ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ធំ​កម្មវិធី​ផ្ញើ​សារ​តេ​ឡេ​ក្រាម (Telegram) ត្រូវ​បាន​ចា.ប់ខ្លួន​នៅ​ក្នុង​ប្រទេស​បារាំង

3 ខែ មុន

ប្រទេស​បារាំង ៖ លោក Pavel Durov សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​កម្មវិធី​ផ្ញើ​សារ​តេ​ឡេ​ក្រាម (Telegram) ត្រូវ​ប៉ូលិស​បារាំង​ចាប់ខ្លួន​នៅ​ឯអាកាស​យានដ្ឋាន​ភាគ​ខាងជើង​ទី​ក្រុងប៉ារីស (Paris)​។…

ប្រទេស​បារាំង ៖ លោក Pavel Durov សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​កម្មវិធី​ផ្ញើ​សារ​តេ​ឡេ​ក្រាម (Telegram) ត្រូវ​ប៉ូលិស​បារាំង​ចាប់ខ្លួន​នៅ​ឯអាកាស​យានដ្ឋាន​ភាគ​ខាងជើង​ទី​ក្រុងប៉ារីស (Paris)​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារ​ព័ត៌មាន Reuters និង BBC ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៤ កន្លង​ទៅ​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង​បាន​រាយការណ៍​ថា លោក Pavel Durov ត្រូវ​បាន​ឃុំខ្លួន បន្ទាប់​ពី​យន្តហោះ​ឯកជន​របស់​បុរស​ជនជាតិ​រុ​ស្ស៊ី​វ័យ​៣៩​ឆ្នាំ​រូប​នេះ បាន​ចុះ​ចត​នៅ​ឯអាកាស​យានដ្ឋាន Le Bourget ។ យោង​តាម​មន្ត្រី​បារាំង​បាន​អះអាង​ថា លោក Durov ត្រូវ​បាន​ចាប់ខ្លួន​ក្រោម​ដីកា​លើ​បទល្មើស​ទាក់ទង​នឹង​កម្មវិធី​ផ្ញើ​សារ Telegram ដ៏​ពេញ​និយម​នៅ​លើ​ពិភពលោក​មួយ​នេះ​ផ្ទាល់​តែ​ម្តង​។

យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ TASS របស់​ប្រទេស​រុ​ស្ស៊ី បាន​ឲ្យ​ដឹង​ថា ស្ថានទូត​រុ​ស្ស៊ី​ប្រចាំ​ប្រទេស​បារាំង កំពុង​ចាត់វិធានការ​ជា​បន្ទាន់ ដើម្បី​បញ្ជាក់​អំពី​ស្ថានភាព​នេះ​។ ប៉ុស្តិ៍​ទូរទស្សន៍​បារាំង TF1 និង BFM បាន​ចេញផ្សាយ​ថា ការ​ស៊ើបអង្កេត​គឺ​ផ្តោត​លើ​បញ្ហា​ខ្វះ​ក្រុមការងារ​ត្រួតពិនិត្យ និង​សម្របសម្រួល​ត្រឹមត្រូវ​លើ​នៅ​លើ​កម្មវិធី Telegram ហើយ​ប៉ូលិស​បាន​ចាត់​ទុក​ថា​ស្ថានភាព​នេះ អនុញ្ញាត​ឱ្យ​សកម្មភាព​ឧក្រិដ្ឋកម្ម​កើត​មាន​ជា​បន្តបន្ទាប់​លើ​កម្មវិធី​ផ្ញើ​សារ​ដ៏​ពេញ​និយម​នេះ ដោយ​រួម​មាន​ទាំង​សកម្មភាព​បោកប្រាស់ ក្លែងបន្លំ ជាដើម​។

កម្មវិធី​ផ្ញើ​សារ Telegram គឺ​មាន​ប្រជាប្រិយភាព​ជា​ពិសេស​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី អ៊ុយ​ក្រែ​ន និង​រដ្ឋ​អតីត​សហភាព​សូ​វៀត​។ កម្មវិធី​នេះ​ត្រូវ​បាន​ហាមឃាត់​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី កាលពី​ឆ្នាំ ២០១៨ បន្ទាប់​ពី​ការ​បដិសេធ​ពី​មុន​របស់​លោក Pavel Durov ក្នុង​ការ​ប្រគល់​ទិន្នន័យ​អ្នក​ប្រើប្រាស់​។ ប៉ុន្តែ​បម្រាម​នេះ​ត្រូវ​បាន​ដក​វិញ​នៅ​ឆ្នាំ ២០២១​។

កម្មវិធី Telegram ត្រូវ​បាន​ចាត់​ថ្នាក់​ជា​វេទិកា​ផ្សព្វផ្សាយ​សង្គម​ដ៏​សំខាន់​មួយ បន្ទាប់​ពី Facebook, YouTube, WhatsApp, Instagram, TikTok និង Wechat ។ លោក Pavel Durov និង​លោក Nikolai Durov ដែល​ជា​បងប្រុស​បាន​បង្កើត​កម្មវិធី Telegram នៅ​ក្នុង​ឆ្នាំ ២០១៣ ហើយ​បាន​ចាក​ចេញពី​ប្រទេស​រុ​ស្ស៊ី​ក្នុង​ឆ្នាំ ២០១៤ បន្ទាប់​ពី​បដិសេធ​មិន​ធ្វើ​តាម​ការ​ទាមទារ​របស់​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ ដើម្បី​បិទ​សហគមន៍​ប្រឆាំង​លើ​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម VKontakte ដែល​បងប្អូន​ត្រកូល Durov បាន​បង្កើត​ឡើង ហើយ​ក្រោយមក​បាន​លក់​សិទ្ធិ​គ្រប់គ្រង​។ បន្ទាប់​ពី​បាន​ចាក​ចេញពី​ប្រទេស​រុ​ស្ស៊ី លោក Pavel Durov បាន​បញ្ជាក់​ថា គាត់​គ្មាន​គម្រោង​វិល​ត្រឡប់​ទៅ​វិញ​ទេ​។

បើ​យោង​តាម​ប្រភព​ពី​ទស្សនា​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក Forbes គិត​ត្រឹម​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៤ លោក Pavel Durov មានទ្រព្យ​សម្បត្តិ​សរុប​ចំនួន ១៥.៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​ឈរ​នៅ​លេខ​រៀង​ទី ១២២ នៃ​តារាង​មហាសេដ្ឋី​ពិភពលោក​៕ (​ប្រភព ៖ BBC និង Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ