ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ស៊ី​ជីន​ពីង​​ទៅ​ដល់​ប្រទេស​បា​រាំង​ជា​ផ្នែក​១​នៃ​ទស្សន​កិច្ច​នៅ​​អឺរ៉ុប

1 អាទិត្យ មុន

ទី​ក្រុង​ប៉ារីស៖ ប្រធានា​ធិបតី​ចិន លោក​ស៊ី​ជីន​ពីង បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំងហើយ​ ហើយ​ជា​ផ្នែក​១​នៃ​​​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​​បី​ថ្ងៃ​នៅ​ទ្វីប​អឺរ៉ុប​។ ទស្សន​កិច្ច​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ទ្វីប​អឺរ៉ុប​មិន​ទាន់​មូល​មតិ​គ្នា​ថា​ត្រូវ​ចាត់​ការ​បែប​ណា​នៅ​ចំពោះ​មុខ​នៃ​ការ​ពង្រីក​ឥទ្ធិ​ពល​របស់​ប្រទេស​ចិន​នៅ​លើ​ឆាក​អន្តរ​ជាតិ និង​នៅ​ចំពោះ​មុខ​នៃ​ការ​ប្រកួត​​​យក​ស្លាប់​រស់​កាន់​តែ​ខ្លាំង​រវាង​ចិន និង​អាមេរិក​។ សង្គ្រាម​ត្រជាក់​ចិន-​អាមេរិក​កុំ​សង្ឃឹម​ថា​ចប់​។…

ទី​ក្រុង​ប៉ារីស៖ ប្រធានា​ធិបតី​ចិន លោក​ស៊ី​ជីន​ពីង បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំងហើយ​ ហើយ​ជា​ផ្នែក​១​នៃ​​​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​​បី​ថ្ងៃ​នៅ​ទ្វីប​អឺរ៉ុប​។ ទស្សន​កិច្ច​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ទ្វីប​អឺរ៉ុប​មិន​ទាន់​មូល​មតិ​គ្នា​ថា​ត្រូវ​ចាត់​ការ​បែប​ណា​នៅ​ចំពោះ​មុខ​នៃ​ការ​ពង្រីក​ឥទ្ធិ​ពល​របស់​ប្រទេស​ចិន​នៅ​លើ​ឆាក​អន្តរ​ជាតិ និង​នៅ​ចំពោះ​មុខ​នៃ​ការ​ប្រកួត​​​យក​ស្លាប់​រស់​កាន់​តែ​ខ្លាំង​រវាង​ចិន និង​អាមេរិក​។ សង្គ្រាម​ត្រជាក់​ចិន-​អាមេរិក​កុំ​សង្ឃឹម​ថា​ចប់​។ វា​ទើប​តែ​ចាប់​ផ្ដើម​ប៉ុណ្ណោះ​។​

ក្រុម​ហ៊ុន​ផលិត​រថ​យន្ត​នៅ​អឺរ៉ុប​ចាប់​ផ្ដើម​បាត់​បង់​ទី​ផ្សារ​យ៉ាង​សន្ធឹក​នៅ​ចំពោះ​មុខ​នៃ​ការ​បញ្ចេញ​លក់​រថ​យន្ត​អគ្គិសនី​របស់​ប្រទេស​ចិន​យ៉ាង​គគ្រឹក​គគ្រេង​។ ឡាន​ចិន​កំពុង​វាយ​លុក​ទីផ្សារ​ពិភព​លោក​យ៉ាង​ខ្លាំង​ គ្មាន​នរណា​អាច​ទប់​ជាប់​ទេ​។ ងាក​ទៅ​វិស័យ​នយោបាយ​ ក្រុម​អ្នក​ការ​ទូត​កំពុង​ខ្វាយ​ខ្វល់​នឹង​ករណី​សង្ស័យ​ថា​ប្រទេស​ចិន​បញ្ជូន​ភ្នាក់​ងារ​ចារ​កម្ម​របស់​ខ្លួន​បង្កប់​នៅ​ទ្វីប​អឺរ៉ុប​។ ជាក់​ស្ដែង ​ទើប​តែ​កន្លង​ផុត​ទៅ១​​សប្ដាហ៍​មុន​នេះ អាល្លឺម៉ង់ និង​អង់គ្លេស​ចាប់​​ឃុំ​ខ្លួន​ជន​សង្ស័យ​បាន​១​​ចំនួន​។​​

​បញ្ហា​នៅ​លើ​ពិភព​លោក​កាន់​តែ​ស្មុគ​ស្មាញ និង​ចាក់​ស្រេះ​គ្នា​យ៉ាង​ខ្លាំង​។ ប្រទេស​ចិន​បន្ត​ផ្ដល់​គ្រឿង​បរិក្ខារ​ និង​គ្រឿង​អេឡិច​ត្រូនិច​ទៅ​ឱ្យ​រុស្ស៊ី​​សម្រាប់​ផ្សំ​ផលិត​អាវុធ។ នេះ​បើ​យោង​តាម​របាយ​ករណ៍​របស់​ទី​ភ្នាក់​ការ​អាមេរិក​​។ ទិដ្ឋ​ភាព​នេះ​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​បស្ចិម​ប្រទេស​ ជា​ពិសេស​​អឺរ៉ុប​ដែល​ចង់​ឃើញ​រុស្ស៊ី​ចាញ់​សង្គ្រាម​ឱ្យ​បាន​ឆាប់​​។​ ម៉្យាង​ទៀត​ អឺរ៉ុប​​បារម្ភ​ថា​បើ​​ពួក​គេ​មិន​អាច​បញ្ឈប់​សកម្ម​ភាព​របស់​រុស្ស៊ីត្រឹម​អ៊ុយ​ក្រែន​ទេ​ រុស្ស៊ី​នឹង​ជម្រុល​ដំណើរ​ទៅ​មុខ​ទៀត​​​។

ទោះ​ជា​មាន​បញ្ហា​ចម្រូង​ចម្រាស​​យ៉ាង​ណា​ក្ដី ប៉ុន្តែ​ផល​ប្រយោជន៍​សេដ្ឋ​កិច្ច​រវាង​​ចិន និង​​​អឺរ៉ុប​នៅ​តែ​សំខាន់ និង​មាន​ទំហំ​ធំ​ដែល​គេ​មិន​អាច​ទាត់​គ្នា​ចោល​បាន​ឡើយ​។ គេ​ប៉ាន់​ស្មាន​ថា​ទំហំ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​រវាង​ចិន និង​អឺរ៉ុប​មាន​២,៣​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ៗ​។ លោ​កស៊ី​ជីន​ពីង​ទំនង​ជា​បាន​តាំង​ចិត្ត​យ៉ាង​មុត​មាំ​ថា​លោក​ត្រូវ​តែ​ខិត​ខំ​កសាង​ទំនាក់​ទំនង​ឡើង​វិញ​ និង​ពង្រឹង​ទំនាក់​ទំនង​នេះ​​ឱ្យ​​បាន​ខ្លាំង​ក្លា​ជា​មួយ​ថ្នាក់​ដឹក​នាំ​អឺរ៉ុប​បន្ទាប់​ពី​ខាន​ជួប​គ្នា​ជា​ច្រើន​ឆ្នាំ​​​ដោយ​​សារ​បញ្ហា​កូវីដ​១៩​​។​

លោក​ស៊ី​ជីន​ពីង​ដាក់​ជើង​ជាន់​ដី​ទ្វីប​អឺរ៉ុប​លើក​នេះ​មុន​គេ​គឺ​ប្រទេស​បារាំង​។ ប្រធានា​ធិបតី​បារំាង​ លោក​ម៉ាក្រុង​ ចង់​ឃើញ​​សហ​ភាព​អឺរ៉ុប​មាន​ភាព​ឯក​រាជ្យ​-ម្ចាស់​ការ​លើ​វិស័យ​សេដ្ឋ​កិច្ច និង​ការ​ពារ​ជាតិ​។ លោក​​​មិន​ចង់​​ពឹង​ផ្អែក​ទៅ​លើ​ប្រទេស​មហា​អំណាចដទៃ​​ជា​អ្នក​ការ​ពារ​ទេ​​។ តាំង​ពី​យូរ​មក​ហើយ​ លោក​ម៉ាក្រុង​ចង់​បង្កើត​កង​ទ័ព​អឺរ៉ុប​ដែល​ឯក​រាជ្យ​ពី​អង្គ​ការ​ណាតូ​។

បន្ទាប់​ពី​ចាក​ចេញ​ពី​ប្រទេស​បារាំង លោក​ស៊ី​ជីន​ពីង​នឹង​ប​ន្ត​ដំណើរ​ទៅ​ប្រទេស​ស៊ែប៊ី និង​ហុងគ្រី​ទៀត​។ ប្រទេស​ទាំង​២​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​សមាជិក​សហ​ភាព​អឺរ៉ុប​ដែល​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ប្រទេស​ចិន​ និង​ក៏​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​លោក​ពូទីន​ផង​ដែរ​។ ប្រទេស​ទាំង​ពីរ​ទទួល​បាន​ការ​វិនិយោគ​ពី​ប្រទេស​ចិន​ច្រើន​គួរ​សម​ដែរ​កាល​ពី​ពេល​កន្លង​មក​។​

ទី​ក្រុង​វ៉ាស៊ីន​តោន​តាម​ដាន​ទស្សន​កិច្ច​របស់​លោ​កស៊ី​ជីន​ពីង​​ដោយ​​យក​ចិត្ត​ទុក​ដាក់​ព្រោះ​អាមេរិក​​បារម្ភ​ថា​​សហ​ភាព​អឺរ៉ុប​​អាច​​នឹង​ផ្លាស់​ប្ដូរ​​​នយោបាយ​ការ​បរទេស​សំខាន់​ៗ​របស់​ខ្លួន​។ ជា​មួយ​គ្នា​នេះ អឺរ៉ុប​នៅ​មិន​ទាន់​ច្បាស់​ថា​តើ​អាមេរិក​នឹង​បន្ត​ឧបត្ថម្ភ​-​គាំទ្រ​​ខ្លួន​កម្រិត​ណា​ទេ​។​ ​នាយក​រដ្ឋ​មន្ត្រី​បារាំង​បាន​ទៅ​ទទួល​ស្វាគមន៍​លោក​ស៊ី​ជីន​ពីង​ដល់​ព្រលាន​យន្ត​ហោះ​​​។

​បន្ទាប់​មក​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ លោក​ម៉ាក្រុង​នឹង​ទទួល​​ស្វា​គមន៍​​លោក​ស៊ី​ជីន​ពីង​ជា​ផ្លូវ​ការ​។ លោក​ទាំង​២​នឹង​​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​ប្រធាន​គណៈ​កម្ម​ការ​អឺរ៉ុប​ លោក​ស្រី​ឡីយេន​ (Leyen)។ គេ​រំពឹងថា​នៅ​ក្នុង​កិច្ច​ជំនួប​ត្រី​ភាគី​នោះ លោក​ស្រី និង​លោក​ម៉ាក្រុង​នឹង​ទី​១-​​ជំរុញ​ឱ្យ​ប្រទេស​ចិន​ប្រកាន់​គោល​ការណ៍​រក​ស៊ី​ដោយ​ស្មើ​ភាព និង​យុត្តិធម៌​ និង​​ទី​២​-ស្នើ​សុំ​ឱ្យ​​​​ចិន​ប្រើ​ប្រាស់​ឥទ្ធិ​ពល​របស់​ខ្លួន​​​​និយាយ​ជា​មួយ​រុស្ស៊ី​ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​កាន់​តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

សូម​រំលឹក​ថា​​កាល​ពី​រដូវ​ស្លឹក​ឈើ​ជ្រុះ​ឆ្នាំ​២០២៣​ សហ​ភាព​អឺរ៉ុប​ចាប់​ផ្ដើម​បើក​ការ​ស៊ើប​អង្កេត​​ក្រុមហ៊ុន​របស់​ចិន​ ហើយ​អាច​នឹង​ចាប់​ផ្ដើម​ដំឡើង​ពន្ធ​គយ​លើ​រថ​យន្ត​អគ្គិសនី​ចិន​ដែល​នាំ​ចូល​សហ​ភាព​អឺរ៉ុប​។ នៅ​ក្នុង​បញ្ហា​អ៊ុយ​ក្រែន​ ប្រទេស​ចិន​តែង​តែ​ប្រកាស​ថា​ខ្លួន​ប្រកាន់​គោល​ជំហរ​អព្យាក្រឹត្យ​-​ឥត​លម្អៀង​ ហើយចិន​ពុំ​ដែល​ប្រកាស​ថ្កោល​ទោស​រុស្ស៊ី​ពី​បទ​ឈ្លាន​ពាន​អ៊ុយ​​ក្រែន​ម្ដង​ណា​ទេ​។ ប្រទេស​ចិន​ចាត់​ទុក​សង្គ្រាម​អ៊ុយ​ក្រែន​ជា​វិបត្តិ​ មិន​មែន​ជា​សង្គ្រាម​ឈ្លាន​ពាន​ទេ​។ ក្រុម​​បស្ចិម​ប្រទេស​ទទួល​ស្គាល់​ថា​ចិន​មិន​បាន​ផ្ដល់​អាវុធ​ទៅ​ឱ្យ​រុស្ស៊ី​ពិត​មែន។ ប៉ុន្តែ​ចិន​ជួយ​ផ្ដល់​គ្រឿង​ផ្សំ​សម្រាប់​ពន្លឿន​ការ​​ផលិត​អាវុធ​របស់​រុស្ស៊ី​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ