ភ្នំពេញ៖ ស្ត្រីម្នាក់ ទើបសម្រាលកូនបាន ២ខែ ហើយជាប់រវល់មើលកូនតូច និងឲ្យកូនប្រុស អាយុ ៣ឆ្នាំម្នាក់ទៀត ទៅលេងនៅផ្ទះម្ដាយរបស់ខ្លួន ដែលស្ថិតនៅជិតគ្នានោះដែរ។ លុះក្រោយមក មេឃភ្លៀង ទើបទៅរកកូន ស្រាប់តែឃើញបាត់បង់ជីវិត នៅក្នុងពាងទឹក ដែលសង្ស័យថា កូនប្រុសរូបនេះ ឡើងលេងលើពាងទឹក ហើយក៏ធ្លាក់ដាំដូង ចូលទៅ បណ្ដាលឲ្យលង់តែម្ដង។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៥ និង ៣០នាទីល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្មេងប្រុសរងគ្រោះ ឈ្មោះ សុខ វុធី អាយុ ៣ឆ្នាំ មានម្ដាយឈ្មោះ ជាង អេម អាយុ ២៥ឆ្នាំ និងឪពុកឈ្មោះ ហុក សុក អាយុ ២៨ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ។
ម្ដាយបាននិយាយថា នាងទើបតែសម្រាលកូនតូច បានរយៈពេល ២ខែប៉ុណ្ណោះ ហើយនៅមុនពេលកើតហេតុ ដោយសារតែប្ដី មិននៅផ្ទះ ជាប់រវល់ទៅរកស៊ី ដើម្បីរកប្រាក់ មកផ្គត់ផ្គង់ជីវភាពគ្រួសារ ហើយនាងជាប់មើលកូនតូច អាយុ ២ខែនោះផង ធ្វើការងារផ្ទះផងនោះ ទើបនាងបានឲ្យកូនប្រុស ទៅលេងផ្ទះជីដូន (ម្ដាយបង្កើតរបស់នាង) ដែលស្ថិតនៅក្បែរផ្ទះនាងដែរ។ ខណៈនោះ នាងពុំបានដឹងថា មានរឿងអកុសលបែបនេះ កើតឡើងឡើយ ក្រោយមក មេឃក៏ធ្លាក់ភ្លៀង ទើបនាងស្វះស្វែងតាមរកកូនប្រុស តែរកមិនឃើញសោះ ហើយខណៈនោះ ទាំងនាង និងម្ដាយបាននាំគ្នាតាមរក ក៏ស្រាប់តែប្រទះឃើញកូន នៅក្នុងទឹកពាងគួរឲ្យរន្ធត់បាត់ទៅហើយ។
ប្រភពដដែល បានបន្តទៀតថា ភ្លាមៗនោះ នាងម្ដាយ បាននាំគ្នាស្រង់សពកូនចេញ និងវាយបំបែកពាងទឹក រួចជួយសង្គ្រោះបឋម ដោយធ្វើចលនាបេះដូងដែរ។ ប៉ុន្តែអ្វីៗ បានហួសពេលអស់ទៅហើយ ព្រោះកូនប្រុសនាង មិនអាចដឹងខ្លួនឡើងវិញឡើយ។
អ្នកភូមិ និយាយថា បន្ទាប់ពីរកឃើញកូននៅក្នុងទឹកពាងបែបនេះ ស្ត្រីជាម្ដាយរន្ធត់ចិត្តយ៉ាងខ្លាំង និងបានយំសោក រហូតស្ទះដង្ហើមសន្លប់ស្ដូកស្ដឹងតែម្ដង។ ប៉ុន្តែត្រូវបានសាច់ញាតិនាំគ្នាបីដាក់ក្រោមផ្ទះ រួចជួយធ្វើចលនាបេះដូង ទើបដឹងខ្លួនឡើងវិញ។
ក្រោយពេលទទួលបានដំណឹងនេះ ភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ជើងឯក និងនគរបាលខណ្ឌដង្កោ បានចុះទៅកាន់ទីតាំងនោះភ្លាមៗ ហើយបានរាយការណ៍ ជូនទៅនគរបាលបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅពិនិត្យកោសល្យវិច័យ ហើយលទ្ធផលរកឃើញថា ក្មេងប្រុសខាងលើ ស្លាប់ដោយសារលង់ទឹក ដែលសង្ស័យឡើងលេង ហើយដាំក្បាល ចូលពាងនោះ៕ យន់ ស៊ីថា
ចែករំលែកព័តមាននេះ