ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារតែស្រា យុវជនម្នាក់ ក្លាយជាឃាតក

2 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ មនុស្សមួយក្រុម មានគ្នា ៥នាក់ ដោយបាននាំគ្នាផឹកស៊ី នៅរោងចាំចំការ តាំងតែពីម៉ោង ៩ព្រឹក រហូត​ដល់វេលាម៉ោង ២រសៀលថ្ងៃទី៩…

ខេត្តត្បូងឃ្មុំ៖ មនុស្សមួយក្រុម មានគ្នា ៥នាក់ ដោយបាននាំគ្នាផឹកស៊ី នៅរោងចាំចំការ តាំងតែពីម៉ោង ៩ព្រឹក រហូត​ដល់វេលាម៉ោង ២រសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ នៅចំនុចភូមិទ្រៀក ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ដោយសារ​តែអំណាចស្រា ចូលជ្រាបស្រវឹងរៀងៗខ្លួន ព្រមទាំងឈ្លោះគ្នាទៅវិញទៅមក រហូតឈានដល់ផ្ទុះនូវអំពើហិង្សា ដោយបុរស​ម្នាក់ បាន​យក​កាំបិត​ខ្វែវ ​កាប់​ប្រហារ​ទៅលើគូទំនាស់​មួយ​កាំបិត ត្រូវ​ស្មា​ខាងស្ដាំ ជាហេតុ​បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅក្នុង​ថ្លុកឈាម។

ក្រោយកើតហេតុជនសង្ស័យ ឈ្មោះ ឃុត ធីតា អាយុ ២៩ឆ្នាំ នៅភូមិទ្រៀកឃុំដារ បានរត់គេចខ្លួនបាត់ពុំដឹងជា​ទៅទីណា​នោះទេ។

លោកវរសេនីយ៍ទោ ចាន់ ឌុល អធិការរងនគរបាលស្រុកមេមត់ ទទួលផែនព្រហ្មទណ្ឌ ប្រាប់ឲ្យដឹងថា មនុស្សមួយក្រុម ដែល​មានគ្នាចំនួន ៥នាក់ ក្រោយពីទំនេរពីការងារ ក៏បានទៅទិញស្រាថ្នាំ យកមកផឹកជុំគ្នាអស់ជាច្រើនលីត្រ។ ហេតុតែអំណាច​ស្រា​ជ្រាបចូលពេញខ្លួន ស្រវឹង និយាយលែងដឹងខុសត្រូវ  ក្នុងគ្រានោះ គេបានឃើញអ្នករងគ្រោះ ឈ្មោះ ស សុផល ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិទ្រៀល ឃុំដារ ស្រុកមេមត់ និងជនល្មើស​ ប្រកែកគ្នាទៅវិញទៅមក ដោយ​ពាក្យអសុរោះ។ ក្នុងគ្រានោះ ជនសង្ស័យ បានទៅយកកំបិតម្ចាស់ចម្ការ មកកាប់ប្រហារលើអ្នករងគ្រោះ មួយកាំបិត ពេញទំហឹង​ដៃ​តែម្ត​ង​ ត្រូវចំស្មាខាង​ស្ដាំ​ដាច់​​ឆ្អឹង មើលឃើញ​សួត​ និង​បេះដូង ស្លាប់នៅនឹងកន្លែង ភ្លាម​ៗ​។

ក្រោយពេលកើតហេតុ កម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំដារ និងមន្ត្រី​ជំនាញផ្នែកយុត្តិធម៌ ចុះដល់កន្លែងកើតហេតុ។ តែជនសង្ស័យ ​បានគេចខ្លួនបាត់។

ជាមួយនោះ លោកវរសេនីយ៍ឯក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី ចក់ សុខកៅ ស្នងការរង ទទួលផែនព្រហ្មទណ្ឌ។

កម្លាំងសមត្ថកិច្ចជាច្រើននាក់ បានចុះពង្រាយកម្លាំង តាមរុករកជនដៃដល់ ខណៈដែល​ជនសង្ស័យបានរត់ទៅពួន នៅចម្ការ​របស់​ខ្លួន។ ក្នុងគ្រានោះ ពេលយប់ងងឹត មេឃភ្លៀង នាំ​ឲ្យជនសង្ស័យ រងាញ័រញាក់ ក៏បានលួចត្រលប់ចូលមកផ្ទះរបស់ខ្លួន​វិញ។ ស្របពេលនោះ កម្លាំងសមត្ថកិច្ច កំពុង​ដាក់ពង្រាយ​ ចាំចាប់ស្រាប់ ក៏ត្រូវចូលស៊ង អន្ទាក់របស់សមត្ថកិច្ច។

លោកវរសេនីយ៍ទោ ចាន់ ឌុល អធិការរងនគរបាលស្រុកមេមត់ បញ្ជាក់ថា មុននឹងឈានដល់ការចាប់ជនសង្ស័យបាន ប៉ូលិស​បានហៅមនុស្សមួយក្រុម ដែលផឹកស៊ីជាមួយគ្នា ចំនួន ៣នាក់ មកសាកសួរ រួមមាន៖ ១.ឈ្មោះ ម៉ម ចំរ៉ុង អាយុ ៣២ឆ្នាំ។ ២.​ឈ្មោះ យ៉េង សាវ៉ាត់ អាយុ ៤៨ឆ្នាំ ជាម្ចាស់រោងចាំចម្ការ​។ ៣.ឈ្មោះ ស៊ីម ដូង អាយុ ៤៧ឆ្នាំ។ អ្នកទាំង ៣នោះ ត្រូវបាននាំ​មកសាកសួរ នៅអធិការដ្ឋាននគរបាល ស្រុកមេមត់ ដើម្បីឱ្យដឹងឫសគល់ច្បាស់លាស់។

រហូតមកដល់រសៀលថ្ងៃទី១០ ខែសីហា ជនសង្ស័យ ជាឃាតក ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌស្រុក កសាងសំណុំរឿង បញ្ជូនឲ្យតំណាងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការ​តាមនីតិវិធី៕ ចាន់ ថេត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ