យោងតាមតម្រាសាស្ត្រគ្រូហុងស៊ុយចិនសែបានទស្សន៍ទាយថា ប្រជ្រុយមិនមែនគ្រាន់តែជាស្នាមក្រឡៅដ៏ស្រស់ស្អាតមួយបែបដ៏គួរទាក់ទាញប៉ុណ្ណោះទេ តែប្រជ្រុយក៏អាចបញ្ជាក់ពីអត្ថប្រយោជន៍ជាច្រើនទៀតនៃជីវិតផងដែរ ពិសេសជោគជតាវាសនានិងលាភសំណាងរបស់មនុស្សស្រីយ៉ាងពិតប្រាកដ ។ មនុស្សស្រីដែលមានប្រជ្រុយស្ថិតនៅត្រង់៧ចំណុចខាងក្រោមនេះដែលតម្រាចារថាជាស្ត្រីមានលក្ខណៈពិសេសទាក់ទាញអារម្មណ៍បុរសៗផង និងជាអ្នកមានជោគវាសនាលាភសំណាងល្អប្រពៃផង៖
១-នារីមានប្រជ្រុយស្ថិតនៅលើបបូរមាត់ ត្រង់ចំណុចនេះជាជំពូកមនុស្សស្រីលេចធ្លោ និងមានភាពទាក់ទាញខ្លាំង ដោយសារតែអានុភាពដ៏ស្រស់ស្អាតនៃប្រជ្រុយនោះ ។ មនុស្សស្រីដែលមានលក្ខណៈពិសេសបែបនេះកម្រនឹងមានណាស់ អាចចាត់ថា ភាគច្រើនជាមនុស្សជោគជ័យមានសំណាងល្អក្នុងដំណើរជីវិតរបស់ខ្លួន ។
២- មនុស្សស្រីណាដែលមានប្រជ្រុយនៅលើថ្ងាសគឺជានារីដែលមានភាពទាក់ទាញបំផុត និងទៅថ្ងៃអនាគតជាស្ត្រីដែលមានសំណាងច្រើន ភប់ប្រសព្វតែសុភមង្គល ។
៣- នារីណាដែលមានប្រជ្រុយនៅលើក្តោងច្រមុះត្រូវបានទេវតាចារថា បន្ទាប់ពីមានស្វាមីសមដូចបំណងហើយ នាងនឹងទទួលបានទ្រព្យសម្បត្តិច្រើន លើកកិត្តិយសកេរ្តិ៍ឈ្មោះខ្ពង់ត្រដែតត្រដឹមក្នុងមង្គលជីវិត ។
៤-បើមនុស្សស្រីណាមានប្រជ្រុយនៅនឹងគល់សុដន់ នារីនោះទៅថ្ងៃអនាគតគឺជាមនុស្សដែលមានជោគជីវិតសប្បាយរីករាយ រស់នៅដោយសិរីសួស្តីស្រណុកសុខស្រួល ហើយប្រជ្រុយនេះក៏នឹងលើករាសីនាងឱ្យមានឥទ្ធិពលទាក់ទាញបុរសៗយ៉ាងខ្លាំងក្លា ដែលអ្នកស្រុកហៅថាជាស្រីឆ្វាក់ប្រុស ពោលគឺទៅដល់ទីណាតែងមានបុរសៗតាមស្រលាញ់ដល់ទីនោះដោយសារតែភាពទាក់ទាញនៃស្នាមក្រឡៅនោះឯង ។
៥-ប្រជ្រុយនៅត្រង់បំពង់ក នារីណាដែលមានប្រជ្រុយនៅត្រង់បំពង់កអាចបង្ហាញបានថាជានារីដែលពោរពេញទៅដោយភាពទាក់ទាញ ឆ្វាក់ចិត្តបុរសឱ្យចាប់អារម្មណ៍ខ្លាំង និងជាមនុស្សដែលមានភាពជោគជ័យក្នុងការជ្រើសរើសគូជីវិតដ៏ភ្លឺស្វាងក្នុងជីវិតរបស់ខ្លួនផងដែរ ។
៦- បើស្ត្រីណាមានប្រជ្រុយក្រហមនៅលើផែនថ្ពាល់អាចបញ្ជាក់បានថា នាងពិតជាមានភាពទាក់ទាញប្រុសៗខ្លាំង និងជាមនុស្សស្រីដែលមានសំណាងតាំងពីកំណើតរហូតដល់អនាគត ។
៧-ប្រជ្រុយត្រង់ចង្កា នារីណាដែលមានប្រជ្រុយនៅត្រង់ចង្កា ពេលមានប្តី មានកូនទៅ កូននិងស្វាមីហ្នឹងឯងជាអ្នកនាំលាភនាំសំណាងនាំសុភមង្គលចូលមកក្នុងជីវិត ៕ សាន សារិន
ចែករំលែកព័តមាននេះ