ខេត្តកណ្តាល ៖ មានគណនីហ្វេសប៊ុកមួយ សុំមិនបញ្ចេញឈ្មោះ ដែលបានបញ្ចេញមតិយោបល់ក្នុងប្រអប់សាររបស់ផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចំនួន២លើកមកហើយ ដែលមានខ្លឹមសារថា «ខ្ញុំបាទ សូមគោរពដល់ឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល និងមន្ត្រីក្រោមឱវាទ សូមមេត្តាជួយមកពិនិត្យនៅឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល ផងចុះ ព្រោះរថយន្តដឹកដី បើកបរយ៉ាងអនាធិបតេយ្យ វ៉ា ជែង គ្មានគិតពីសុវត្ថិភាពប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ ម្យ៉ាងវិញទៀត ដឹកដីជ្រុះពេញផ្លូវថ្នល់បណ្ដាលឲ្យហុយ ប៉ះពាល់ដល់សុខភាព និងអ្នកជិះម៉ូតូតាមដងផ្លូវ ហើយពេលខ្លះ ស៊ីផ្លេដេញគ្នា ដូចប្រណាំងរថយន្ត ស្ទើរតែគាំងបេះដូង ។ សូមមេត្តាជួយរកដំណោះស្រាយផង ព្រោះនេះជាលើកទី២ ហើយដែលខ្ញុំរាយការណ៍ ព្រោះលើកទី១ មិនទទួលបានលទ្ធផលសោះ» ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឲ្យលោកវរសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុកល្វាឯម ចុះស្រាវជ្រាវចំពោះករណីខាងលើជាបន្ទាន់ ! ។
នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ លោកអធិការរង ទទួលផែនការងារសណ្តាប់ធ្នាប់ចរាចរណ៍ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសារិកាកែវ ឲ្យដឹកនាំកម្លាំង ចុះទៅពិនិត្យមើលដល់ទីតាំងផ្លូវលេខ៣៨០ គឺមានស្ថានភាពជ្រុះដីហុយ ពិតប្រាកដមែន ហើយចំពោះការបើកវ៉ាជែង បើមានសមត្ថកិច្ចល្បាតតាមដងផ្លូវ ពួកក្រុមរថយន្តដឹកដីនេះ ពុំហ៊ានធ្វើសកម្មភាពវ៉ាជែងស៊ីផ្លេដេញគ្នាឡើយ ។
កម្លាំងសមត្ថកិច្ច ក៏បានអនុវត្តន៍ជំនាញធ្វើការហៅពួកក្រុមរថយន្តធ្វើត្រួតពិនិត្យ និងណែនាំអប់រំពីច្បាប់ចរាចរណ៍ ហើយបានឲ្យពួកគាក្រុមរថយន្ត ធ្វើកិច្ចសន្យាបញ្ឈប់ការបើកល្បឿនលឿនវ៉ាជែង និងឲ្យគ្របដីមិនឲ្យជ្រុះ លើថ្នល់បណ្តាលឲ្យប្រឡាក់ថ្នល់ហុយប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋ រស់នៅតាមដងផ្លូវ និងអ្នកធ្វើដំណើរ ។ ហើយរថយន្តទាំងនោះបានសន្យាអនុវត្តន៍ឲ្យបានតាមការណែនាំ ដូចខាងក្រោម ៖
១. ចាប់ពីថ្ងៃនេះតទៅ ខ្ញុំបាទនិងគោរពតាមការ អប់រំ ណែនាំ របស់សមត្ថកិច្ចដោយពេលដឹកជញ្ជូនខ្សាច់ ឬដី ខ្ញុំបាទនិងគ្របឲ្យបានត្រឹមត្រូវ មិនឲ្យហៀរជ្រុះ ឬហូរទឹកធ្លាក់មកលើផ្លូវឡើយ ។
២. ខ្ញុំបាទ និងបំពាក់ស្លាកលេខយាន មានឯកសារយាន មិនបើកបរលឿន មិនបើកវ៉ាជែង មិនស៊ីផ្លេនៅកន្លែងហាមស៊ីផ្លេ និងមិនប្រើប្រាស់ស៊ីផ្លេខ្យល់ ។
៣. បើខ្ញុំបាទមិនគោរពតាមកិច្ចសន្យាខាងលើ ខ្ញុំបាទនឹងទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ ដោយឥតប្រកែកតវ៉ាឡើយ ៕
ចែករំលែកព័តមាននេះ