ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ជាតិ​វៀតណាម​១២០០​នាក់​ចូល​ដេក​ពេទ្យ​ព្រោះ​បារី​អេឡិច​ត្រូនិច

7 ខែ មុន

តាម​ពិត​ ​មូល​ហេតុ​ដែល​​ប្រទេស​​ខ្លះ​​​​អនុញ្ញាត​ឱ្យ​លក់​បារី​អេឡិច​ត្រូនិច​គោល​​ដៅ​សំខាន់​​ដើម្បី​​ជួយ​​អ្នក​​ដែល​កំពុង​ជក់​បារី​ដល់​ដំណាក់​កាល​ញៀន​ ហើយ​ពួក​គាត់​ចង់​ផ្ដាច់​បារី​​។ ​ពួក​គាត់​អាច​ងាក​មក​​​ជក់​បារី​អេឡិច​ត្រូនិច​ ហើយ​ចាប់​ផ្ដើម​កាត់​បន្ថយ​បារី​មូរ​ដៃ​ឬ​បារី​កញ្ចប់​បន្តិច​ម្ដង​ៗ។ នៅ​​​ដំណាក់​កាល​ណា​​មួយ ​​ពួក​គាត់​​អាច​ផ្ដាច់​បារីទាំង​ស្រុង​ទាំង​បារី​ថ្នាំ​ជក់និង​បារី​អាឡិច​ត្រូនិច​។ ប៉ុន្តែ​នៅ​ក្នុង​ស្ថាន​ភាព​ជាក់​ស្ដែង​ បារី​អេឡិច​ត្រូនិច​ត្រូវ​ក្រុម​អ្នក​មិន​ទាន់​ចេះ​ជក់​បារី​ផង​ងាក​មក​ប្រើ​ប្រាស់​យ៉ាង​គគ្រឹក​គគ្រេង​ទៅ​វិញ​ព្រោះ​ពួក​គេ​គិត​ថា​វា​ជា​ស្ទីល​រស់​នៅ​មួយ​បែប​ (lifestyle)។…

តាម​ពិត​ ​មូល​ហេតុ​ដែល​​ប្រទេស​​ខ្លះ​​​​អនុញ្ញាត​ឱ្យ​លក់​បារី​អេឡិច​ត្រូនិច​គោល​​ដៅ​សំខាន់​​ដើម្បី​​ជួយ​​អ្នក​​ដែល​កំពុង​ជក់​បារី​ដល់​ដំណាក់​កាល​ញៀន​ ហើយ​ពួក​គាត់​ចង់​ផ្ដាច់​បារី​​។ ​ពួក​គាត់​អាច​ងាក​មក​​​ជក់​បារី​អេឡិច​ត្រូនិច​ ហើយ​ចាប់​ផ្ដើម​កាត់​បន្ថយ​បារី​មូរ​ដៃ​ឬ​បារី​កញ្ចប់​បន្តិច​ម្ដង​ៗ។ នៅ​​​ដំណាក់​កាល​ណា​​មួយ ​​ពួក​គាត់​​អាច​ផ្ដាច់​បារីទាំង​ស្រុង​ទាំង​បារី​ថ្នាំ​ជក់និង​បារី​អាឡិច​ត្រូនិច​។

ប៉ុន្តែ​នៅ​ក្នុង​ស្ថាន​ភាព​ជាក់​ស្ដែង​ បារី​អេឡិច​ត្រូនិច​ត្រូវ​ក្រុម​អ្នក​មិន​ទាន់​ចេះ​ជក់​បារី​ផង​ងាក​មក​ប្រើ​ប្រាស់​យ៉ាង​គគ្រឹក​គគ្រេង​ទៅ​វិញ​ព្រោះ​ពួក​គេ​គិត​ថា​វា​ជា​ស្ទីល​រស់​នៅ​មួយ​បែប​ (lifestyle)។ ដូច្នេះ ការ​ដាក់​ឱ្យ​ប្រើ​ប្រាស់​បារី​អេឡិច​ត្រូនិច​​ដែល​មាន​គោល​ដៅ​សំខាន់​ដើម្បី​កាត់​បន្ថយ​ការ​ជក់​បារី​រហូត​ដល់​គ្មាន​ផ្សែង​បារី​បែរ​ជា​បង្កើន​ការ​ជក់​បារី​ទៅ​វិញ​។ អ្នក​ជំនាញ​ព្រមានថា​​អ្នក​ជក់​បារី​​អេឡិច​ត្រូនិច​​សូម​កុំ​គិត​ថា​គ្មាន​គ្រោះ​ថ្នាក់​ ឬគ្មាន​​ប៉ះ​ពាល់​សុខ​ភាព។ បារី​នេះ​បង្ក​ផល​ប៉ះ​ពាល់​ខ្លាំង​ណាស់​​។


ទី​ក្រុង​ហាណូយ៖ ថ្មី​ៗ​នេះ ក្រសួង​សុខាភិបាល​វៀតណាម​ចេញ​របាយ​ការណ៍​ថា​កាល​ពី​ឆ្នាំ​២០២៣ មនុស្ស​ជាង​១២០០​នាក់​បាន​ធ្លាក់​ខ្លួន​ឈឺ​រហូត​ដល់​ចូល​ដេក​ពេទ្យដោយ​សារ​ជក់​បារី​អេឡិច​ត្រូនិច​។ ប្រធាន​នាយក​ដ្ឋាន​​ផ្ដល់​សេវា​សុខា​ភិបាល​ប្រាប់​ថា​​នៅ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​នោះ​ ២៧​នាក់​អាយុ​ក្រោម​១៦​ឆ្នាំ​, ​៤៤​នាក់​អាយុ​ចន្លោះ​ពី​១៦​ទៅ​១៨​ឆ្នាំ​។ លទ្ធ​ផល​ស្ទង់​មតិ​ទៅ​លើ​អ្នក​ប្រើ​ប្រាស់​បារី​អេឡិច​ត្រូនិច​នៅ​ក្នុង​​​​១១​ទី​តាំង​​បង្ហាញ​ថា​សិស្ស​ដែល​ប្រើ​ប្រាស់​បារី​នេះ​អាយុ​ចន្លោះ​ពី​១៣​ទៅ​១៧​ឆ្នាំ​កើន​ឡើង​៨,១%​​កាល​ពីឆ្នាំ​២០២៣​។ សិស្ស​អាយុ​ចន្លោះ​ពី​១៣​ទៅ​១៥​ឆ្នាំ​ក៏​កើន​ឡើ​ង​​៨%​ផង​ដែរ​នៅ​ក្នុង​ឆ្នាំ​២០២៣​។​

គ្រាន់​តែ​បារី​មូរ​ដៃ ឬ​បារី​កញ្ចប់​​​ប៉ះពាល់​​សុខ​ភាព​ធ្ងន់​ធ្ងរ​ និង​​​ខាត​បង់​ប្រាក់​កាស​​មិន​តិច​ទេ​។ ដូច្នេះ បើ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ជក់​បារី​អេឡិច​ត្រូនិច​ដែល​សម្បូរ​​ជាតិ​នីកូទីន វា​នឹង​​​​ធ្វើ​ឱ្យ​មនុស្ស​កាន់​តែ​ញៀន​ និង​​​មាន​អារម្មណ៍​ចង់​តែ​ជក់​បារី​​​ហ្នឹង​ទៀត​។ យូរ​ៗ​ទៅ​មនុស្ស​បាក់​ជក់​បារី​នេះ​តាម​​គ្នា​កាន់​តែច្រើន​។ នេះ​បើ​តាម​ការ​​​លើក​ឡើង​របស់​ប្រធាន​នាយក​ដ្ឋាន​ខាង​លើ​។​

លោក​ង្វៀន​ទ្រឹង​ង្វៀន​ជា​នាយក​មជ្ឈ​មណ្ឌល​គ្រប់​គ្រង​ជាតិ​ពុល​នៃ​មន្ទីរ​ពេទ្យ​បាក់​ម៉ៃ​ (Bach Mai Hospital) ​ប្រាប់​ថា​បារី​អេឡិច​ត្រូនិច​​មាន​សារ​ធាតុ​គីមី​ច្រើន​ណាស់​។ ពោល​គឺ​សូម្បី​តែ​បារី​ថ្នាំ​ខ្លាំង​ ឬ​បារីកញ្ចប់​​ក៏​គ្មាន​សារ​ធាតុ​ទាំង​នេះ​ដែរ​។ កាល​ណា​ក្រុម​ហ៊ុន​ផលិត​លាយ​គ្រឿង​ផ្សំ​ច្រើន​ស្អេក​ស្កះ​បែប​នេះ ​វា​ធ្វើ​ឱ្យ​អ្នក​ជក់​ស្រូប​យក​សារ​ធាតុ​នីកូទីន​កាន់​​តែ​ច្រើន។​ ឬ​មិន​ដូច្នេះ​ទេ​ ពួក​គេ​ស្រូប​យក​សារ​ធាតុ​ញៀន​ខុស​ច្បាប់​ និង​សារ​ធាតុ​ដទៃ​ទៀត។ ពួក​គេ​មាន​អារម្មណ៍​ញៀន​​​​ចង់​តែ​ជក់​ជា​បន្ត​ទៀត​។

តម្លៃ​ដែល​ត្រូ​វខាត​បង់​ទៅ​លើ​ផល​វិបាក​នៃ​ការ​​ជក់​បារី​អេឡិច​ត្រូនិច​មិន​មែន​តិច​តួច​ទេ​​។ អ្នក​ដែល​រងការ​ប៉ះ​ពាល់​សុខ​ភាព​ដោយ​សារ​បារី​នេះ​ត្រូវ​ចំណាយ​ពេល​ និង​លុយ​កាក់​ដើម្បី​ព្យាបាល​​។​ ពួកគេ​អាច​នឹង​ចំណាយ​អស់​រាប់​រយ​លាន​ដុង​។ នៅ​ក្នុង​ន័យ​នេះ ការ​ប្រើ​ប្រាស់​បារី​អេឡិច​ត្រូនិច​ធ្វើ​ឱ្យ​ខាត​ច្រើន​ជាង​ចំណេញ​។ ដូច្នេះ វៀតណាម​ចាំ​បាច់​ត្រូវ​តែ​ហាម​ឃាត់​ការ​​​​នាំ​ចូល​ ចែក​ចាយ ដាក់​លក់ និង​ជក់​បារី​ប្រភេទ​នេះ​ជា​ការ​ល្អ​ជាង​។ នេះ​បើ​យោង​តាម​ទស្សនៈ​របស់​លោក​ង្វៀន​ទ្រឹង​ង្វៀន​។​

សព្វ​ថ្ងៃ​នេះ ​រដ្ឋ​ ឬ​ប្រទេស​ចំនួន​៣៩​​បាន​បិទ​​​ដំណើរ​ការ​បារី​អេឡិច​ត្រូនិច​។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ (WHO)។ នៅ​អាស៊ី​អាគ្នេយ៍​ ប្រទេស​ចំនួន​៥​បាន​ហាម​ឃាត់​រួច​ហើយ​។ ក្នុង​នោះ​មាន​ប្រទេស​ថៃ​, សិង្ហបុរី,​ ឡាវ, ប្រ៊ុយណេ និង​កម្ពុជា​។ ប្រធាន​នាយក​ដ្ឋាន​​ផ្ដល់​សេវា​សុខា​ភិបាល​​ថ្លែង​ថា​ជា​គោល​ជំហរ​របស់​ក្រសួង​សុខា​ភិបាល​ ក្រសួង​ចង់​ឱ្យ​បិទ​បារី​នេះ​ទាំង​ស្រុង​តែ​ម្ដង​។ ក្រសួង​កំពុង​រៀប​ចំ​សំណើ​ដើម្បី​ដាក់​ជូន​រដ្ឋាភិបាល​​​ពិនិត្យ​ និង​អនុ​ម័ត​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ