រាជធានីភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោតសរសើរយ៉ាងខ្លាំងដល់រដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងមន្ទីរ-អង្គភាពជំនាញ ដែលបាន យកចិត្តទុកដាក់អនុវត្តតាមបទបញ្ជារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយបានអនុវត្ត និងដាក់ចេញនូវវិធានការនានា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ប្រកបដោយប្រសិទ្ធភាព ដែលនឹងឈានទៅដល់ការបញ្ចប់ព្រឹត្តិការណ៍ ២០កុម្ភៈ នាពេលខាងមុខ។
ថ្លែងក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែឧសភា លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ អនុវត្តការងារបានល្អប្រសើរណាស់ ដែលធ្វើឲ្យមានប្រជាប្រិយភាពដល់គណៈបក្សប្រជាជនកម្ពុជាថែមទៀត។ ជាក់ស្តែងនៅក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីកន្លងមកនេះ អាជ្ញាធររបស់យើងអនុវត្តការងារបានល្អមែនទែន ដែលសកម្មភាពនេះ ពិតជាបានបង្ហាញពីសមត្ថភាពពិតប្រាកដរបស់រដ្ឋបាលរាជធានីភ្នំពេញលើការគ្រប់គ្រង។ បន្ថែមពីនេះអាជ្ញាធររាជធានី សហការជាមួយកងទ័ពបានផ្តល់ស្បៀងអាហារជូនពលរដ្ឋបានគ្រប់គ្រាន់និងទាន់ពេលវេលាថែមទៀត ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយនោះទេ។
លោកក៏បានសម្តែងនូវការកោតសរសើរ ជាពិសេសចំពោះយុទ្ធនាការនៃការចាក់វ៉ាក់សាំងកូវីដ-១៩ដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញបានយ៉ាងល្អប្រសើរផងដែរ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ផងដែរថា ការគ្រប់គ្រងរាជធានីភ្នំពេញបានល្អ ពាក់ព័ន្ធនឹងការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះ គឺបានមកពីការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី។
លោកបន្តថា ការប្រយុទ្ធប្រឆាំងកូវីដ-១៩ ប្រៀបបាន នឹងសមរភូមិ ដែលពិបាកជាងសង្គ្រាមជាមួយមនុស្សលោក ដែលយើងអាចមើលនឹងភ្នែកឃើញ ប៉ុន្តែសម្រាប់ខ្មាំងសត្រូវរបស់កូវីដ-១៩ យើងមើលមិនឃើញទេ។
លោក ឃួង ស្រេង បានបន្តទៀតថា ការសម្រេចឲ្យបិទរាជធានីភ្នំពេញនេះ ពិតជាមានការ លំបាកខ្លាំងណាស់ ហើយថែមទាំងត្រូវបានបក្សប្រឆាំង ចោទប្រកាន់ថា យើងបំបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋថែមទៀតផង។ ប៉ុន្តែធាតុពិតការបិទក្រុងនេះ យើងគ្មានបំណងអ្វី ក្រៅពីចង់រក្សាអាយុជីវិតប្រជាពលរដ្ឋឲ្យនៅគង់វង្សនោះទេ។ ពាក់ព័ន្ធការរក្សាអាយុជីវិតប្រជាពលរដ្ឋនេះដែរ អាជ្ញាធរបានផ្តល់ជាស្បៀងអាហារជូនពលរដ្ឋបានគ្រប់គ្រាន់ និងទាន់ពេលវេលាថែមទៀត ដោយគិតមកដល់ពេលនេះ ពលរដ្ឋប្រមាណជាង ៤០ម៉ឺនគ្រួសារហើយ បានទទួលស្បៀងអាហាររបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន៕
ចែករំលែកព័តមាននេះ