រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចទូរស័ព្ទអ្នកជិតខាង១គ្រឿងបានសម្រេចក៏យកទៅឆាតខ្ចីលុយពីបុរសម្នាក់ទៀតដែលជាមិត្តភក្ដិរបស់ម្ចាស់ទូរស័ព្ទ ខណៈនោះដោយមានការងឿងឆ្ងល់ បុរសជាមិត្តភក្ដិបានសួរនាំម្ចាស់ទូរស័ព្ទដោយផ្ទាល់ទើបដឹងថា ទូរស័ព្ទត្រូវចោរលួចក៏នាំគ្នារៀបអន្ទាក់ណាត់ជួបជនសង្ស័យ រួចក៏ចាប់ខ្លួនប្រគល់ជូននគរបាលចាត់ការតាមច្បាប់តែម្ដង។
ការចាប់ខ្លួនជនសង្ស័័យម្នាក់ខាងលើនោះបានធ្វើឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចមុខវត្តនិងផ្សារជម្ពូវ័ន នៅតាមផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើឈ្មោះ សុខ ណារី អាយុ៣១ឆ្នាំ មុខរបរជាអ្នកលើកអីវ៉ាន់ ស្នាក់នៅបន្ទប់ជួលក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកយុវជនជាម្ចាស់ទូរស័ព្ទឈ្មោះ អិនតុលា អាយុ២២ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ នោះដែរ។
តាមប្រភពពីបុរសជាម្ចាស់ទូរស័ព្ទបានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាពីវេលាយប់ថ្ងៃទី២៧ ខែមិនា គាត់បានដេកនៅក្នុងបន្ទប់ជួលដោយបានទុកទូរស័ព្ទនៅក្បែរខ្លួនហើយក៏ដេកលង់លក់ដោយពុំដឹងខ្លួន លុះព្រឹកឡើង ស្រាប់តែឃើញទ្វារបន្ទប់ចំហហើយបាត់ទូរស័ព្ទ ទើបទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ឲ្យជួយធ្វើការស្រាវជ្រាវ ។
តាមប្រភពដដែលបានបន្តថា លុះដល់វេលាម៉ោង២និង២០នាទីរសៀលថ្ងៃដដែល ជនសង្ស័យយកទូរស័ព្ទដែលលួចពីគាត់បាននោះឆាតទៅខ្ចីលុយរបស់មិត្តភក្តិរបស់គាត់ ដោយមានការងឿងឆ្ងល់ មិត្តភក្ដិរបស់គាត់បានសួរនាំគាត់ ទើបដឹងថា ទូរស័ព្ទរបស់គាត់ត្រូវចោរលួច បន្ទាប់មកគាត់និងមិត្តភក្តិក៏បានរៀបចំអន្ទាក់ណាត់ជួបជនសង្ស័យ ដោយប្រាប់ឲ្យទៅយកលុយ។ ក្រោយមកក៏លេចមុខជនសង្ស័យធ្វើដំណើរទៅកាន់មុខវត្ត និងមុខផ្សារជម្ពូនវ័ន ទើបឃាត់ខ្លួនប្រគល់ជូននគរបាលប៉ុស្តិ៍ចោមចៅទី៣សាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់តែម្ដង៕
ចែករំលែកព័តមាននេះ