ខេត្តសៀមរាប៖ ក្រោយការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបិទខ្ទប់ភូមិសាស្ត្រខេត្ត ចំនួន ៨ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវិដ១៩ ប្រភេទដែលតា ( Delta ) ក្នុងនោះ ក៏មានខេត្តសៀមរាបផងដែរ គឺរដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទខ្ទប់សង្កាត់ចំនួន ៤ ក្នុងក្រុងសៀមរាប និងឃុំបី ក្នុងស្រុកសូទ្រនិគម ដោយកំណត់ជាតំបន់ក្រហម និងតំបន់លឿងទុំ។
ក្នុងស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប នាពេលបច្ចុប្បន្ន មានការកើនឡើងនោះ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទខ្ទប់ភូមិសាស្ត្រសង្កាត់ចំនួន៤ ក្នុងក្រុងសៀមរាប ដោយកំណត់ជាតំបន់លឿងទុំ មានសង្កាត់ស្វាយដង្គំ សង្កាត់សាលាកំរើក សង្កាត់ស្លក្រាម និងសង្កាត់គោកចក។
រីឯឃុំចំនួន ៣ ក្នុងស្រុកសូទ្រនិគម ក៏ត្រូវបិទខ្ទប់ ក្នុងនោះ ឃុំកំពង់ឃ្លាំង កំណត់ជាតំបន់ក្រហម និងឃុំដានរុន,ឃុំកៀនសង្កែកំណត់ ជាតំបន់លឿងទុំ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ប្រភេទ ដែលតា។ វិធានការបិទខ្ទប់នេះ ធ្វើឡើង កាលពីវេលាម៉ោងសូន្យ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។
រដ្ឋបាលខេត្តបានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ភូមិសាស្ត្រសង្កាត់ទាំង៤ និងឃុំចំនួន៣ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជាវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ចំពោះសកម្មភាព មុខរបរ អាជីវកម្ម ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស និងបម្រាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ -១៩ ក្នុងភូមិសាស្ត្រ ខេត្តសៀមរាប។
ការបិទខ្ទប់ជាបណ្តោះអាសន្ននេះ រដ្ឋបាលខេត្តសៀមរាប លើកឡើងថា ដោយសារតំបន់ខាងលើ មានទំនាក់ទំនងគ្នា ជាពិសេសតំបន់ក្រហម ដែលអាជ្ញាធរខេត្ត បិទខ្ទប់ មិនឲ្យមានការចេញចូល ក្នុងរយ: ពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩កក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា។
ក្នុងសកម្មភាពក្នុងបិទខ្ទប់នេះ យើងសង្កេតឃើញ មានកម្លាំងចម្រុះ រួមមាន កម្លាំងនគរបាល កងរាជ អាវុធហត្ថ កម្លាំងតំបន់ប្រតិបត្តិការសឹករងសៀមរាប កម្លាំងសន្តិសុខអាជ្ញាធរជាតិអប្សរា មេភូមិ ប្រជាការពារភូមិ បានចាប់ផ្តើមអនុវត្តនូវសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប ចំពោះការកំណត់តំបន់ «លឿងទុំ» និង «តំបន់ក្រហម» ដោយបានឈរនៅប្រចាំការ នៅក្រោមកម្តៅថ្ងៃ និងតំណក់ទឹកភ្លៀង ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩។
ក្នុងសកម្មភាពនោះដែរ កម្លាំងសមត្ថកិច្ចយើង បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើរ ដែលបានឆ្លងកាត់ នៅតាមគោលដៅរបស់ខ្លួន និងបានអំពាវនាវដល់បងប្អូន ដែលរស់នៅក្នុងតំបន់ “លឿងទុំ និងក្រហម” គឺត្រូវតែបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ នឹងយកចិត្តទុកដាក់បន្ថែមទៀត ដោយចូលរួមអនុវត្តតាមវិធានការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ: គឺយើងត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល, ៣កុំ: គឺកុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា និង សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានគ្រប់ៗគ្នា យើងទាំងអស់គ្នា ត្រូវចូលរួមទប់ស្កាត់ និងការពារជំងឺកូវីដ-១៩ ពីព្រោះថា កូវិដ មិនរើសអើងអ្នកណាម្នាក់ឡើយ៕ ច័ន្ទ រស្មី
ចែករំលែកព័តមាននេះ