ខេត្តតាកែវ ៖ បើតាមអភិបាលស្រុកសំរោង លោក កេត ម៉ៅ បានឱ្យដឹងថា មេឃុំមួយរូបបានឆ្លងកូវីដ-១៩ និងត្រូវបានទទួលយកទៅព្យាបាលរួចរាល់ហើយ ទន្ទឹមនឹងនោះលោកក៏បានអំពាវនាវឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តនូវវិធានសុខាភិបាលឱ្យបានត្រឹមត្រូវ ។
លោក កេត ម៉ៅ បានពោលបញ្ជាក់ថា លោកមេឃុំទ្រា ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ និងបានពោលបញ្ជាក់បន្ថែមថា «ថ្ងៃមុន អ៊ុំ ជាអ្នកចុះអប់រំផ្សព្វផ្សាយ និងជូនអ្នកជំងឺឡើងឡាន ទៅព្យាបាល….ថ្ងៃនេះ ខ្ញុំជូនដំណើរអ៊ុំឡើងឡានទៅព្យាបាលម្តង… .ខ្ញុំសូមជូនពរអ៊ុំ ឆាប់ជាពីជំងឺ» ។ លោកអភិបាលបានបន្តថា លោកសូមបងប្អូនបង្កើនការប្រុងប្រយត្ន័ និងអនុវត្តអោយបាននូវវិធានការ «៣កុំ ៣ការពារ» ដើម្បីខ្លួនយើង ក្រុមគ្រួសារយើង និងសង្គមជាតិយើង។
មួយរយៈពេលចុងក្រោយនេះ គឺសង្កេតឃើញថា មន្ត្រីជាច្រើនរូបជាអភិបាលខណ្ឌ អធិការស្រុក មេឃុំជាច្រើនរូប ទាំងនៅរាជធានីភ្នំពេញផង នៅតាមបណ្តាខេត្តផង ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ជាបន្តបន្ទាប់ ដូច្នេះហើយថ្នាក់ដឹកនាំគ្រប់កម្រិតបានណែនាំពលរដ្ឋ និងមន្ត្រីរាជការ កុំមានការធ្វេសប្រហែស និងត្រូវអនុវត្តនូវវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវបំផុត ព្រោះថា ជំងឺកូវីដ-១៩ នៅបន្តរាតត្បាតរាល់ថ្ងៃ មិនថានៅរាជធានី និងតាមបណ្តាខេត្តមួយចំនួនោះទេ សូម្បីនៅរាជធានីភ្នំពេញ ក៏ថ្នាក់ដឹកនាំបានព្រមានថា អាចនឹងមានការចាត់តំបន់ក្រហម តំបន់លឿងទុំ តំបន់លឿង ឡើងវិញ ខណៈនៅខេត្តសៀមរាប ក៏មានការសម្រេចចាត់តំបន់ក្រហម និងលឿងទុំមួយចំនួនផងដែរ ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា បានរកឃើញករណីជំងឺកូវីដ១៩ ដំបូងបំផុត នៅថ្ងៃទី ២៧ មករា ២០២០ ដែលគិតត្រឹមព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ មានអ្នកឆ្លងកូវីដ១៩ទូទាំងប្រទេស សរុប ៣៨ ៤២៧ នាក់ និងអ្នកជាសះស្បើយ ៣១ ៨៥៨ នាក់ និងអ្នកស្លា.ប់ រហូតដល់ ៣៣៥នាក់ ៕
ចែករំលែកព័តមាននេះ