ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់ លំនៅឋានរបស់ពលរដ្ឋចំនួន១៣ខ្នង បានរងការខូចខាតដោយសារខ្យល់កន្ត្រាក់ និងសត្វគោចំនួន០២ក្បាលត្រូវរន្ទះបាញ់ងាប់ កាលពីរសៀលថ្ងៃទី២២ មេសា នៅក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែ ដែលបាតុភូតធម្មជាតិនេះ បានកើតឡើងតែក្នុងរយះពេលប៉ុន្មាននាទីប៉ុណ្ណោះ។
យោងតាមសេចក្ដីរាយការណ៏បានឲ្យដឹងថា ភ្លៀងដែលមានលាយឡំខ្យល់កន្ត្រាក់ និងផ្គររន្ទះយ៉ាងសាហាវផង ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ បានប៉ះទង្កិចទៅលើភូមិចំនួន០៣ ក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែ។ ភូមិចំនួន០៣រងគ្រោះដោយបាតុភូតធម្មជាតិខាងលើនេះ មានភូមិសាលាត្រាវ ខូចខាតផ្ទះអស់ចំនួន០៧ខ្នង ភូមិកាច់រទេះ អស់ចំនួន០៣ខ្នង និង ភូមិអូសទូក អស់ចំនួន០៣ខ្នង ដែលសុទ្ធតែខូចខាតដំបូង។
ប៉ុន្តែសេចក្ដីរាយការណ៏បានបញ្ជាក់ថា ជាមួយនឹងការខូចខាតលំនៅឋានអស់ចំនួន១៣ខ្នង ដោយសារខ្យល់កន្ត្រាក់មួយប្រាវខាងលើនេះ ដំណាលគ្នានោះរន្ទះក៏បានបាញ់សម្លាប់សត្វគោអស់ចំនួន០២ភ្លាមៗដែរ។ យ៉ាងណាក៏ដោយពេលនេះអាជ្ញាធរកំពុងចុះស្រាវជ្រាវធ្វើរបាយការណ៏ជូនថ្នាក់ដឹកនាំ ដើម្បីសុំអន្តរាគមន៍សង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងគ្រោះទាំង១៣គ្រួសារនោះហើយ។ ដោយ៖ ឆោម ពិសម័យ
ចែករំលែកព័តមាននេះ