រាជធានីភ្នំពេញ ៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានដាក់ឱ្យប្រើប្រាស់នូវឧបករណ៍អនឡាញ ដើម្បីផ្សារភ្ជាប់ពលរដ្ឋ នឹងសេវាសាធារណៈក្រុងនៅក្នុងខេត្តបន្ទាយមានជ័យ។
កម្មវិធីនេះមានឈ្មោះថា «ពិដោរអ្នកភូមិឆ្លាតវៃ» គឺជាឧបករណ៍ឆ្លើយតបសំឡេងអន្តរកម្ម (IVR) ហើយក៏ជាឧបករណ៍ជជែកតាមហ្វេសប៊ុក (Facebook based chatbot) ដែលផ្តល់ព័ត៌មានដល់ប្រជាជនកម្ពុជាអំពីសេវាសាធារណៈនៅខេត្តបន្ទាយមានជ័យ ត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃនេះដោយ គម្រោងច្រកចេញចូលតែមួយសម្រាប់ពលរដ្ឋ របស់ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។ ឧបករណ៍នេះនឹងផ្សាភ្ជាប់ប្រជាពលរដ្ឋ ទៅនឹងសេវានានា ដែលផ្តល់ដោយការិយាល័យ ច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាឧបករណ៍ស្រដៀងគ្នា ដែលបានដាក់ឱ្យប្រើប្រាស់នៅខេត្តបាត់ដំបងក្នុងឆ្នាំ២០២០ ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy បានកត់សម្គាល់ថា៖ «សមត្ថភាពរបស់ប្រជាពលរដ្ឋក្នុងការទទួលបានសេវាសាធារណៈសំខាន់ៗ គឺជាផ្នែកសំខាន់មួយរបស់រដ្ឋាភិបាលដែលបើកចំហ និងមានគណនេយ្យភាព។ យើងចែករំលែកគោលការណ៍ និងគុណតម្លៃទាំងនេះ ដែលបង្កើតឱ្យមានការជឿទុកចិត្តរវាងពលរដ្ឋ និងអាជ្ញាធរ។ ការជឿទុកចិត្តនេះ ក៏នឹងត្រួសត្រាយផ្លូវសម្រាប់សង្គមដែលមានផលិតភាពខ្ពស់ និងរីកចម្រើនផងដែរ»។
គួរបញ្ជាក់ផងដែរថា ឧបករណ៍បច្ចេកវិទ្យា OW4C ធ្វើឱ្យការទទួលបានព័ត៌មានមានលក្ខណៈសាមញ្ញ។ ពិដោរ អាចផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋតាមរយៈកម្មវិធីជជែកតាមហ្វេសប៊ុក (Facebook chatbot) ឬការហៅទូរស័ព្ទ៖
១. ការទទួលបានព័ត៌មានស្តីពីដំណើរការដាក់ពាក្យស្នើសុំ លម្អិតពីឯកសារដែលត្រូវការ ថ្លៃសេវា និង
បទដ្ឋានរយៈពេលនៃការប្រគល់ត្រលប់មកវិញ។
២. ជាយន្តការមានសុវត្ថិភាពមួយ សម្រាប់អ្នកប្រើប្រាស់ក្នុងការផ្តល់យោបល់អំពីគុណភាពសេវាកម្មដែលពួកគេបានទទួលនៅការិយាល័យច្រកចេញចូលតែមួយ។
ជាមួយគ្នានេះផងដែរ លោកស្រី Veena Reddy នាយិកាទីភ្នាក់ងារ USAID ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ «ការទទួលបានព័ត៌មានគួរឱ្យទុកចិត្តអំពីសេវាទាំងនេះបានទាន់ពេលវេលានៅការិយាល័យច្រកចេញចូលតែមួយ នឹងធ្វើឱ្យជីវិតកាន់តែប្រសើរ និងមានគណនេយ្យភាពចំពោះលទ្ធផលសេវាសាធារណៈ»។
ការដាក់ឱ្យប្រើប្រាស់ឧបករណ៍របស់គម្រោង OW4C នៅខេត្តបន្ទាយមានជ័យ គឺជាការកសាងឡើង បន្ថែមលើជោគជ័យនៃគម្រោងនេះ ដែលបានបង្កើតសមិទ្ធផលដ៏វិជ្ជមាន នៅខេត្តបាត់ដំបងនាពេលកន្លងមក ហើយកាលពី ខែសីហា ឆ្នាំ ២០២០ ការសាកល្បងកម្មវិធី «ពិដោរអ្នកភូមិឆ្លាតវៃ» នៅខេត្តបាត់ដំបងមកទល់ពេលនេះ មានប្រជាពលរដ្ឋជាង ៤,០០០នាក់ បានទទួលព័ត៌មានអំពីសេវាជាង ៥,៥០០ដង។ ឧបករណ៍ទាំងនេះបង្ហាញនូវភស្តុតាងប្រកបដោយប្រសិទ្ធភាពនៃការបង្កើនទំនាក់ទំនងបែបស្ថាបនារវាងប្រជាជននិងមន្ត្រី អំពីរបៀបនៃការផ្តល់សេវាសាធារណៈទាំងនេះ។
ក្រុមហ៊ុន Nickol Global Solutions គ្រប់គ្រងគម្រោងច្រកចេញចូលតែមួយ សម្រាប់ពលរដ្ឋ ដោយសហការជាមួយដៃគូរបស់ខ្លួនគឺ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) និង អង្គការ InSTEDD I-Lab អាស៊ីអាគ្នេយ៍៕
ចែករំលែកព័តមាននេះ