ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Telegram ប្រតិក.ម្ម​បែប​ណា ក្រោយ​នាយក​ប្រតិបត្តិ​របស់​ខ្លួន ​ត្រូវ​ឃុំខ្លួន​នៅ​បារាំង?

3 ខែ មុន

ប្រទេស​អា​រ៉ាប់​រួម ៖ ក្រុមហ៊ុន​កម្មវិធី​ផ្ញើ​សារ​តេ​ឡេ​ក្រាម (Telegram) កាលពី​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៤ កន្លង​ទៅ បាន​ចេញ​មក​បញ្ជាក់​ថា លោក…

ប្រទេស​អា​រ៉ាប់​រួម ៖ ក្រុមហ៊ុន​កម្មវិធី​ផ្ញើ​សារ​តេ​ឡេ​ក្រាម (Telegram) កាលពី​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៤ កន្លង​ទៅ បាន​ចេញ​មក​បញ្ជាក់​ថា លោក Pavel Durov សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់ Telegram ដែល​ត្រូវ​បាន​ឃុំខ្លួន​នៅ​ក្នុង​ប្រទេស​បារាំង កាលពី​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៤ គឺជា​រឿង​ដែល​គ្មាន​អ្វី​ត្រូវ​លាក់បាំង​នោះ​ទេ​។ គួររំលឹកថា មេ​ធំ​កម្មវិធី​ផ្ញើ​សារ​តេ​ឡេ​ក្រាម (Telegram) ត្រូវ​បាន​ចា​.​ប់​ខ្លួន​នៅ​ក្នុង​ប្រទេស​បារាំង

យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២៤ បានឱ្យ​ដឹង​ថា លោក Pavel Durov ត្រូវ​បាន​ចាប់ខ្លួន នៅ​អាកាសយានដ្ឋាន Le Bourget ស្ថិត​នៅ​ភាគ​ខាងជើង​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ក្រោម​ដីកា​ពី​បទល្មើស​ទាក់ទង​នឹង​កម្មវិធី​ផ្ញើ​សារ Telegram ។

ហើយ​ការ​ស៊ើបអង្កេត​ធ្វើ​ឡើង​ពាក់ព័ន្ធ​នឹង​ការ​ខ្វះ​ក្រុមការងារ​ត្រួតពិនិត្យ និង​សម្របសម្រួល​ឱ្យ​បាន​គ្រប់គ្រាន់ ហើយ​លោក Durov ត្រូវ​បាន​ចោទប្រកាន់​ថា ពុំ​បាន​ចាត់វិធានការ​ដើម្បី​ទប់ស្កាត់​សកម្មភាព​ឧក្រិដ្ឋកម្ម​ជា​ច្រើន​លើ​កម្មវិធី Telegram ជា​ពិសេស​លើ​ការ​បរាជ័យ​ក្នុង​ការ​សហការ​ជាមួយនឹង​ការ​អនុវត្ត​ច្បាប់​លើ​ការ​ជួញដូរ​គ្រឿងញៀន ខ្លឹមសារ​ផ្លូវភេទ​របស់​កុមារ និង​ការ​ក្លែងបន្លំ​។

ក្រុមហ៊ុន Telegram បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​ការ​សម្របសម្រួល​របស់​កម្មវិធី​ស្ថិត​នៅ​ក្នុង​ស្តង់ដារ​ឧស្សាហកម្ម និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ឥត​ឈប់​ឈរ​។ វា​ជា​រឿង​មិន​ទំនង​ទាល់តែ​សោះ​ក្នុង​ការ​អះអាង​ថា​កម្មវិធី Telegram ឬ​ម្ចាស់​កម្មវិធី​នេះ ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការ​បំពាន​លើ​វេទិកា​នោះ​»​។

ក្រុមហ៊ុន​បានឱ្យ​ដឹង​ថា លោក Durov ធ្វើ​ដំណើរ​ក្នុង​ទ្វីបអឺរ៉ុប​ជា​ញឹកញាប់ ហើយ​តែងតែ​គោរព​តាម​ច្បាប់​សហភាព​អឺរ៉ុប រួម​ទាំង​ច្បាប់​សេវាកម្ម​ឌី​ជី​ថ​ល ដែល​មាន​បំណង​ធានា​នូវ​បរិយាកាស​អន​ឡាញ​ដែល​មាន​សុវត្ថិភាព និង​គណនេយ្យ​ភាព​។ អ្នក​ប្រើប្រាស់​ស្ទើរតែ​មួយ​ពាន់​លាន​នាក់​នៅ​ទូ​ទាំង​ពិភពលោក​ប្រើប្រាស់ Telegram ជា​មធ្យោបាយ​ទំនាក់ទំនង និង​ជា​ប្រភព​នៃ​ព័ត៌មាន​សំខាន់​ៗ​។ ហើយ​មក​ទល់​ពេល​នេះ ក្រុមហ៊ុន​កំពុង​រង់ចាំ​ការ​ដោះស្រាយ​ភ្លាម​ៗ អំពី​ស្ថានភាព​នេះ​។

បើ​តាម​ប្រភព​តុលាការ ដែល​ត្រូវ​បាន​ដកស្រង់​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP បានឱ្យ​ដឹង​ថា ការ​ឃុំខ្លួន​លោក Durov ត្រូវ​បាន​បន្ត​កាលពី​អាទិត្យ​ស​ប្តា​ហ៍​មុន ហើយ​អាច​បន្ត​រយៈពេល​រហូត​ដល់​៩៦​ម៉ោង​។

លោក Pavel Durov អាយុ​៣៩​ឆ្នាំ កើត​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី ដែល​បច្ចុប្បន្ន​កំពុង​រស់នៅ​ក្នុង​ទីក្រុង​ឌូ​បៃ ប្រទេស​អា​រ៉ាប់​រួម ដែល​ក្រុមហ៊ុន Telegram មាន​មូលដ្ឋាន​នៅ​ទីនោះ​។ ក្រៅ​អំពី​ជា​ជនជាតិ​រុ​ស្ស៊ី លោក Durov ក៏​មាន​សញ្ជាតិ​អា​រ៉ាប់​រួម និង​បារាំង​ផង​ដែរ​។

គួរ​ឱ្យ​ដឹងផង​ដែរ​ថា កម្មវិធី Telegram មាន​ប្រជាប្រិយភាព​ជា​ពិសេស​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី អ៊ុយ​ក្រែ​ន និង​រដ្ឋ​អតីត​សហភាព​សូ​វៀត​។ ប៉ុន្តែ​ត្រូវ​បាន​ហាមឃាត់​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី កាលពី​ឆ្នាំ ២០១៨ បន្ទាប់​ពី​ការ​បដិសេធ​របស់​លោក Durov ក្នុង​ការ​ប្រគល់​ទិន្នន័យ​អ្នក​ប្រើប្រាស់​។ ប៉ុន្តែ​បម្រាម​នេះ​ត្រូវ​បាន​ដក​វិញ​នៅ​ឆ្នាំ ២០២១​។ កម្មវិធី​នេះ ត្រូវ​បាន​ចាត់​ថ្នាក់​ជា​វេទិកា​ផ្សព្វផ្សាយ​សង្គម​ដ៏​សំខាន់ បន្ទាប់​ពី Facebook, YouTube, WhatsApp, Instagram, TikTok និង Wechat ។

លោក Pavel Durov និង​លោក Nikolai Durov ដែល​ជា​បងប្រុស បាន​បង្កើត​កម្មវិធី Telegram នៅ​ក្នុង​ឆ្នាំ ២០១៣ ហើយ​បាន​ចាក​ចេញពី​ប្រទេស​រុ​ស្ស៊ី​នៅ​ក្នុង​ឆ្នាំ ២០១៤ បន្ទាប់​ពី​បដិសេធ​មិន​ធ្វើ​តាម​ការ​ទាមទារ​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ ដើម្បី​បិទ​សហគមន៍​ប្រឆាំង​លើ​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម VKontakte ដែល​បងប្អូន​ត្រកូល Durov បាន​បង្កើត​ឡើង ហើយ​ក្រោយមក​បាន​លក់​សិទ្ធិ​គ្រប់គ្រង​។ បន្ទាប់​ពី​ចាក​ចេញពី​ប្រទេស​រុ​ស្ស៊ី លោក Pavel Durov បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា គាត់​គ្មាន​បំណង​ត្រឡប់​ទៅ​វិញ​ទេ​៕ (ប្រភព ៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ