ស្រុកព្រៃនប់ ៖ មានប្រជាពលរដ្ឋ២នាក់ក្នុងនោះជាក្មេងស្រីអាយុ៥ឆ្នាំម្នាក់ផងបានពុលផ្សិតធ្ងន់ធ្ងរ កើតឡើងនៅចំណុចភូមិភ្នំតូច ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តែត្រូវបានដឹកទៅសង្គ្រោះភ្លាមៗ កាលពីព្រលប់ថ្ងៃទី០៤ ឧសភា ២០២១ ។ សូមរំលឹកថា ហាមដកផ្សិតមួយប្រភេទនេះមកហូប ឬលក់ ព្រោះអាចគ្រោះថ្នាក់ដល់ជីវិត
តាមប្រភពពីសមត្តិកិច្ចឱ្យដឹងថា ជនរងគ្រោះដែលពុលផ្សិតនោះ ម្នាក់ឈ្មោះ ប៉ាន នី ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅដូចកន្លែងកើតហេតុ បណ្តាលអោយសន្លប់ពុំទាន់ដឹងខ្លួននោះទេ ។ រីឯម្នាក់ទៀត ឈ្មោះហ៊រ មួយលៀង ភេទស្រី អាយុ០៥ឆ្នាំ(ត្រូវជាចៅ) បណ្តាលអោយក្អូតចង្អោរ។ ដោយឡែក គេនៅមិនដឹងថា ផ្សិតដែលពួកគាត់បានហូបនោះ ជាប្រភេទផ្សិតឈ្មោះអ្វីនោះទេ។
ប្រភពដដែលបានបន្តថា មូលហេតុគឺមកពីឈ្មោះប៉ាន នី បានទៅដកផ្សិតនៅក្នុងព្រៃមកឆាហូប ទើបបណ្តាលអោយពុលតែ
ម្តង។ បច្ចុប្បន្ន ជនរងគ្រោះកំពុងសំរាកព្យាបាលនៅបន្ទប់ព្យាបាលឃុំបឹងតាព្រហ្ម ហើយបន្តទៅសង្គ្រោះនៅមន្ទីពេទ្យចំការចេក ខេត្តព្រះសីហនុ ។
សូមរំលឹកថា កាលពីប៉ុន្មានថ្ងៃមុន សមត្ថកិច្ចនៅស្រុកស្រែអំបិលខេត្តកោះកុង បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលដើរដកផ្សិតមកធ្វើម្ហូបអាហារ ឬយកទៅលក់ដូរ សូមកុំដកផ្សិតមួយប្រភេទនេះមកធ្វើជាម្ហូបអាហារ និងលក់ដូរបន្តជាដាច់ខាត ព្រោះផ្សិតមួយប្រភេទនេះគេហៅថា ផ្សិតចំពុះសេក ឬផ្សិតពងក្ងោក ហើយផ្សិតមួយប្រភេទនេះមានជាតិពុល ដែលធ្វើឱ្យអ្នកបរិភោគអាចស្លា.ប់បាន។
រដ្ឋបាលខេត្តកោះកុងក៏បានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបថា កន្លងមក មានភ្លៀងធ្លាក់នៅទូទាំងខេត្ត ហើយតំបន់ខ្លះក៏មានភ្លៀងធ្លាក់ជោកជាំ ដែលធ្វើឱ្យរុក្ខជាតិនានាដុះលូតលាស់តាមបែបធម្មជាតិ ។ ស្របពេលគ្នានេះដែរ ក៏មានផ្សិតជាច្រើនប្រភេទ រួមទាំងផ្សិត ដែលមនុស្សអាចបរិភោគបាន និងផ្សិតពុលផងដែរបានដុះ ព្រោងព្រាតជាច្រើននៅតាមតំបន់ព្រៃ តំបន់ចម្ការ ។ល។ ដែលជាហេតុធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនបានដើររកផ្សិតសម្រាប់លក់ និងបរិភោគដូចរាល់ដង។ ក៏ប៉ុន្តែក៏មានបងប្អូនប្រជាពលរដ្ឋ ដែលមិនបានស្គាល់ច្បាស់លាស់អំពីប្រភេទផ្សិតហូបបាន និងផ្សិតពុល។
ចែករំលែកព័តមាននេះ