រាជធានីភ្នំពេញ ៖ រដ្ឋាភិបាលប្រទេសបានសម្រេចផ្តល់វ៉ាក់សាំងការជំងឺសាទឹក និងអ៊ុតក្តាម ចាក់លើសត្វចំនួន២សែនដូសដល់ក្រសួងកសិកម្មកម្ពុជា ។
យោងតាមបណ្តាញសង្គម របស់រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទ នៅថ្ងៃទី២២ មេសា ឆ្នាំ២០២១ បានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្ម និងកិច្ចការជនបទ ដែលបានផ្តល់ជំនួយវ៉ាក់សាំងជំងឺ ជំងឺសាទឹក និងអ៊ុតក្តាម ចំនួន ២០០ ០០០(ពីរសែន) ដូសមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺសាទឹក និងអ៊ុតក្តាម (FMD) ដែលបាន និងកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា ។
រដ្ឋមន្ត្រីលើកឡើងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្តីរីករាយយ៉ាងខ្លាំង និងសូមជម្រាបជូនថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលវ៉ាក់សាំងជំងឺអ៊ុតក្តាម FMD ចំនួន ១០០ ០០០ (មួយសែន) ដូសបន្ថែមទៀត ដែលជាការផ្តល់មកកម្ពុជាក្នុងដំណាក់កាលទី២ ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានទទួលវ៉ាក់សាំងជម្ងឺសាទឹកពីក្រសួងកសិកម្ម និងកិច្ចការជនបទ នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន ១០០ ០០០(មួយសែន) ដូស រួចមកហើយ ដែលជាការផ្តល់ដំណាក់កាលទី១ ។
រហូតមកដល់ពេលនេះវ៉ាក់សាំងជម្ងឺសាទឹក ដែលទទួលបានក្នុងដំណាក់កាលទី១ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបើកផ្តល់និងចាក់វ៉ាក់សាំងដល់សត្វគោក្របីរបស់កសិករនៅតាមបណ្តារាជធានី/ខេត្ត អស់ចំនួន ៤៧ ០០០ ដូស រួចហើយ ដែលមកទល់ពេលនេះ គឺបានធ្វើឱ្យសត្វគោក្របីដែលបានចាក់វ៉ាក់សាំងហើយនោះ មានសុខភាពល្អប្រសើរ ។
ទន្ទឹមនឹងនេះខ្ញុំក៏សូមបញ្ជាក់ផងដែរថា វ៉ាក់សាំងជំងឺសាទឹក និងអ៊ុតក្តាមនេះត្រូវបានផលិតយ៉ាងពិសេសសម្រាប់លក្ខខ័ណ្ឌអាកាសធាតុនៃប្រទេសកម្ពុជា ដូច្នេះយើងមានជំនឿជឿជាក់យ៉ាងមុតមាំថាវ៉ាក់សាំងទាំងនេះនឹងមានប្រសិទ្ធភាព និងគុណភាពល្អបំផុតដែលមិនធ្លាប់មានពីមុនមក ៕
ចែករំលែកព័តមាននេះ