ខេត្តព្រះសីហនុ៖ សមត្ថកិច្ចចំរុះ បានពង្រឹងការត្រួតពិនិត្យ បំរាមគោចរ ដែលបានហាមឃាត់ការធ្វើដំណើរនៅពេលយប់ ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៥ព្រឹក នៅក្នុងស្រុកព្រៃនប់។ រដ្ឋបាលខេត្តព្រះសីហនុ បានដាក់ឲ្យអនុវត្តន៍ទូទាំងស្រុកព្រៃនប់ ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ១៩ ជាបន្តបន្ទាប់ នាចុងខែឧសភា ឆ្នាំ២០២១នេះ។ ស្រុកព្រៃនប់ត្រូវបានអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ ដាក់ជាតំបន់លឿង ដូចជា នៅក្រុងព្រះសីហនុដែរ។
មន្ត្រីអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ឲ្យដឹងថា នៅពេលបំរាមគោចរ ចូលមកដល់ ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៥ព្រឹក ក្រៅពីបិទតាមផ្លូវនៅគ្រប់ភូមិ ឃុំទូទាំងស្រុក ការធ្វើចរាចរណ៍តាមផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៣ ឆ្លងកាត់ស្រុកព្រៃនប់ ត្រូវបានហាមឃាត់ដូចគ្នា ទាំងពលរដ្ឋ ក្នុងមូលដ្ឋាន ក៏ដូចជាការធ្វើដំណើរតាមរថយន្តឈ្នួល និងរថយន្តគ្រួសារ ជាដើម លើកលែងតែរថយន្តដឹកជញ្ជូនទំនិញ រថយន្តសង្គ្រោះ រថយន្តរបស់មន្ត្រី និងសមត្ថកិច្ច ដែលមានភារកិច្ច ឬពលរដ្ឋ ដែលមានធុរៈធ្វើដំណើរចាំបាច់ ដោយមានការពិនិត្យត្រឹមត្រូវ ពីអាជ្ញាធរ និងសមត្ថកិច្ចនៅនឹងកន្លែង។
ជាមួយគ្នានេះ ការលក់ដូរផ្សេងៗ ក៏ត្រូវបានហាមឃាត់ ពេលយប់ ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៥ព្រឹក ដូចគ្នាដែរ។
បើតាមមន្ត្រីអ្នកនាំពាក្យរដ្ឋបាលខេត្ត តាមការគ្រោងទុក បំរាមគោចរនេះ នឹងអនុត្តន៍ រហូតដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ហើយបើមានការកែប្រែថ្មី រដ្ឋបាលខេត្ត នឹងប្រកាសជូនដំណឹងជ្រាបជាសាធារណៈ៕
ចែករំលែកព័តមាននេះ