉ា ទៀ វិចិត្រ កំពុងបន្តរកជនរងគ្រោះ មានឈ្មោះ ស៊ន មករា (ហៅឧត្តម) ដែលបានបាត់ខ្លួន ដោយសារករណីលិចទូកនេសាទមួយគ្រឿង នៅចំណុចចុងអូរ ប្រមាណចំងាយ១០០ម៉ែត្រ ស្ថិតនៅក្រុម១ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ។
ចំណែកលោក ឧញ៉ា ទៀ វិចិត្រ បានសរសរលើបណ្តាញសង្គមនិងបានបង្ហោះរូបសកម្មភាពសមត្ថកិច្ចចម្រុះកំពុងស្វែងរកជនរងគ្រោះយ៉ាងដូច្នះថា ៖« សង្ឃឹមថា រកប្អូនប្រុសប្រជានេសាទដែលបានបាត់ខ្លួន កាលពីម្សិលមិញឃើញក្នុងថ្ងៃនេះផងចុះ» ៕
ចែករំលែកព័តមាននេះ