ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ហេង សំ​រិ​ន ៖ ថ្ងៃនេះ​ខួប​លើក​ទី​៤៦​ពួក​ខ្មែរក្រហម​គ្រប់គ្រង​ប្រទេស​ហើយ​របប​ខ្មៅ​ងងឹត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​បញ្ជាក់​ថា​ថ្ងៃ​ទី​១៧ មេ​សា ១៩៧៥ ខួប​លើក​ទី​៤៦ ពួក​ខ្មែរក្រហម​គ្រប់គ្រង​ប្រទេស​ដែល​ជា​របប​ខ្មៅ​ងងឹត…

រាជធានី​ភ្នំពេញ ៖ សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​បញ្ជាក់​ថា​ថ្ងៃ​ទី​១៧ មេ​សា ១៩៧៥ ខួប​លើក​ទី​៤៦ ពួក​ខ្មែរក្រហម​គ្រប់គ្រង​ប្រទេស​ដែល​ជា​របប​ខ្មៅ​ងងឹត ។

សម្តេច​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ថា​«​ថ្ងៃនេះ កាលពី​៤៦​ឆ្នាំ​មុន ពួក​ប្រល័យពូជសាសន៍​ខ្មែរក្រហម​បាន​ឡើង​គ្រប់គ្រង​ប្រទេស​យើង ហើយ​បាន​បង្ក​វិនាសកម្ម​យ៉ាងធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ជាតិ​យើង ជា​យុគសម័យ​ខ្មៅ​ងងឹត​ដែល​ពលរដ្ឋ​កម្ពុជា​ត្រូវ​បាន​រស់​ក្នុង​អន្លង់​ទឹកភ្នែក ហូប​មិន​គ្រប់ ធ្វើការ​ជា​ទម្ងន់ ព្រាត់ប្រាស់​បងប្អូន​កូនចៅ ។ ក្រោម​របប «​កម្ពុជា​ប្រជាធិបតេយ្យ​» ក្លែងក្លាយ​នេះ​បាន​ប្រល័យពូជសាសន៍​ជាតិ​ឯង កាប់សម្លាប់​ពលរដ្ឋ​ស្លូតត្រង់​អស់​ជាង​២​លាន​នាក់​»​។

សម្តេច​ប្រធានរដ្ឋសភា​បាន​លើក​ឡើង​ថា ថ្ងៃ​១៧ មេ​សា​ឆ្នាំ​១៩៧៥ ពួក​អាវ​ខ្មៅ បាន​បង្ខំ​ប្រជាពលរដ្ឋ​ចាក​ចេញពី​ទីក្រុង​ភ្នំពេញ ទៅ​តាម​បណ្តា​ខេត្ត និង​ជម្លៀស​ទៅ​កាន់​ទី​ជនបទ ដោយ​បង្ខំ​ឱ្យធ្វើ​ការ​ជា​ទម្ងន់ ដូច​គោក្របី ទាំង​យប់​ទាំង​ថ្ងៃ និង​គ្មាន​ពេល​សម្រាក ។ សិទ្ធិ​សេរីភាព​ពលរដ្ឋ រួម​ទាំង​សិទ្ធិ​រស់រាន នៅ​ក្នុង​របប​យង់ឃ្នង​នោះ គឺ​គ្មាន​ទេ សូ​ម្បី​តែ​ការ​ស្លៀកពាក់​ខោអាវ ក៏​ពួក​គេ​តម្រូវ​ឱ្យ​ស្លៀកពាក់​តែ​ខោអាវ​ពណ៌​ខ្មៅ​មួយ​ពណ៌ មួយ​កំ​ប្លេ​គត់ ។

ក្រៅពី​បង្ខំ​ឱ្យ​ពលរដ្ឋ​ធ្វើការ​គ្មាន​ថ្ងៃ​សម្រាក​របប​ព្រៃផ្សៃ​នេះ​ក៏​បាន​ធ្វើ​ទារុណកម្ម និង​សម្លាប់​ប្រជាពលរដ្ឋ​តាម​អំពើ​ចិត្ត​ដោយ​ចោទ​ថា​ជា​ខ្មាំង ។ របប​នេះ​មិន​ឱ្យ​មានការ​គោរព​ជំនឿ​សាសនា​ឡើយ ហើយ​សូ​ម្បី រូបិយប័ណ្ណ​ក៏​គ្មាន​ដែរ វត្ត​អារាម សាលារៀន មន្ទីរពេទ្យ​ក៏​ត្រូវ​ពួក​នេះ​វាយ​កម្ទេច​ចោល​សឹង​គ្មាន​សល់ ។

ជាមួយ​គ្នា​នោះ សម្តេច​បញ្ជាក់​`​ក្រោយ​ថ្ងៃ​រំដោះ ៧​មក​រា ១៩៧៩ យើង​សល់​តែ​បាតដៃ​ទទេ ហើយ​បាន​រួម​គ្នា​កសាង អភិវឌ្ឍន៍​ប្រទេស​ជាតិ ដោយ​ឆ្លងកាត់​ជំនះ​ឧបសគ្គ​រាប់រយ​ជំពូក​ទម្រាំ​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ដូច​សព្វ​ថ្ងៃនេះ ។

ជាង​៤០​ឆ្នាំ​មកនេះ​ដៃ​ម្ខាង​យើង​ខំ​កសាង និង​អភិវឌ្ឍន៍​ប្រទេស ហើយ​ដៃ​យើង​ម្ខាង​ទៀត​ខិតខំ​ទប់ស្កាត់​មិន​ឱ្យ​របប​នេះ​វិល​មក​សារ​ជា​ថ្មី ដោយ​យើង​បារម្ភ និង​ខ្លាច​ជាទី​បំផុត​នូវ​ពាក្យ​ថា «​ប្រជាធិបតេយ្យ​ក្លែងក្លាយ​» នោះ​» ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា ក្នុង​ន័យ​នេះ សូម​បងប្អូន​ជនរួមជាតិ​ចង​ចាំ​នូវ​ព្រឹត្តិការណ៍​១៧ មេ​សា ១៩៧៥ ហើយ​រួបរួម​គ្នា​ថែរក្សា​សុខ​សន្តិភាព​ដែល​យើង​កំពុង​មាន​សព្វ​ថ្ងៃនេះ​ឱ្យ​បាន​ស្ថិតស្ថេរ គង់វង្ស​ជា​អមតៈ ដើម្បី​យើង​មានឱកាស​អភិវឌ្ឍន៍​ប្រទេស​ជាតិ​របស់​យើង​ឱ្យ​កាន់តែ​សម្បូរ​សប្បាយ រុងរឿង និង​រីក​ចម្រើន​ទៅ​មុខ​ទៀត ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ហេង សំ​រិ​ន ក៏​បាន​លើក​ឡើង​ថា នៅ​ក្នុង​កាលៈទេសៈ​ដែល​យើង​កំពុង​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​សត្រូវ​គ្មាន​ស្រមោល​ជំងឺ​កូ​វី​ដ​-១៩​នេះ សូម​បងប្អូន កូនក្មួយ ជនរួមជាតិ​ទាំងអស់​ថែរក្សា​សុខភាព គោរព​ឱ្យ​បាន​ខ្ជាប់ខ្ជួន​រាល់​វិធានការ​របស់​រាជរដ្ឋាភិបាល ដើម្បី​សេចក្តីសុខ​ខ្លួន​យើង ក្រុម​គ្រួសារ​យើង និង​សង្គម​ជាតិ​យើង ជា​ពិសេស​យើង​នាំ​គ្នា​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កាច​សាហាវ​នេះ​ឱ្យ​បាន​គ្រប់​ៗ​គ្នា ដើម្បី​យកឈ្នះ​កូ​វី​ដ​-១៩ ហើយ​យើង​នឹង​បាន​វិល​ទៅ​រក​ជីវភាព​ជា​ប្រក្រតី​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ