រាជធានីភ្នំពេញ ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងសរុបជាង ១៩០ គីឡូម៉ែត្រតភ្ជាប់ពីភូមិ ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ ១ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ សម្រេចបានប្រមាណ ៥១,៣៥% ហើយ តាមកិច្ចសន្យា គ្រោងបញ្ចប់នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៣ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើវឌ្ឍនភាពនៃគម្រោងមួយនេះ ។
ក្រសួងបានឱ្យដឹងថា ចំពោះការដោះស្រាយផលប៉ះពាល់ក្នុងការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន ៩៩,៩% ស្មើនឹង ១៨៦,៨៦ គីឡូម៉ែត្រ ហើយ គិតត្រឹមថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២១ ហើយក្រសួងកំពុងតែខិតខំប្រឹងប្រែងធ្វើការដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យបានរួចរាល់ក្នុងពេលឆាប់ៗនេះ ។
គួរកត់សម្គាល់ថា ទោះបីជាប្រទេសកម្ពុជា ប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ដំណើរការសាងសង់ផ្លូវល្បឿនលឿននេះ នៅតែបន្តដំណើរការដដែល មិនមានការប៉ះពាល់នោះទេ ដោយសារតែក្រុមការងារ បុគ្គលិក កម្មករទាំងអស់ បានខិតខំប្រឹងប្រែងតស៊ូជំនះនូវស្ថានភាពដ៏លំបាកនេះបាន ។
សូមជម្រាបជូនថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឆ្លងកាត់រាជធានីភ្នំពេញ ៨,៣០ គីឡូម៉ែត្រ ខេត្តកណ្តាល ៩,១០ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ៨០,៨០ គីឡូម៉ែត្រ ខេត្តកោះកុង ១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុ ៨៩,៨៩ គីឡូម៉ែត្រ ចំណាយថវិកាសាងសង់សរុបប្រមាណ ២.០០០ លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ។
ទទឹងតួផ្លូវសរុបនៃគម្រោងខាងលើនឹងត្រូវសាងសង់រហូតដល់ ២៤,៥ ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០ សង់ទីម៉ែត្រ ទទឹង ២៣ ម៉ែត្រ ដែលក្នុងនោះរួមមាន ៖ គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ ទទឹង ១៥ ម៉ែត្រ ចែកជា ៤ គន្លង (២ គន្លងទៅ ២គន្លងមក) ដែលគន្លងនីមួយៗមានទទឹង ៣,៧៥ ម៉ែត្រ អាចឱ្យយានយន្ត គ្រប់ប្រភេទបើកបរក្នុងល្បឿនរហូតដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង និងកន្លែងខ្លះអាចដល់ ១២០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ។ ខឿនសួនចែកទិសចរាចរណ៍នៅចំកណ្តាលទ្រូងផ្លូវទទឹង ៣ ម៉ែត្រ ចិញ្ចើមផ្លូវក្រាលបេតុងកៅស៊ូទទឹង ២,៥០ ម៉ែត្រ សងខាង និងចិញ្ចើមផ្លូវក្រាលគ្រួសក្រហមទទឹង ០,៧៥ ម៉ែត្រសងខាង ។ មានការសាងសង់លូគ្រប់ប្រភេទចំនួន ២៦៣ កន្លែង ស្ពានតូច ៥ កន្លែង ប្រវែងសរុប ១០៥ ម៉ែត្រ ស្ពានធំ និងស្ពានមធ្យម៨០កន្លែង ប្រវែងសរុប ៦០១៥ ម៉ែត្រ ។ សាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន ៧ កន្លែង ផ្លូវប្រសព្វ ២៨ កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿន ២៣៧កន្លែង និងស្ពានរំលងផ្លូវ ២០ កន្លែង ។ សាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាកចំនួន ៣ កន្លែង ចំណតរថយន្ត ១ កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវ ៤ កន្លែង និងបញ្ជរបង់ប្រាក់ ៩ កន្លែង ។ បំពាក់គ្រឿងបរិក្ខារផ្លូវថ្នល់ដែលរួមមាន ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍ផងដែរ ៕
ចែករំលែកព័តមាននេះ