ខេត្តស្វាយរៀង ៖ យោងតាមរបាយការណ៍បឋមបានឱ្យដឹងថា សមត្ថកិច្ចបានរកឃើញស្ដ្រីជនជាតិវៀតណាមដែលវិជ្ជមានកូវីដ-១៩នៅក្នុងខេត្តស្វាយរៀង ក្នុងនោះទី១-ឈ្មោះDinh Thi Xuon Nhi អាយុ២៧ឆ្នាំ ជនជាតិវៀតណាម និង២-ឈ្មោះNguyen Ngoc Xia អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មានអាសយដ្ឋាននៅអាផាតមិនStar Diamonds ផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ម្នាក់ស្នាក់នៅបន្ទាប់លេខ៤ជាន់ទី៤ និងម្នាក់ទៀតនៅបន្ទប់លេខ៣ ជាន់ទី៩។
ប្រភពបន្តថា ពួកគាត់ធ្វើដំណើរមកពីភ្នំពេញ នៅថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០២១ តាមTaxi ដែលមានស្លាកលេខៈ2AC4648(កំពង់ស្រាវជ្រាវស្វែងរកម្ចាស់Taxi និងលេខទូរស័ព្ទ) ក្នុងគោលបំណងទៅវៀតណាម តាមច្រកទ្វាព្រំដែនក្រុងបាវិត ប៉ុន្តែមិនអាចទៅបានដោយខ្វះឯកសារ ។ បន្ទាប់មក ពួកគាត់បានត្រឡប់មកវិញ ស្នាក់នៅសណ្ឋាគារហេង ហេង សេរីរ័ត្ន នៅវេលាម៉ោង៨និង៣០នាទីយប់នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២ ១រហូតដល់ថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២១។
នៅថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២១ ពួកគាត់បានជួលម៉ូតូកង់បីទៅច្រកទ្វារព្រំដែន ដើម្បីឆ្លងដែនចំនួន៣ដង ក៏ប៉ុន្តែមន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិបាវិត មិនអនុញ្ញាតឲ្យពួកគាត់ឆ្លងដែន។ លុះដល់ម៉ោង៧យប់ ពួកគាត់បានចាកចេញពីសណ្ឋាគារ គោលបំណងចង់ត្រឡប់ទៅភ្នំពេញវិញ។ ក៏ប៉ុន្តែត្រូវបានមន្ត្រីនគរបាលល្បាត បាន ឃាត់ពួកគាត់ដើម្បីសួរនាំ ទើបដឹងថា ស្ត្រីទាំង២នាក់នេះ ជាករណីសង្ស័យនិងបានជូនដំណឹង ទៅ ក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ក្រុមការងារបានដាក់ឲ្យពួកគាត់នៅចត្តាឡីស័កនិងយកសំណាកនៅថ្ងៃទី១ មីនា ឆ្នាំ២០២១ លទ្ធផលគឺវិជ្ជមាននៅថ្ងៃទី៣ មីនា ឆ្នាំ២០២១។ ក្រុមការងារបានស្រាវប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានរកឃើញអ្នកប៉ះពាល់ចំនួន២៣នាក់ ហើយបានស្វែងរកអ្នកម៉ូតូរ៉ឺម៉កកង់បីទាំង៤ជើងនោះឃើញហើយ និងបានយកទៅធ្វើចត្តាឡីស័កនិងបូឈាមយកទៅពិនិត្យ៕
ចែករំលែកព័តមាននេះ